ខេត្តមណ្ឌលគិរី ៖ ទោះបីជារូបសំណាករបស់លោកតាស្រុះ នៅលើកំពូលភ្នំដោះក្រមុំ ត្រូវបានមនុស្សវិកលចរិតវាយបំបែកខូចខាតមួយផ្នែកកាលអំឡុងឆ្នាំ២០១៦ និងត្រូវបានជួសជុលឡើងវិញក្តី គេសង្កេតឃើញថាប្រជាពលរដ្ឋដែលមានជំនឿលើបារមីលោកយាយ លោកតាភ្នំដោះក្រមុំ នៅតែគោរពនិងបួងសួងសុំសេចក្តីសុខសប្បាយទៅតាមការបន់ស្រន់ រៀងៗខ្លួន ។
ជារៀងរាល់ថ្ងៃ ពិសេសនៅថ្ងៃចុងសប្តាហ៍ឬថ្ងៃបុណ្យទាន ផ្សេងៗគេសង្កេតឃើញថាភ្ញៀវទេសចរ និងអ្នកមានជំនឿតែងតែបណ្តាក់គ្នាមិនដែលដាច់ចូលអុជធូបបន់ស្រន់ប៉ងប្រាថ្នា សូមសេចក្តីសុខពីបារមីលោកយាយផ្លុំ និងលោកតាស្រុះ ។ កត្តាដែលជំរុញឱ្យមនុស្សបន្តគ្នាចូលបន់ស្រន់នោះក៏ដោយសារតែបារមីនៃដួងវិញ្ញាណរបស់លោកយាយ លោកតា នៅតែបានបង្ហាញនូវភាពជាក់ស្តែង ពិសេសគឺការបន់ស្រន់នៅតែផ្តល់ភាពស័ក្តសិទ្ធិមិនខុសគ្នាពីពេលមុនឡើយ ។ ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរជើងភ្នំដោះក្រមុំ បានកោតសរសើរទៅលើបារមីលោកតា និងលោកយាយភ្នំដោះក្រមុំខណៈគេសង្កេតឃើញជារៀងរាល់ថ្ងៃតែងតែមានយានជំនិះបណ្តាក់គ្នាមិនដែលដាច់ចុះឡើងលើភ្នំ ហើយភាគច្រើនគឺសុទ្ធតែមានគ្រឿងសំណែន ទៀនធូបទៅបន់ស្រន់ ។ ជាមួយនេះខ្លះទៀត គឺបន្តថតរូបទុកជាអនុស្សាវរីយ៍ដ្បិតលើកំពូលភ្នំដោះក្រមុំមានទេសភាពស្រស់ស្អាតអាចមើលឃើញពីសំណង់របស់ក្រុងសែនមនោរម្យបានយ៉ាងច្បាស់ បូករួមជាមួយសមុទ្រឈើដ៏ធំល្វឹងល្វើយ ។
ជាក់ស្តែងក្រោយពេលដែលជនមិនស្គាល់មុខលួចវាយបំបែករូបសំណាករបស់លោកតាភ្លាមសមត្ថកិច្ចចាប់បានជនសង្ស័យភ្លាម ខណៈដែលរូបសំណាកត្រូវបានគេវាយបំបែកនៅយប់ស្ងាត់នោះ តែបែរចាប់បាននៅប៉ុន្មានម៉ោងក្រោយកើតហេតុការណ៍ ។
លោកយាយដែលនៅសំអាតអាស្រមលោកតាស្រុះភ្នំដោះក្រមុំ ឱ្យដឹងថា រូបសំណាកត្រូវបានអាជ្ញាធរប្រមូលយកមកផ្គុំគ្នាជាថ្មីមានរូបរាងដដែលមើលសឹងតែមិនដឹងថាផ្គុំឡើងវិញនោះទេ ហើយចំពោះអ្នកមានជំនឿនៅតែបន្តគ្នាចូលបន់ស្រន់គ្រប់ពេលគ្រប់វេលា ព្រោះបារមីលោកយាយ លោកតាភ្នំដោះក្រមុំនៅតែបង្ហាយភាពស័ក្តិសិទ្ធិក្នុងជំនឿរបស់អ្នកបន់ស្រន់ ។
រូបសំណាកលោកតាស្រុះ នៅលើកំពូលភ្នំដោះក្រមុំខេត្តមណ្ឌលគិរី ត្រូវអតីតគ្រូបង្រៀនម្នាក់នៅខេត្តមណ្ឌលគិរីមានជំងឺវិកលចរិតលបលួចវាយបំផ្លាញ កាលពីចុងឆ្នាំ២០១៦ ។ រូបសំណាកត្រូវថ្នាក់ដឹកនាំក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជួសជុលឡើងវិញភ្លាម ក្នុងនោះជនបង្កក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាន និងបញ្ជូនបន្តទៅមណ្ឌលកែប្រែព្រៃស្ពឺនៅជាយរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ