ខេត្តសៀមរាប ៖ បើទោះបីជាស្រុកទេសមានការរីកចម្រើន វិទ្យាសាស្ត្រទំនើបខ្លាំង តែជំនឿនៅតែជារឿងសំខាន់បំផុតក្នុងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរដដែល ។ ពួកគាត់តែងយកជំនឿជាធំ មិនថាអ្នករកស៊ី អ្នកមានវិបត្តិ មុនធ្វើអ្វីមួយ ឬរៀបចំពិធី ផ្សេងៗទេ ដើម្បីជួយដោះស្រាយ ជួយជាកម្លាំងចិត្ត និងធ្វើឱ្យចំពេលាល្អមានសិរីសួស្តី ហើយរាល់ពិធីទាំងនេះធ្វើឡើងក្នុងគោលបំណងសុំសេចក្តីសុខសប្បាយ និងការរំឭកដឹងគុណជាដើម ។
ក្រៅពីនោះទៀត អ្នកស្រុកអង្គរក៏នៅរក្សាទំនៀមបុណ្យប្រពៃណីទៅតាមរដូវកាលយ៉ាងខ្ជាប់ខ្ជួនផងដែរ ដូចជាពិធីបុណ្យឡើងអ្នកតា (ឡើងមាឃ) នាថ្ងៃ៣កើត ខែមាឃ ដែលអ្នកស្រុកក្នុងតំបន់អង្គរបានប្រារព្ធជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខាន។ ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ៣កើតខែមាឃ ប្រជាជនដែលនៅជុំវិញប្រាសាទអង្គរវត្តបានស្រាក់ដៃគ្នារៀបចំពិធីឡើងមាឃ ឬឡើងលោកតារាជ្យទៅតាមទម្លាប់ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន រួមទាំងចូលរួមថែរក្សាជំនឿវប្បធម៌ខ្មែរឱ្យនៅរស់លើទឹកដីដ៏ស័ក្តិសិទ្ធិនេះ ។
ចំពោះការរៀបចំគ្រឿងរណ្តាប់នៅក្នុងពិធីនេះ មានស្លាធម៌ បាយសី ជម៤ គ្រឿងសំណែនមាន់ស្ងោរ ក្បាលជ្រូក បាយសម្ល បង្អែមចម្អាប ផ្លែឈើ ភ្ញីផ្កា ស្រាស ទឹកក្រូចជាដើម ពិសេសគឺនំបញ្ចុកតែម្តងដែលធ្វើសម្រាប់ចែកជូនអ្នកចូលរួមពិសា ។ ពិធីនេះកើតឡើងពីសាមគ្គីភាពរបស់អ្នកស្រុកគ្រប់គ្នាដែលស្រឡាញ់វប្បធម៌ជាតិ និងជំនឿដែលមានតាំងពីបុរាណ។
ក្នុងពិធីនេះដែរ អ្វីដែលពិសេសដើម្បីឱ្យមនុស្ស និងអ្នកតាអាចប្រាស្រ័យទាក់ទងគ្នាបានផង និងញ៉ាំងពិធីឱ្យកាន់តែអធិកអធមសប្បាយរីករាយផង នោះគឺវង់តន្ត្រីបុរាណខ្មែរ និងអ្នកចូលរូបដែលតំណាងឱ្យអ្នកតាថែរក្សានៅទីស័ក្តិសិទ្ធិទាំងនោះ ដែលមិនអាចខ្វះបានឡើយ។ កិច្ចពិធីបានចាប់ផ្តើមដោយការសូត្រនមស្ការ រំឭកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាកហ៊ោ បួងសួងដល់វត្ថុស័ក្តិសិទ្ធិ អញ្ជើញដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដីឱ្យចូលមកកាន់ទីកន្លែងដែលអ្នកភូមិបានរៀបចំជូន។
បន្ទាប់ពីចប់កិច្ចពិធីនេះហើយ ភ្លេងក៏ចាប់ផ្តើមប្រគំអមទៅដោយអ្នកចូលរូប(ស្នងរូបអ្នកតាឬបារមី ផ្សេងៗ) រាំរែកតាមចង្វាក់ភ្លេង។ អ្នកតាដែលចូលមកមានច្រើនរូប អត្តចរិតខុសគ្នា ចំណូលចិត្តក៏ខុសគ្នា ខ្លះស្លូតបូត ខ្លះកាច ខ្លះក្រមិចក្រមើម ហើយតន្ត្រីក៏ត្រូវប្រគំទៅតាមចំណង់ចំណូលចិត្តរបស់អ្នកតាដែលចូលរូបអ្នកស្នងដែរ បើមិនអុីចឹងទេ អ្នកតានឹងខឹង មិនរាំលេង ឬមិនចូលរូបដែលស្នង ។ ពេលអ្នកតាចូលរូបហើយ អ្នកស្រុកបានអញ្ជើញឱ្យអ្នកតាសេពសោយអាហារដែលបានរៀបចំជូន ហើយសួរនាំអ្នកតាពីរឿងរ៉ាវ ផ្សេងៗ ពីការរៀបចំគ្រឿងសំណែន គ្រឿងរណ្តាប់តើរៀបចំត្រឹមត្រូវ ល្មមគ្រប់គ្រាន់ ឬយ៉ាងណា ក្រែងលោមានកំហុសឆ្គងដោយប្រការណាមួយ និងសុំសេចក្តីសុខដល់ខ្លួន និងក្រុមគ្រួសារ។ ឯអ្នកស្រុកដែលមានជំនឿក៏បានសុំឱ្យជួយព្យាបាលជំងឺ សុំទឹកមន្ត និងលាភសក្ការៈផងដែរ ។
បើតាមជំនឿរបស់អ្នកស្រុកដែលប្រារព្ធពិធីនេះ គឺដើម្បីឱ្យអ្នកតាដែលថែរក្សាភូមិស្រុក ឬទីតាំងស័ក្តិសិទ្ធិបានរាំលេងសប្បាយ ព្រមទាំងអរគុណដល់អ្នកតាម្ចាស់ទឹកម្ចាស់ដីដែលបានផ្តល់ទឹកភ្លៀង ធ្វើឱ្យដីមានជីជាតិ មិនឱ្យទឹកទន្លេឡើងខ្លាំង និងធ្វើឱ្យស្រូវគាត់បានភោគផលច្រើន។ មួយវិញទៀត ក៏ធ្វើដើម្បីសុំឱ្យកូនចៅសុខសប្បាយ និងលាបំណន់ដែលបានបែបន់ចំពោះកសិកម្ម ឬការងារអ្វីផ្សេង ក្រែងលោអ្នកតាចាំមាត់ចាំក បើមិនបានធ្វើនាំឱ្យខុសឆ្គងកើតគ្រោះភ័យដល់ខ្លួន និងភូមិស្រុក ។
«អ្នកតា» ចំពោះអ្នកស្រុក គឺជាវត្ថុស័ក្ដិសិទ្ធិបំផុត ព្រោះជាអ្នកថែរក្សាស្រុក អ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយគួរឱ្យគោរពបូជា មិនអាចមើលងាយឬលេងសើចបានទេ ។
តាមការលើកឡើងរបស់លោកសេង ធី នៅសង្កាត់សាលាកន្សែង ខេត្តសៀមរាប ជាអ្នកផ្តួចផ្តើមពិធីឡើងមាឃនៅប្រាសាទអង្គរវត្តមុខផ្លូវចូលទៅតារាជ្យបានប្រាប់ថា ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើតខែមាឃ គាត់និងអ្នកភូមិជុំវិញអង្គរតែងតែជួបជុំប្រមូលប្រាក់គ្នាតិចតួចដើម្បីធ្វើពិធីឡើងមាឃ ឬឡើងតារាជ្យមិនដែលខានទេ ព្រោះនេះជាទម្លាប់ពីបរមបុរាណហើយ ចាស់ៗក៏បានផ្តែផ្តាំកុំឱ្យបំភ្លេចទើបខំធ្វើទោះបីមានលុយ ឬអត់លុយក៏ដោយ ។ ម្យ៉ាងពេលធ្វើហើយ កូនចៅក៏បានសុខសប្បាយ រកស៊ីមានបាន សំខាន់យើងបានថែរក្សាបុណ្យពីបុរាណយើងឱ្យនៅស្ថិតស្ថិរតកូនតចៅ ។ ចំពោះលោក ប្រាសាទអង្គរមិនត្រឹមតែជាកន្លែងសម្រាប់ទេសចរទស្សនាកម្សាន្តទេ តែជាកន្លែងដ៏ស័ក្តិសិទ្ធិក្នុងការគោរពបូជារបស់ប្រជាជនខ្មែរ ហើយលោក និងអ្នកភូមិប្ដេជ្ញាបន្តពិធីនេះជារៀងរហូតឱ្យរស់រវើកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងផ្នត់គំនិតកូនខ្មែរនៅលើទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ ៕
ចែករំលែកព័តមាននេះ