ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម ភ្ញៀវ​ជាតិ​-​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​ខេត្តសៀមរាប​កើនឡើង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨-២៩​និង​៣០ មក​រា ឆ្នាំ​២០១៧ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់​សាសន៍ ដែល​ចូល​មក​ទស្សនា និង​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​

ខេត្តសៀមរាប ៖ ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨-២៩​និង​៣០ មក​រា ឆ្នាំ​២០១៧ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់​សាសន៍ ដែល​ចូល​មក​ទស្សនា និង​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​លើ​ទឹកដី​ខេត្តសៀមរាប​មាន​ច្រើន​កុះករ​ជាង​ឆ្នាំ​មុន​ៗ ។

នៅ​កន្លែង​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម និង​លោកយាយ​ទេព ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មួយ​ចំនួន​ជាប់សែស្រឡាយ​ចិន​មក​ពី​ទី​ជិត​ឆ្ងាយ និង​ភ្ញៀវ​អន្តរជាតិ​បាន​នាំ​គ្នា​យក​ផ្កា​ភ្ញី​ធូប​ទៀន​មក​គោរព​បូជា​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ដល់​ក្រុម​គ្រួសារ ឬ​សាច់ញាតិ នៅ​ទីនោះ ។

នៅ​តាម​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ ប្រវត្តិសាស្ត្រ​ដែល​មាន​ដើមឈើ​ធំ​ៗ​ផ្ដល់​ម្លប់​ត្រឈឹងត្រឈៃ​សម្រាប់​បងប្អូន​អង្គុយ​លេង​ជា​ពិសេស​នៅ​មុខ​ប្រាង្គ​ប្រាសាទ​អង្គរ​ដែល​ជា​ដួង​ព្រលឹង​ជាតិខ្មែរ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ច្រើន​ជាងគេ​ក្នុង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ បន្ទាប់​ពី​ពួក​គាត់​នាំ​គ្នា​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ដ៏​ល្អ​ឯក​ដែល​ដូនតា​ខ្មែរ​បានកសាង​ឡើង​តាំងពី​សម័យ​បុរាណកាល​មក ។ ពួក​គាត់​ក៏​មិន​ភ្លេច​នាំ​គ្នា​ទៅ​ទស្សនា​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ចំនួន​នៅ​ក្នុងភូមិ​វប្បធម៌​ដែល​ជា​កន្លែង​ប្រមូលផ្តុំ និង​ចងក្រង​ប្រវត្តិសាស្ត្រ​នៃ​បុព្វបុរស​ខ្មែរ​ដែល​ជា​វីរជន​កាលពី​សម័យ​សង្គ្រាម និង​ដឹកនាំ​កសាង​ប្រទេស​ឱ្យ​មានការ​រីក​ចម្រើន​នា​សម័យ​អង្គរ​នោះ​ទេ ។

ក្នុង​សម័យ​ទំនើប​នេះ យើង​ឃើញ​មាន​បងប្អូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ តាម​ឧទ្ធម្ភាគចក្រ និង​មាន​រថយន្ត​ទំនើប​ៗ ដើម្បី​ចូល​មក​ទស្សនា​តាម​ប្រាង្គ​ប្រាសាទ​នានា​នូវ​ទេសភាព​នៃ​សម្រស់​ធម្មជាតិ​ពិត​ៗ​នៃ​ទីក្រុង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឱ្យ​ខេត្ត​សៀម​រាប មានការ​អភិវឌ្ឍ​រីក​ចម្រើន​គ្រប់​វិស័យ សំខាន់​គឺ​វិស័យ​ទេសចរណ៍ ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ រូប​វ័​ន្ត មាន​ប្រព័ន្ធ​ផ្លូវថ្នល់ ទឹក​ស្អាត អគ្គិសនី សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន ផ្សារ​រាត្រី ផ្សារ​ទំនើប គ្រប់​ទាំង​២៥​ខេត្ត​-​រាជធានី ជា​ពិសេស​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ កាន់តែ​ល្អ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​លេង​ម្ដង​ហើយ​ចង់​មក​លេង​ម្ដងទៀត​។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃនេះ​ដែរ អាជ្ញាធរ​ខេត្តសៀមរាប​បាន​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ឱ្យ​ក្លាយទៅជា​ទីក្រុង​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចូល​មក​លេង​បាន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​។​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ពង្រីក​ផ្លូវ និង​ស្ពាន ក្នុង​ក្រុង ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពេញចិត្ត​នាំ​គ្នា​ចូល​មក​លេង​យ៉ាងច្រើន​កុះករ​ដូច​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នេះ ដែល​ជា​កត្តា​ជួយ​លើកកម្ពស់​ជីវភាព​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ ។

បើ​យោង​តាម​របាយការណ៍​របស់​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ​ឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​កម្សាន្ត​តាម​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​នៅ​តាម​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​នានា​ក្នុង​ខេត្តសៀមរាប សរុប​មាន​ចំនួន​៨០.៧២៤​នាក់ កើនឡើង​៦,៣៦% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​៧៥.៨៩០​នាក់​។ ចំពោះ​ភ្ញៀវ​ជាតិ​ដែល​ចូល​មក​ទស្សនា​ក្នុង​ខេត្តសៀមរាប​មាន​ចំនួន​៥​ម៉ឺន​នាក់ កើនឡើង​៤,១៦% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​មាន​ចំនួន​៤៨.០០០​នាក់ ។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន​៣០.៧២៤​នាក់ កើនឡើង​១០,១៦%​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​២៧.៨៩០​នាក់ ៕