ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ចូល​ឆ្នាំ​ចិន​រយៈពេល​3​ថ្ងៃ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ខេត្តព្រះវិហារ​កើនឡើង

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ យោង​តាម​ការ​បង្ហាញ​តួលេខ​ភ្ញៀវ​ទេសចរ​ជាតិ​ក៏​ដូច​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ចំនួន​៤​កន្លែង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន

ខេត្តព្រះវិហារ ៖ យោង​តាម​ការ​បង្ហាញ​តួលេខ​ភ្ញៀវ​ទេសចរ​ជាតិ​ក៏​ដូច​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ចំនួន​៤​កន្លែង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឆ្នាំ​២០១៧ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ខ្មែរ​កាត់​ចិន​មានការ​កើនឡើង​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ ។

លោក ហង្ស វ​ឌ្ឍី​ន មន្ត្រី​ស្ថិតិ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​៣១ មក​រា បាន​ឲ្យ​ដឹង​ថា នៅ​តាម​តំបន់​រមណីយដ្ឋាន​ធំ​ៗ​ចំនួន​៤​កន្លែង​ដូច​ជា រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទ​កោះកែរ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ និង រមណីយដ្ឋាន​ធម្ម​ជាតិ​ទឹកជ្រោះ​ព្រះ​និមិត្ត ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​របស់​ខេត្តព្រះវិហារ បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​យា​៉​ង​ច្រើន​កុះករ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​២០១៧​នេះ ប៉ុន្តែ​តំបន់​ខ្លះ​មានការ​ថយ​ចុះ​តិចតួចដែរ ។

លោក​បន្ត​ថា តាម​ការ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ពី​គ្រប់​ទិស​ទី ក្នុង​ប្រទេស កម្ពុជា មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នៅ​ខេត្តព្រះវិហារ​នេះ ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ជាតិខ្មែរ​កាត់​ចិន​តែ​ម្តង ។ លោក​បន្ថែម​ថា ចំពោះ​សេវាកម្ម​ម្ហូបអាហារ កន្លែង​ស្នាក់ សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះ​វិហារ ក៏​នៅ​មាន​កម្រិត​នៅឡើយ ដោយ​ភ្ញៀវ​ខ្លះ បាន​វេច​ខ្ចប់ ម្ហូបអាហារ នំចំណី​ទៅ​ដោយ​ខ្លួន​ឯង ។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ខាងលើ​រួចរាល់ ភ្ញៀវ​ទេសចរ​មួយ​ចំនួន ខ្លះ​ត្រឡប់​មក​ស្នាក់​នៅ​ក្រុង​ព្រះ​វិហារ ខ្លះ​ទៀត​បន្តដំណើរ​ទៅ​កាន់​ខេត្ត​សៀម​រាប ឬ​ខេត្តស្ទឹងត្រែង ព្រោះ​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ ទៅ​កាន់​តំបន់​រមណីយដ្ឋាន​នីមួយ​ៗ​របស់​ខេត្តព្រះវិហារ ឬ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្ត​ព្រះវិហារ មាន​ភាព​ងាយស្រួល​ជាទី​បំផុត ។

ជាមួយ​គ្នា​នេះ​ដែរ លោក សុំ លំអង ជា​ភ្ញៀវ​ទេសចរ​មក​ពី​រាជធានី​ភ្នំពេញ ដែល​បាន មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​ព្រះ​និមិត្ត​របស់​ខេត្ត ព្រះ​វិហារ​ជាប់​ព្រំដែន​កម្ពុជា ឡាវ បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​ដោយ​ឃើញ​នូវ​ទេសភាព​ធម្មជាតិ ស្រស់បំព្រង គួរ​ឲ្យ​គយគន់ ។ លោក​ក៏​បាន​ស្នើ​ដល់ មន្ទីរ​ទេសចរណ៍​ខេត្ត​គួរតែ​ពង្រីក​នូវ​សេវា​កម្ម​បម្រើ ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត ខណៈ​នៅ​តំបន់​នោះ ពុំ​ទាន់​មាន​ភោជនីយដ្ឋាន ឬ​អាហារ​នៅឡើយ ។ ភ្ញៀវ​ទេសចរ​ដដែល​បាន​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត ត្រូវធ្វើ​យ៉ាងណា​រួម​គ្នា​ថែរក្សា​អនាម័យ​ទាំងអស់​គ្នា​នៅ​គ្រប់​តំបន់​រមណីយដ្ឋាន ដូច​ជា​ការ​ចោល​សំរាម​ជាដើម ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​សោភ័ណភាព រមណីយដ្ឋាន និង​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ​-​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​កាន់តែ​ច្រើន​កុះករ ។

យោង​តាម​របាយការណ៍​រយៈពេល​៣​ថ្ងៃ របស់​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បង្ហាញ​ថា តួលេខ​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២.៤៦៤​នាក់ កើនឡើង​៨០,៥១% ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៣៤៣​នាក់ ថយ​ចុះ​៨% តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ ភ្ញៀវ​ជាតិ​មាន​ចំនួន​២.៣៦៧​នាក់ កើនឡើង​១១៥,១១% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣៧៧​នាក់ កើនឡើង​៨,៩៥% តំបន់​រម​នី​យ​ដ្ឋា​ន​ប្រាសាទ​ព្រះខ័ន​​កំពង់​ស្វាយ ភ្ញៀវ​ជាតិ​មាន​ចំនួន​៧១​នាក់ ថយ​ចុះ​៦២% ភ្ញៀវ​អន្តរជាតិ​២​នាក់ ថយ​ចុះ​៨១% និង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​ព្រះ​និមិត្ត ភ្ញៀវ​ជាតិ មាន​ចំនួន​៣.៩៨៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​១៣​នាក់ កើនឡើង​១០០% បើ​ធៀប​នឹង​ឱកាស​បុណ្យចូលឆ្នាំ​ចិន កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ ៕