ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​កូរ៉េ​ប្រើ​ឧបករណ៍​ទំនើបសម្រាប់​ការ​ជួសជុល​ប្រាសាទព្រះពិធូរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​គម្រោង​អភិរក្ស​ប្រាសាទព្រះពិធូរ KCHF(Korean Cultural Heritage Foundation) របស់​សាធារណរដ្ឋ​កូរ៉េ​នឹង​ប្រើប្រាស់​ឧបករណ៍​ទំនើប​មួយ​ចំនួន ដើម្បី​វាស់​ស្ទង់​រចនាសម្ព័ន្ធ​ប្រាសាទ​ក្រោម

ខេត្តសៀមរាប ៖ ក្រុម​គម្រោង​អភិរក្ស​ប្រាសាទព្រះពិធូរ KCHF(Korean Cultural Heritage Foundation) របស់​សាធារណរដ្ឋ​កូរ៉េ​នឹង​ប្រើប្រាស់​ឧបករណ៍​ទំនើប​មួយ​ចំនួន ដើម្បី​វាស់​ស្ទង់​រចនាសម្ព័ន្ធ​ប្រាសាទ​ក្រោម​ដី​ក្នុង​ដំណើរការ​អភិរក្ស​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​នា​ពេល​ខាង​មុខ ។ មុន​នឹង​ឈាន​ដល់​ការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ជា​ផ្លូវការ KCHF បាន​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​ចំនួន​១០​រូប ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ចេះ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ។

លោក Kim Jiseo អ្នកគ្រប់គ្រង​គម្រោង​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧​ថា ការ​ប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់​រចនាសម្ព័ន្ធ​ប្រាសាទ​ក្រោម​ដី​នេះ គឺ​ដើម្បី​សិក្សា​អំពី​ស្រទាប់ដី និង​រចនាសម្ព័ន្ធ​ក្រោម​ដី​ដែល​ភ្នែក​ធម្មតា​មិន​អាច​មើលឃើញ ។ «​ឧបករណ៍​នេះ​មាន​ភាព​សុក្រឹត ហើយ​វា​មិន​បង្ក​បញ្ហា​ណាមួយ​ដល់​រចនាសម្ព័ន្ធ​របស់​ប្រាសាទ តែ​វា​អាច​ផ្តល់​ទិន្នន័យ​ដល់​យើង​ក្នុង​ការងារ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​សម្រាប់​ការងារ​ជួសជុល ។ បើ​ទិន្នន័យ​បង្ហាញ​ថា ចំណុច​ណាមួយ​មាន​បញ្ហា យើង​នឹង​ធ្វើ​កំណាយ តែ​នឹង​ធ្វើ​ទៅ​លើ​ចំណុច​នោះ​ប៉ុណ្ណោះ មិន​ចាំបាច់​ធ្វើ​ទូទៅ​ទេ​» ។

លោក Jiseo បន្ថែម​ថា ទី​នេះ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ការ​ស្រាវជ្រាវ អភិរក្ស​ជួសជុល​គឺ​ត្រូវ​ប្រាកដ​ថា បាន​លើក​តម្លៃ​បេតិកភណ្ឌ និង​មិន​ប៉ះពាល់​ដល់​ផ្នែក​បុរាណវិទ្យា ។ ឧបករណ៍​ទាំងនេះ​ត្រូវ​បាន​អនុញ្ញាត​ដោយ​អ្នកជំនាញ​នៃ​អាយ​ស៊ី​ស៊ី​អង្គរ ហើយ​យើង​បណ្តុះបណ្តាល​ឲ្យ​អ្នកជំនាញ​ខ្មែរ​អាច​ប្រើប្រាស់​បាន​ដោយ​ខ្លួនឯង​ថែម​ទៀត ដើម្បី​បន្ថែម​ជំនាញ​ដល់​មន្ត្រី​បុគ្គលិក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

លោក ស្រ៊ុ​ន តិច បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បញ្ជាក់​ថា សម្ភារ​ដែល​ប្រើប្រាស់​នេះ​អាច​ជួយ​ការងារ​ច្រើន​ដល់​អ្នក​បុរាណវិទ្យា​មុន​នឹង​ឈាន​ដល់​ការ​បើក​កំណាយ​កន្លែង​ណាមួយ ។ ការ​ធ្វើ​កំណាយ​ពិតជា​មាន​សារសំខាន់ សម្រាប់​ការងារ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​ផ្នែក​បុរាណវិទ្យា​មុន​នឹង​ចាប់ផ្តើម​ជួសជុល ។ ឧបករណ៍​នេះ​នឹង​ជួយ​ប្រាប់​យើង​នូវ​ព័ត៌មាន​ជា​ច្រើន​ដែល​កប់​ក្នុង​ដី តែបើ​រចនាសម្ព័ន្ធ​ណាមួយ​ដែល​មាន​បញ្ហា យើង​ត្រូវ​តែ​បើក​កំណាយ​ដដែល ដើម្បី​ពិនិត្យ​ឲ្យ​ច្បាស់លាស់ និង​សិក្សា​ពី​មូលហេតុ ផ្សេង​ៗ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ជាដើម ។

ទន្ទឹម​នឹង​ការងារ​អភិរក្ស​ជួសជុល​គម្រោង KCHF ក៏​ដូច​ជា​គម្រោង​អន្តរជាតិ ផ្សេង​ៗ​ទៀត​ដែរ តែង​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​ខ្មែរ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹងសមត្ថភាព ។ តាម​រយៈ​សកម្មភាព​នេះ អ្នកជំនាញ​ខ្មែរ​បាន​កើនឡើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រហូត​អាច​កាន់​ការងារ​ស្រាវជ្រាវ អភិរក្ស​ជួសជុល ដោយ​ខ្លួនឯង​បាន​ទៀត​ផង ។ កាលពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​កន្លង​ទៅ ថ្មី​ៗ​នេះ សហ​ប្រធាន​នៃ​ប្រទេស​បារាំង ក៏​ដូច​ជា​តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា​បាន​កោតសរសើរ​ដល់​មន្ត្រី​ជំនាញ​វ័យក្មេង​ជា​ច្រើន​រូប​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​កាន់ការ​ងារ​បាន​ដោយ​ខ្លួនឯង ៕