រាជធានីភ្នំពេញ ៖ ចាប់តាំងពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបង្កើតឡើងក្នុងអំឡុងចុងឆ្នាំ២០១២ រហូតមកដល់ពេលនេះ គឺមានរយៈពេល៤ឆ្នាំមកហើយ និងបានចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនប្រកាន់និន្នាការនយោបាយ សរុបជិត២០ម៉ឺននាក់ ព្រមទាំងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀតផងដែរ ។
កាលពីថ្ងៃទី២១ មករា កន្លងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក៏បានរៀបចំពិធីគម្រប់ខួប៤ឆ្នាំ និងមានការចូលរួមពីភ្ញៀវកិត្តិយស សមាជិក សមាជិកា សមាគមប្រមាណ៤ពាន់នាក់ផងដែរ ។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាន់ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានឱ្យដឹងថា សមាគមនេះបង្កើតឡើង ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមមូលដ្ឋាន ក្នុងគោលបំណងចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីឱ្យផ្ដល់សុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បូរ ឬនិន្នាការនយោបាយឡើយ ។
ម្យ៉ាងទៀត សមាគមនេះ បង្កើតឡើង ក៏ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេស តាមទីជនបទដាច់ស្រយាលនានា ។
លោកបន្តថា លទ្ធផលក្នុងរយៈពេល៤ឆ្នាំ សមាគមបានចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃបានជាច្រើនជាក់ស្ដែងក្នុងឆ្នាំ២០១៣ សមាគមបានចុះពិនិត្យនិងជំងឺជូនប្រជាលរដ្ឋចំនួន៦៦.៧៧៣នាក៉ឆ្នាំ ២០១៤ បានចំនួន ២០.២៦៤នាក់ ឆ្នាំ ២០១៥បានចំនួន ៣៦.៨៨៩នាក់ និងឆ្នាំ ២០១៦កន្លងទៅថ្មីនេះ សមាគមបានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួន ៥១.០៥៨នាក់ សរុបទាំងអស់ចំនួន១៧៣.៨២៦នាក់រយៈពេល៤ឆ្នាំ ។
ចែករំលែកព័តមាននេះ