ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ចំបើង ឬ​បុណ្យដារលាន ឬ​ពិធីបុណ្យ​ក​សិ​ទេសចរណ៍​នៅ​ខេត្ដសៀមរាប

7 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ ពិធីបុណ្យ​ចំបើង ឬ​បុណ្យដារលាន ឬ​ពិធីបុណ្យ​ក​សិ​ទេសចរណ៍ ត្រូវ​ក្រុមហ៊ុន​កូរ៉េ រៀបចំ​ជា​លើក​ដំបូង​នៅ​ខេត្ដសៀមរាប ។ លោកប៉ា​ក សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​គឹ​ម ឆៃ​ហៀ​ង

ខេត្ដសៀមរាប ៖ ពិធីបុណ្យ​ចំបើង ឬ​បុណ្យដារលាន ឬ​ពិធីបុណ្យ​ក​សិ​ទេសចរណ៍ ត្រូវ​ក្រុមហ៊ុន​កូរ៉េ រៀបចំ​ជា​លើក​ដំបូង​នៅ​ខេត្ដសៀមរាប ។ លោកប៉ា​ក សុខុម រដ្ឋលេខាធិ​ការ​ក្រសួងទេសចរណ៍ លោក​គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ខេត្តសៀមរាប នាយក​ទីភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ រួម​ទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង​សង្កាត់ សិស្ស និង​មហាជន​បាន​ចូលរួម​ក្នុង​ពិធី​នោះ​រយៈពេល​៣​ថ្ងៃ ចាប់ពី​រសៀល​ថ្ងៃ​ទី​២០​ដល់ទី​២២ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​ផ្ទៃដី​៤​ហិ​កតា ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ការ​រៀបចំ​ពិធីបុណ្យ​ចំបើង ឬ​បុណ្យដារលាន​ឬ​ពិធីបុណ្យ​ក​សិ​ទេសចរណ៍​នេះ​ឡើង ក្រោម​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ស្ថានទូត​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត ។

ពិធីបុណ្យ​ចំបើង​ដែល​ប្រជាជន​ខ្មែរ​និយម​ធ្វើ​នៅ​តាម​ជនបទ តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្រោយ​ពី​ការ​ប្រមូល​ភោគផល​ស្រូវ រួចរាល់​នៅ​អំឡុង​ខែមករា កុម្ភៈ ឬ​ខែមីនា នៅ​តាម​ភូមិ នីមួយ​ៗ ដើម្បី​រំលឹក​នឹក​គុណ​ដល់​ព្រះធរណី និង​ព្រះ​គង្គា ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវ ដែល​ខ្មែរ​យើង​តែង​ហៅ​ថា «​ពិធី​បុណ្យដារលាន​» ។

ពិធីបុណ្យ​នេះ​ធ្វើ​ឡើង  ដើម្បី​សម្សា​ន្ដ​សប្បាយ​ក្រោយ​ពី​នឿយហត់​ក្នុង​ការ​បង្កបង្កើន​ផល និង​ការ​បង្ហាញ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ភោគផល​របស់​ពួក​គេ​ដែល​ទទួល​បាន​ប្រចាំឆ្នាំ ព្រមទាំង​ការ​ជួបជុំ​បងប្អូន​ជិត​ឆ្ងាយ ។ ពិធីបុណ្យ​នេះ​ភាគច្រើន​រៀបចំ​ក្នុង​រយៈពេល​២​ថ្ងៃ ទៅ​តាម​ប្រពៃណី ដោយ​មាន​ល្ខោន យីកេ ចាប៉ី​ដង​វែង លេង​កំដរ​នៅ​ពេល​រាត្រី ។ លុះ​ព្រឹក​ឡើង​ធ្វើ​ពិធីរាប់បាត្រ ដារ​ឆ្លង ហើយ​នៅ​ពេល​ថ្ងៃត្រង់ អ្នក​ភូមិ​យក​ស្រូវ​តាម​សទ្ធា​ទៅ​ចាក់ «​ធារ​» នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ ឬ​នៅ​សាលា​បុណ្យ ហើយ​ស្រូវ​ទាំងនោះ​នឹង​ត្រូវ​យក​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម​ដែល​មានការ​ខ្វះខាត ។

ចំពោះ​ការ​រៀបចំ​ពិធីបុណ្យ​ចំបើង ឬ​បុណ្យ​ក​សិ​ទេសចរណ៍​នៅ​លើ​ទឹកដី​ខេត្ដ​ត្រ​សៀមរាប​នេះ មាន​រចនា​តាំង​បង្ហាញ​ៗ​រូប​សត្វ​ដ៏​កម្រ​ជិត​ផុត​ពូជ​ពី​ភព​ផែនដី គ្រឿងសង្ហារិម​ដែល​ធ្វើ​ឡើង​ពី​ចំបើង ព្រមទាំង​ភោគផល​កសិកម្ម​ខ្មែរ ។

ការ​ប្រារព្ធ​ពិធីបុណ្យ​ចំបើង​នេះ​បាន​រួមចំណែក​ថែរក្សា​ទំនៀមទម្លាប់ ប្រពៃណី​របស់​ជនជាតិ​ខ្មែរ ដែល​បន្សល់​ទុក​តាំងពី​សម័យ​បុរាណ ព្រមទាំង​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ជ្រួតជ្រាប​អំពី​វប្បធម៌​ដ៏​សម្បូរ​បែប ដ៏​ល្អ​ផូរផង់ ប្រកបដោយ​គុណ​តម្លៃ​យ៉ាង​ពិសេស​អស្ចារ្យ ។ ម្យ៉ាងទៀត​នេះ វា​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​នៅ​លើ​ពិភព​លោក​​ឱ្យទៅ​ទស្សនា​កម្សាន្ត ក្រៅពី​ទស្សនា​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​វប្បធម៌ និង​ធម៌​ជាតិ ។ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ កាន់តែ​យល់​ដឹង​បន្ថែម​អំពី​វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ក៏​ដូច​ជា​ចូលរួម​លើក​ស្ទួយ​វប្បធម៌​ដ៏​ប្រពៃ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស សម្រាប់​អ្នក​ជំនាន់​ក្រោយ​បាន​សិក្សា​ឈ្វេងយល់ និង​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ។

បុណ្យ​ចំបើង ធ្វើ​ឡើងជា​លើក​ទី​៣​ហើយ ដោយ​ក្រុមហ៊ុន KOTRA របស់​កូរ៉េ សហការ​រៀបចំ​ឡើង ។ លើក​ទី​១ និង​ទី​២ ធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ និង​លើក​ទី​៣ ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​រសៀល​ថ្ងៃ​ទី​២០​ដល់ ថ្ងៃ​ទី​២២ ខែមករា​ឆ្នាំ​២០១៧ នៅ​លើ​ទឹកដី​ខេត្តសៀមរាប ៕