ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ស្ត្រី​ប្តី​ស្លា.ប់​ចោល​២៣​ឆ្នាំ​ ចំណែ​កកូន​ស្រី​៤​នាក់​ធ្លាក់ខ្លួន​ពិការ​គួរ​ឲ្យ​សង្វេគ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ក្រុម​គ្រួសារ​អភ័ព្វ​ត្រូវ​ប្តី​ស្លា.ប់​ចោល​២៣​ឆ្នាំ​មក​ហើយ ចំណែក​កូនស្រី​៤​នាក់ បែរជា​ធ្លាក់ខ្លួន​មាន​ជំងឺ​ដើរ​មិន​រួច​ម្តងម្នាក់​ៗ ហើយ​ត្រូវ​បាន​ប្តី​បោះបង់​ចោល​បន្សល់​ទុក​កូនប្រុស​ស្រី

ខេត្តកំពង់ធំ ៖ ក្រុម​គ្រួសារ​អភ័ព្វ​ត្រូវ​ប្តី​ស្លាប់​ចោល​២៣​ឆ្នាំ​មក​ហើយ ចំណែក​កូនស្រី​៤​នាក់ បែរជា​ធ្លាក់ខ្លួន​មាន​ជំងឺ​ដើរ​មិន​រួច​ម្តងម្នាក់​ៗ ហើយ​ត្រូវ​បាន​ប្តី​បោះបង់​ចោល​បន្សល់​ទុក​កូនប្រុស​ស្រី និង​ខ្លួន​ពិការ​រស់​យ៉ាង​លំបាក​វេទនា​ជាមួយ​ម្តាយ​ជា​ស្រី​មេម៉ាយ និង​ជីដូន​ចាស់ជរា​។ ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ពី​អ្នក​មីង​ដែល​ជា​ស្ត្រី​អភ័ព្វ ឈ្មោះ រុន ផុ​ន អាយុ​៦១​ឆ្នាំ​រស់នៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​លើកដៃ​សំពះ​រៀបរាប់​ប្រាប់ កោះសន្តិភាព ទាំង​ទឹកមុខ​ក្រៀមក្រំ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៧ នេះ​ថា អ្នក​មីង​បាន​រៀប​ការ​ជាមួយនឹង​ស្វាមី​ឈ្មោះ ហ៊ឹ​ម សុខ អាយុ​៦៦​ឆ្នាំ​ក្នុង​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​អ្នក​មីង​មានកូន​ប្រុស​ស្រី​ចំនួន​៩​នាក់ ស្រី​៧​នាក់ និង​ប្រុស​២​នាក់ លុះដល់​ឆ្នាំ​១៩៨៤ ប្តី​អ្នក​មីង​ក៏​ទទួលមរណៈភាព​ចោល​ទៅ អ្នក​មីង​រស់នៅ​ជាមួយ​កូន​ៗ​ទាំង​៩​នាក់ និង​ម្តាយ​ចាស់ជរា​ឈ្មោះ អៃ មឿ​ន អាយុ​៨១​ឆ្នាំ ហើយ​កូនប្រុស​ស្រី​ក៏​បាន​រៀប​ការ​អស់​៧​នាក់ នៅ​សល់​កូនស្រី​២​នាក់​មិន​ទាន់​រៀប​ការ​។

ចំណុច​ដែល​គួរ​ឲ្យ​អាណោចអាធ័ម​នោះ ក្នុង​ចំណោម​កូនស្រី​ទាំង​៧​អ្នក របស់​គាត់​គឺ​មាន​ចំនួន​៤​នាក់​ធ្លាក់ខ្លួន​មាន​ជំងឺ​ទន់ដៃទន់ជើង ដើរ​លែង​រួច​បាន​តែ​រំកិល​គូថ​ឡើង​ជិះរទេះ​រុញ​ទាំង​លំបាក ហើយ​ក៏​ត្រូវ​ប្តី​របស់​ពួក​គេ​ដែល​ត្រូវជា​កូនប្រសារ​របស់​គាត់​គេ​លែងលះ​ចោល​អស់​ចំនួន​៣​នាក់ បន្សល់​ទុក​កូន​ៗ​នៅ​ជាមួយ​រូប​គាត់​។ អ្នក​មីង​បន្ត​ថា កូនស្រី​ៗ​របស់​គាត់​ទាំង​៤​នាក់​នេះ​មិនមែន​ពិការ​តាំងពី​កើតមក​ឬ​ក៏​ពី​តូច​ៗ​នោះ​ទេ គឺ​ពួក​នាង​ៗ​មាន​ជំងឺ​នៅ​ក្នុង​អាយុ​របស់​ពួក​គេ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ កូន​ៗ​ពិការ​ទាំង​៤​រួម​មាន ទី​១.​ឈ្មោះ សុខ មុំ អាយុ​៤០​ឆ្នាំ រៀប​ការ​រួច​មានកូន​ស្រី​ម្នាក់​ត្រូវ​ប្តី​លែង​ចោល ទើបតែ​ស្លាប់​ជាង​២០​ថ្ងៃនេះ ទី​២. ឈ្មោះ សុខ រ៉ូ អាយុ​៣៨​ឆ្នាំ រៀប​ការ​រួច​មានកូន​២​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់ ទី​៣.​សុខ ភឿន អាយុ​៣០​ឆ្នាំ រៀប​ការ​រួច​មាន​ប្រុស​ម្នាក់ និង​ទី​៤.​ឈ្មោះ សុខ លី​ដា អាយុ​២៧​ឆ្នាំ មិន​ទាន់​រៀប​ការ​។

នៅ​ពេល​ដែល​រៀបរាប់​បាន​បន្តិច​អ្នក​មីង​អួល​ដើម​ក​បង្ហូរទឹកភ្នែក​នឹក​តូចចិត្ត​នឹង​វាសនា​មិន​គួរ​ណា កើតមក​ជា​មនុស្ស​នឹង​គេ​ដែរ បែរជា​ជួប​ប្រទះ​នូវ​រឿង​អកុសល​យ៉ាង​ដូច្នេះ​សោះ​។ ចង់​តែ​ដាក់​ថ្នាំ​បំពុល​សម្លាប់​ខ្លួន​ដោយសារ​តែ​ទទួល​បន្ទុក​មើលថែ​ជំងឺ​កូន​ៗ​ទាំង​៤ និង​មើលថែ​ម្តាយ​ចាស់​នេះ​ដីស្រែ គោក្របី​ត្រូវ​បាន​លក់​អស់​គ្មាន​សល់ យក​ប្រាក់​មក​មើលជំងឺ​កូន​ៗ​ថា នឹង​បានជា​សះស្បើយ តែ​មើល​មិន​ជល់​ទាល់តែ​សោះ ចុង​ក្រោយ​ប្រាក់​ក៏​អស់ ជំពាក់​បំណុល​គេ ហើយ​កូន​ក៏​ពិការ​។

ដោយសារ​ក្តី​អស់សង្ឃឹម​ក្នុង​ជិ​វិត អ្នក​មីង​មាន​តែ​ម្រាមដៃ​១០​លើក​ឡើង​ប្រណម សូម​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស សម្តេច ឯកឧត្តម លោក​ជំទាវ មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារៈ​ដល់​ក្រុម​គ្រួសារ​អ្នក​មីង​ផង ដើម្បី​ឲ្យ​អ្នក​មីង​បាន​ចិញ្ចឹម​កូន​ៗ​អភ័ព្វ​ទាំង​៤ និង​ម្តាយ​ជា​រា​បន្ត​ទៅ​ទៀត​ផង ពីព្រោះ​រហូត​មក​ដល់​ពេល​នេះ​អ្នក​មីង​អស់​លទ្ធភាព​ហើយ ពីព្រោះ​តែ​កេរ្តិ៍​ទាំង​ប៉ុន្មាន ត្រូវ​បាន​លក់​អស់​ដើម្បី​មើលជំងឺ​កូន​៕
    ​