ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​ទ្រទ្រង់​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​85%​រំពឹង​លើ​សប្បុរសជន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រតិភូ​មូលនិធិ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​អង្គការ​ទ្រទ្រង់​កុមារ​កុលបុត្រ ដឹកនាំ​ដោយ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត

ខេត្តសៀមរាប ៖ ប្រតិភូ​មូលនិធិ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​អង្គការ​ទ្រទ្រង់​កុមារ​កុលបុត្រ ដឹកនាំ​ដោយ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​អញ្ជើញ​ធ្វើការ​កៀងគរ​មូលនិធិ នា​ថ្ងៃ​ទី​១៩ ខែមករា នៅ​តាម​បណ្តា​មន្ទីរ និង​អង្គភាព​រដ្ឋបាល​ខេត្ត ។

ក្នុង​ការ​កៀងគរ​ប្រមូល​មូលនិធិ​ដើម្បី​ទ្រទ្រង់ក្នុង​កិច្ច​ដំណើរការ​ព្យាបាល​ជំងឺ​កុមារ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នា​ឱកាស​នោះ លោក​ជំទាវ ហ៊ុនស៊ី​ណាត បាន​ធ្វើការ​បញ្ជាក់​ជូន​ដល់​អស់លោកលោកស្រី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ដោយលើក​ឡើង​ថា ក្នុង​រយៈពេល​កន្លង​មក​កុមារនិង​ស្ត្រី​កម្ពុជា​រាប់​ម៉ឺន​នាក់​ដែល​មាន​ជំងឺ​និង​សម្រាលកូន ត្រូវ​បាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជួយ​ព្យាបាល​និង​ជួយ​សង្គ្រោះ​ជីវិត​ទាំងអស់​ដោយ​ឥត​គិតថ្លៃ មិន​គិត​អំពី​វណ្ណៈ ពណ៌​សម្បុរ​នោះ​ឡើយ ។

លោក​ជំទាវ​បន្ត​ថា ពួក​គេ​ជា​ព្រះ​នាង​ម្ចាស់និង​ជា​ព្រះ​អង្គ​ម្ចាស់​របស់​អាណាចក្រ​ពិភពលោកនៃ​ព្រះ​នាង​គន្ធ​បុប្ផា ដែល​ជា​ព្រះរាជាណាចក្រ​ប្រកបដោយ​មនុស្សធម៌ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រសិទ្ធ​នាម​«​ជា​គ្រូពេទ្យ​ទេវតា​» ដោយ​មាន​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ប្រធាន​ស្ថា​និក និង​ជា​ប្រធាន​មូលនិធិ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ។

លោក​ជំទាវ​បន្ត​ថា ដោយ​ទឹកចិត្ត​ស្រឡាញ់​អាណិត​ចំពោះ​កុមារ​កម្ពុជា លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner បាន​ខិតខំ​ពុះពារ​ក្នុង​ការ​ស្វែងរក​មូលនិធិ​នៅ​ក្រៅប្រទេស ដោយ​បាន​បញ្ចេញ​នូវ​ស្នាដៃ​នៃ​ឧបករណ៍​តន្ត្រី បេ​ត​តូ សេល​ឡូ ដែល​ជា​មិត្តសម្លាញ់​របស់​លោក ក៏​បាន​រួមចំណែក​ជួយ​ស្វែងរក​ថវិកា​សប្បុរសធម៌​នេះ ដើម្បី​រក​មូលនិធិ​ដើម្បី​ទ្រទ្រង់​សកម្មភាព​ព្យាបាល​កុមារ និង​ស្ត្រី​ដែល​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ ។

លោក​ជំទាវ​គូសបញ្ជាក់​ថា លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ជា​ជនជាតិ​ស្វ៊ី​ស ហើយ​មាន​មនសិការ​ចំពោះ​កុមារ​កម្ពុជា ចុះ​យើង​ដែល​ជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ក៏​ត្រូវ​មាន​ឧត្តមគតិ​ជាតិ​ខ្ពស់ ក្នុង​ការ​ចូលរួម​ទ្រទ្រង់​សកម្មភាព​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដើម្បី​រួមចំណែក​ដល់​ការ​ប្រើប្រាស់​ព្យាបាល និង​ជួយ​សង្គ្រោះ​សុខភាព និង​ជីវិត​កុមារ​ឲ្យ​ចាក​ចេញពី​ជំងឺ​បៀតបៀន​ផ្សេង​ៗ ហើយ​ថវិកា​មួយ​ចំនួន​នឹង​យក​ទៅ​ជួយ​ទ្រទ្រង់​ដល់​កុមារ​កំព្រា​ផង​ដែរ ។

លោក​ជំទាវ​បាន​ឲ្យ​ដឹង​ថា ការ​កៀងគរ ប្រមូល​មូលនិធិ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ គឺ​ក្រុមការងារ​បន្ត​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​នានា តាម​រយៈ​ការ​ជិះ​កង់ ស្វែងរក​មូលនិធិ ឬ​ការ​ប្រគំ​តន្ត្រី​ជាដើម ដើម្បី​ជួយ​កុមារ​កម្ពុជា ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ។

យោង​តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​ទី​៣ (​សៀមរាប​) ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​អង្គរវត្ត ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​នោះ មក​ដល់​បច្ចុប្បន្ន ស្ត្រី​ជា​មាតា​ដែល​បាន​មក​ទទួល​សេវា​ពិគ្រោះ​និង​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​ទី​៣ (​សៀមរាប​) មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ គឺ​ការពិគ្រោះ​មាន​ប្រមាណ​ពី​៥០០​នាក់​ទៅ​៦០០​នាក់ ក្នុង​១​ថ្ងៃ ។ ជាមួយ​គ្នា​នេះ មន្ទីរពេទ្យ​បាន​ផ្តល់​សេវា សម្រាលកូន​ជា​មធ្យម​ក្នុង​១​ថ្ងៃ ៧៥​កំណើត និង​មាតា​សម្រាក​រង់ចាំ​ការ​សម្រាល និង​សម្រាលកូន​រួច ក្នុង​១​ថ្ងៃ​ប្រមាណ​ជិត​២០០​នាក់ ។ ម្យ៉ាងទៀត ការ​ផ្តល់​សេវា​សម្រាលកូន​របស់​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​ទី​៣ គឺ​មាន​លទ្ធភាព​ជួយ​សម្រាលកូន​ក្នុង​ពេល​តែ​មួយ​បាន​៨​នាក់ ។

គូសបញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៣ ខេត្តសៀមរាប​ប៉ុណ្ណោះ ។ បើ​និយាយ​ជា​រួម​បូក​បញ្ចូល​ទាំង​ផ្នែក​ផ្តល់​សេវា​ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ​របស់​កុមារ​ទៀត​នោះ ថវិកា​ទ្រទ្រង់​សម្រាប់​ដំណើរការ​របស់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ទាំង​នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ គឺ​មិន​តិច​ជាង​៤៦​លាន​ដុល្លារ​ទេ​ក្នុង​១​ឆ្នាំ ហើយ​ក្នុង​ចំនួន​នេះ​៨៥% គឺ​រំពឹង​ទៅ​លើ​អំណោយ​របស់​សប្បុរសជន ៕