ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ម៉ូតូ​ភ្ជាប់​ប្រព័ន្ធ GPS សមត្ថកិច្ច​តាម​ប្រមាញ់​ដល់​សម្បុក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា កងកម្លាំង​ចម្រុះ មាន​អាវុធហត្ថ​រាជធានី អាវុធហត្ថ​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា កងកម្លាំង​ចម្រុះ មាន​អាវុធហត្ថ​រាជធានី អាវុធហត្ថ​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ បាន​សហការ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែងដែល​សង្ស័យ​ជា​ផ្ទះ​របស់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំភ្លើង​ភ្ជង់​ប្លន់​ម៉ូតូ បាន​សម្រេច​នៅ​ក្នុង​ទឹកដី​ខណ្ឌចំការមន កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​១៥ ឈាន​ចូល​១៦ មក​រា ។

ការ​ឡោម​ព័ទ្ធ​នេះ ធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្នុង​ក្រុម​ទី​៦ ភូមិ​ព្រែក​តា​នូ​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមាន​ជ័យ ដោយ​មានការ​សម្របសម្រួល​ពីព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ ។

សូម​បញ្ជាក់​ថា ការ​កំណត់​បាន​ទីតាំង​របស់​ក្រុម​ចោរប្លន់​នេះ គឺ​ដោយសា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ប្លន់​មាន​បំពាក់​ប្រព័ន្ធ GPS ទើប​កម្លាំង​កង​រាជ​អាវុធ​ស្រាវជ្រាវ​រហូត​ចុះ​មក​ឡោម​ព័ទ្ធ និង​បង្ក្រាប​ចំ​សំបុក​តែ​ម្តង ។ ខណៈ​ពេល​ដែល​កម្លាំង​ចុះ​មក​ដល់ ផ្ទះ​របស់​ក្រុម​ចោរ​ត្រូវ​បាន​ចាក់សោ​ទ្វារ ដូច្នេះ​ហើយ កម្លាំង​អាវុធហត្ថ​បាន​បង្ខំចិត្ត​កាត់​សោ​ចូល​ទៅ​ខាងក្នុង ក៏​ប្រទះ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​ចោរប្លន់​បាន​សម្រេច​ក្តៅ​ៗ​កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​១៥ មក​រា រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ដែល​សុទ្ធតែ​ជា​សម្ភារ​ម៉ូតូ​ធុន​ទំនើប​ៗ ។

ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ខាងលើ​នេះ កម្លាំង​អាវុធហត្ថ​បាន​រក​ឃើញ​ម៉ូតូ​ចំនួន​២​គ្រឿ​ង ១​គ្រឿ​ង​ជា​របស់​ជន​រង​គ្រោះ​ម៉ាក Zommer X ពណ៌​ទឹកក្រូច​លា​យស ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-5043 ដែល​ប្លន់​បាន​ក្តៅ​ៗ និង​១​គ្រឿង​ទៀត​ជា​ម៉ូតូ​ធ្វើ​សកម្មភាព​របស់​ពួក​ចោរ​ម៉ាក Honda Nex ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GC-1343 រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ធំ​ផង​ដែរ ។ យ៉ាងណាមិញ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ ក្រុម​ចោរ​បានដឹង​ខ្លួន​មុន និង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។ ទោះជា​បែប​ណា​ក្តី អត្តសញ្ញាណ​ក្រុម​ចោរប្លន់​នេះ ត្រូវ​បាន​ស្គាល់​អស់​ទៅ​ហើយ ព្រោះ​មាន​ទីតាំង​ស្នាក់​នៅ​ច្បាស់លាស់ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ មក​រា ចោរ​២​នាក់​បាន​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ពីនារី​ម្នាក់​បាន​សម្រេច និង​ដោយ​សុវត្ថិភាព នៅ​ចំណុច​ក្បែរ​សាលា​បឋម​សិក្សា​អង្គអេង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។ ក្រោយ​ប្លន់​បាន​សម្រេច​ចោរ​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅ​ទីតាំង​ផ្ទះ​របស់​ខ្លួន នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ។ ដោយសារ​តែ​ម៉ូតូ​ជន​រង​គ្រោះ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ជា​ហេតុ​ធ្វើ​ឱ្យ​កម្លាំង​កងរាជ​អាវុធហត្ថ​ងាយស្រួល​ក្នុង​ការ​តាម​រក​តំរុយ ទើប​សហការ​គ្នា​ចុះ​ទៅ​ឡោម​ព័ទ្ធ​ដល់​ផ្ទះ​ក្រុម​ចោរ​តាំងពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ ខណៈ​ដែល​ទ្វារផ្ទះ​ត្រូវ​ចាក់សោ​ខាងក្រៅ ។

លុះ​វេលា​ព្រឹក​ឡើង ទើប​សម្រេច​សុំ​គោលការណ៍​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​សោ​ចូល​ឆែកឆេរ​តែ​ម្តង ។ គួរ​ឱ្យ​សោកស្តាយ ប្រតិបត្តិការ​ឡោម​ព័ទ្ធ​សំបុក​ចោរប្លន់​នេះ សមត្ថកិច្ច​មិន​បាន​ចាប់ខ្លួន​ជន​ណា​ម្នាក់​ទេ ដោយសារ​ពួក​ចោរ​ទាំងនោះ​ដឹងខ្លួន​មុន​។ ការ​ភ្ជាប់​ប្រព័ន្ធ GPS លើ​យានយន្ត​ពិតជា​ប្រភព​ផ្តល់​តំរុយ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តាម​ប្រមាញ់​ចោរប្លន់ ៕