ខេត្ដបាត់ដំបង ៖ មាន់កសិកម្មដែលឈ្មួញនាំចូលពីប្រទេសថៃដោយខុសច្បាប់ចំនួន៣រថយន្ត ត្រូវមន្ត្រីពេទ្យសត្វស្ទាក់ចាប់បានជាបន្តបន្ទាប់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា នៅតាមដងផ្លូវចេញពីស្រុកកំរៀង ឆ្ពោះមកកាន់ក្រុងបាត់ដំបង តែបានដោះលែង២គ្រឿងវិញទាំងយប់ ព្រោះម្ចាស់បានបង់លុយរួចរាល់ រីឯ១គ្រឿងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរកសិកម្មខេត្ត ដើម្បីចាត់ការតាមច្បាប់ ។ នេះបើតាមប្រភពព័ត៌មានដែលបានទម្លាយឲ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមករា ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកមាន់ទាំង៣គ្រឿងនោះ មានម៉ាកកាមរីពណ៌ស កែច្នៃទ្រុងតែមិនស្គាល់ម្ចាស់ ម៉ាកនីស្សាន់១បាំងកន្លះពណ៌ក្រហម មានថៅកែស្រីឈ្មោះ ម៉េវ ហៅកាម៉េវ និងរថយន្តកូរ៉េប្រភេទ១,៥តោន មានថៅកែឈ្មោះពៅ ។ រថយន្តទាំង៣គ្រឿងនេះត្រូវគេដឹងថា បានដឹកមាន់កសិកម្មពីប្រទេសថៃដោយខុសច្បាប់ចេញតាមច្រករបៀង «បឹងឆ្នាំឬភ្នំព្រះពុទ្ធ» ស្ថិតក្នុងឃុំកំរៀង ស្រុកកំរៀង ។
ប្រភពដដែលបញ្ជាក់ថា រថយន្តទាំង៣គ្រឿងដែលមានថៅកែផ្សេងៗគ្នានេះ ត្រូវមន្ត្រីពេទ្យសត្វស្ទាក់ចាប់ជាបន្តបន្ទាប់ពេលកំពុងធ្វើដំណើរតាមផ្លូវ ។ ប៉ុន្តែបានដោះលែងរថយន្តថៅកែឈ្មោះ កាម៉េវ និងថៅកែឈ្មោះ ពៅ ទាំងយប់វិញ ក្រោយពីចាប់បានមួយដង្ហើមចង្រិត ព្រោះថៅកែរថយន្តទាំង២នេះបានបង់លុយជាប្រចាំ ។ ដោយឡែក រថយន្តកាមរីកែច្នៃ ត្រូវបានមន្ត្រីពេទ្យសត្វនាំទៅកាន់មន្ទីរកសិកម្មខេត្ត ព្រោះម្ចាស់មិនបានបង់លុយ ។
ស្ត្រីម្នាក់ដែលអះអាងថា ជាម្ចាស់រថយន្តដែលមន្ត្រីពេទ្យសត្វចាប់បញ្ជូនទៅមន្ទីរកសិកម្មខេត្តនិយាយថា រថយន្តគាត់ដឹកមាន់ចេញពីច្រករបៀង«បឹងឆ្នាំឬភ្នំព្រះពុទ្ធ» ក្នុងស្រុកកំរៀង ដើម្បីយកមកបោះឲ្យម៉ូយនៅឃុំខ្នាចរមាស ស្រុកបវេល ប៉ុន្តែត្រូវពេទ្យសត្វស្ទាប់ចាប់នាវេលារំលងអធ្រាត្រ នៅក្នុងឃុំក្ដុល ស្រុកបវេល ។
ស្ត្រីរូបនេះបន្តថា រថយន្តដែលដឹកចេញតាមច្រកជាមួយគាត់ក៏ត្រូវគេចាប់ដែរ តែគេដោះលែងវិញ លើកលែងតែរថយន្តគាត់ត្រូវគេបញ្ជូន ព្រោះគាត់មិនបានបង់លុយឲ្យពេទ្យសត្វ ។
មន្ត្រីកសិកម្មមួយរូបនិយាយថា នៅក្នុងខេត្តបាត់ដំបង មានក្រុមហ៊ុន២ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការនាំចូលមាន់កសិកម្មពីប្រទេសថៃ ។ ប៉ុន្តែបច្ចុប្បន្ន គេឃើញមានឈ្មួញជាច្រើននាក់លួចនាំចូលមាន់នេះពីប្រទេសថៃដែរ ដោយគ្មានច្បាប់អនុញាត ។ មន្ត្រីរូបនេះបញ្ជាក់ថា គេសង្ស័យថាមន្ត្រីពេទ្យសត្វជាអ្នកផ្ដល់សញ្ញាភ្លើងខៀវឲ្យក្រុមឈ្មួញគ្មានច្បាប់ទាំងនោះ ។ ក្រុមឈ្មួញគ្មានច្បាប់ទាំងនោះ នាំចូលមាន់ពីប្រទេសថៃរាប់ពាន់ក្បាលជារៀងរាល់យប់ ។ រថយន្តដឹកមាន់ខុសច្បាប់ទាំងអស់ ត្រូវគេបង្គាប់ឲ្យដឹកចេញពីព្រំដែននៅពាក់កណ្ដាលអធ្រាត្រ ដើម្បីបិទបាំងពីភ្នែកមហាជន ។
ជុំវិញករណីនេះ កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីលោក ប៉ែន សេដ្ឋា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានទេ នៅព្រឹកថ្ងៃទី១៥ ខែមករា ។
ប៉ុន្តែមន្ត្រីនៃមន្ទីរនេះមួយរូបដែលសុំមិនប្រាប់ឈ្មោះ បានទទួលស្គាល់ថា ពេទ្យសត្វពិតជាបានចាប់រថយន្តដឹកមាន់៣គ្រឿងមែន ។ មន្ត្រីដដែលនេះបានបង្ហើបថា ការចេញចាប់រថយន្តដឹកមាន់ខុសច្បាប់ដែលមិនធ្លាប់មានពីមុនមកនេះ គឺធ្វើឡើងបន្ទាប់ពីមានភាគីក្រុមហ៊ុនស្របច្បាប់ប្ដឹងជាបន្តបន្ទាប់ ឲ្យចាត់ការក្រុមឈ្មួញទុច្ចរិត ហើយក៏ស្របពេលមានមន្ត្រីមកពីនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល ចុះតាមឃ្លាំមើលនិងតាមចាប់ឈ្មួញដែលលួចនាំមាន់ខុសច្បាប់ពីប្រទេសថៃ មុនឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះផងដែរ ។
បើតាមព័ត៌មានដែលបែកធ្លាយពីឈ្មួញរកស៊ីដឹកមាន់ខុសច្បាប់ បានទម្លាយឲ្យដឹងថា ក្រុមឈ្មួញដឹកមាន់ខុសច្បាប់ត្រូវបង់លុយឲ្យទៅមន្ត្រីពេទ្យសត្វ មន្ត្រីគយព្រំដែន និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅតាមដងផ្លូវ ។ ដោយឡែកចំពោះពេទ្យសត្វវិញ ឈ្មួញត្រូវបង់ច្រើនជាងគេក្នុងតម្លៃចាប់ពី៥០ម៉ឺនរៀលដល់១លានរៀល ក្នុងរថយន្តឬរ៉ឺម៉កម៉ូតូ១គ្រឿង ដោយគិតទៅតាមមធ្យោបាយដឹកជញ្ជូនធុនតូចឬធំ ។
ប្រភពដដែលបញ្ជាក់ថា ក្រុមឈ្មួញដែលគ្មានច្បាប់ ត្រូវផ្ដល់ដំណឹងជាមុនដល់ពេទ្យសត្វ មុនពេលចេញទៅដឹកមាន់នៅព្រំដែន ។ ប៉ុន្តែមួយរយៈកន្លងទៅនេះ មន្ត្រីពេទ្យសត្វបានផ្ដល់សញ្ញាឲ្យក្រុមឈ្មួញគ្មានច្បាប់ទាំងអស់ ត្រូវផ្អាកសកម្មភាពដឹកជញ្ជូនមាន់ជាបណ្ដោះអាសន្នសិន ព្រោះមានមន្ត្រីមកពីនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលចុះចាប់ តែក្រុមឈ្មួញនៅតែអាចដឹកលួចលាក់បានខ្លះៗដែរ ។
ការផ្អាកនេះបានធ្វើឲ្យម្ចាស់ស្ដង់បោចមាន់ធំៗជិត១០កន្លែង នៅក្នុងក្រុងបាត់ដំបង ខ្វះខាតមាន់បោះឲ្យម៉ូយលក់នៅតាមផ្សារ ខណៈពិធីបុណ្យចូលឆ្នាំចិនកាន់តែខិតជិតចូលមកដល់ ។ ប៉ុន្តែពួកគេខ្លះបានងាកទៅរកទិញមាន់ពីក្រុមហ៊ុនស្របច្បាប់វិញ ដែលពួកគេបានបោះបង់នាពេលកន្លងមក ៕
ចែករំលែកព័តមាននេះ