ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​ប្រែប្រួល សម្តេច​តេ​ជោ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​លុប​បំបាត់​ប្រធាន​ក្រុម​ភាគតិច​ក្នុង​សភា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ស្នើ​សុំ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ត្រង់​ប្រការ​៤៨​ថ្មី​(​បី​) ដើម្បី​លុប​បំបាត់​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ស្នើ​សុំ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ត្រង់​ប្រការ​៤៨​ថ្មី​(​បី​) ដើម្បី​លុប​បំបាត់​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគតិច​ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ។ ការ​ស្នើ​សុំ​នេះ​ប្រៀប​ដូច​ជា​ការ​ស្នើ​សុំ​លុបឈ្មោះ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​តួនាទី​ជា​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគតិច​នៅ​ក្នុង​សភា​ដែល​ទើបនឹង​ត្រូវ​បាន​រដ្ឋសភា​ទទួលស្គាល់​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ ជាង​នេះ​ការ​ស្នើ​សុំ​នេះ​បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​មួយ​រយៈ​មកនេះ​មាន​ភាព​ស្ងប់ស្ងាត់ ពោល​គឺ​គ្មាន​ការ​វាយប្រហារ​គ្នា​រវាង​គណ​ក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ។

យោង​តាម​គេហទំព័រ​ហ្វ្រេ​ស​ញូ​វ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ មក​រា ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​មុន​ចេញដំណើរ​ទៅ​ទីក្រុង​ដា​វ៉ូស ចូលរួម​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​មាន​ប្រសាសន៍​ថា បើ​យន្តការ​ដែល​ទើប​បង្កើត​ឡើង​តាម​រយៈ​ប្រការ​៤៨​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ពិបាក​ធ្វើការ រួម​ទាំង​ការ​ប៉ុនប៉ង​ចរចា​ដោះ​លែង​អ្នកទោស​ដែល​បំពាន​ដល់​អំណាចតុលាការ​ផង​នោះ សម្តេច​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ដើម្បី​លុប​ចោល​«​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​» ។ យើង​ត្រូវធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​(​បី​) ហើយ​វិល​ទៅ​ប្រើ​ប្រការ​៤៨(​ពីរ​)​នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​វិញ ។ ដោយសារ​ប្រការ​៤៨​ថ្មី​(​បី​)​ជា​គំនិត​ផ្តួចផ្តើម​របស់ខ្ញុំ ទើប​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ធ្វើការ​កែប្រែ​តាម​រយៈ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​» ។

ទោះបី​យ៉ាងណា នៅ​ក្នុង​គេហទំព័រ​ដដែល​សម្តេច​តេ​ជោ ហ៊ុន សែន មិន​បាន​ពន្យល់​អ្វី​ថែម​ទៀត​នោះ​ទេ​ដោយ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ធ្វើ​ដូចនេះ​ឆាប់​ចប់​រឿង ព្រោះ​មិនបាច់​ពិបាក​រៀបចំ​របៀបវារៈ​នៃ​ការ​ប្រជុំ​ទៀត​ទេ ព្រោះ​យន្តការ​នោះ​វារ​លាយ​បាត់​តាម​រយៈ​វិសោធនកម្ម​ដែល​នឹង​ត្រូវធ្វើ​រួច​ទៅ​ហើយ​» ។

អ្នក​តាមដាន​សន្មត់​ថា ប្រ​សិន​មានការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ពិតមែន​នោះ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​បាត់បង់​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបនឹង​ទទួល​បាន​តួនាទី​ជំនួស​លោក សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​មកនេះ ។

ទាក់ទិន​នឹង​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ប្រការ​៤៨​ថ្មី​(​បី​)​លុប​បំបាត់​តួនាទី​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគតិច​ក្នុង​រដ្ឋសភា​នេះ អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ និង​លោក យឹ​ម សុវណ្ណ បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​លើក ។

សូម​បញ្ជាក់​ថា ប្រការ​៤៨​ថ្មី​(​បី​)​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​បាន​ចែង​ថា តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ចាប់ពី​៥​ភាគរយ​ឡើង​ទៅ ត្រូវ​រៀបចំ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​តាម​គណបក្ស​នយោបាយ​នីមួយ​ៗ ។ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​មាន​សមាសភាព​យ៉ាងច្រើន​៣​រូប ដោយ​តម្រូវ​ឱ្យ​មាន​ប្រធាន​១​រូប ។ បញ្ជីរាយនាម​របស់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ត្រូវ​ផ្ញើ​ជូន​ប្រធានរដ្ឋសភា ។ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​មាន​ភារកិច្ច​ដូច​ជា ៖ ធ្វើការ​ដឹកនាំ​តំណាងរាស្ត្រ​របស់​គណបក្ស​ដើម្បី​ធ្វើ​ឲ្យ​ការងារ​ពាក់ព័ន្ធ​ទាំងឡាយ​បាន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​កម្មវិធី​នយោបាយ និង​គោលការណ៍​នានា​របស់​គណបក្ស ។ ធ្វើការ​សម្របសម្រួល​ជាមួយ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​ធ្វើ​ឲ្យ​ការងារ​ពាក់ព័ន្ធ​ទាំងឡាយ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាពលរដ្ឋ ។

រដ្ឋសភា​ត្រូវ​ផ្តល់​ឲ្យ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​នូវ​មធ្យោបាយ​សម​ស្រប​ដើម្បី​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ​នៅ​ក្នុង​រដ្ឋសភា ។ ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ចាប់ពី​២៥​ភាគរយ​ឡើង​ទៅ មានឈ្មោះ​ហៅ​ថា ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា ។ ប្រធាន​ក្រុម​មតិ​ភាគតិច​ជា​គូសន្ទនា​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រទេស​ជាតិ ។ ប្រធាន​ក្រុម​មតិ​ភាគតិច​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ។

អាស​នា​នុ​ក្រម​នៃ​ក្រុម​តំណាងរាស្ត្រ​ត្រូវ​រៀប​ជា​ក្រុម​ៗ​តាម​គណបក្ស​នយោបាយ​ពីមុខ​ទៅ​ក្រោយ ។ ក្រុម​នីមួយ​ៗ​ត្រូវ​មាន​សមាជិក​យ៉ាងតិច​១០​រូប ។ តំណាងរាស្ត្រ​១​រូប​អាច​ចូល​ជា​សមាជិក​របស់​ក្រុម​១​ប៉ុណ្ណោះ ។ ក្រុម​នីមួយ​ៗ​ត្រូវ​មាន​ប្រធាន​១​រូប អនុប្រធាន​១​រូប ។

គណបក្ស​នយោបាយ​ណា​មាន​អាសនៈ​តិច​ជាង​១០​ត្រូវ​ជ្រើសរើស​ក្រុម​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​នៅ​ជាមួយ ។ បញ្ជីរាយនាម​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ ត្រូវ​ផ្ញើ​ជូន​ប្រធានរដ្ឋសភា ។

ចំណែក​ប្រការ​៤៨​ថ្មី​(​ពីរ​)​វិញ​បាន​ចែង​ថា​អាស​នា​នុ​ក្រម​នៃ​ក្រុម​តំណាងរាស្ត្រ​ត្រូវ​រៀប​ជា​ក្រុម​ៗ​តាម​គណបក្ស​នយោបាយ​ពីមុខ​ទៅ​ក្រោយ ។ ក្រុម​នីមួយ​ៗ​ត្រូវ​មាន​សមាជិក
យ៉ាងតិច​១០​រូប ។ តំណាងរាស្ត្រ​១​រូប​អាច​ចូល​ជា​សមាជិក​របស់​ក្រុម​បាន​តែ​១​ប៉ុណ្ណោះ ។ ក្រុម​នីមួយ​ៗ​ត្រូវ​មាន​ប្រធាន​១​រូប អនុប្រធាន​១​រូប ។ គណបក្ស​នយោបាយ​មាន​អាសនៈ​តិច​ជាង​១០​ត្រូវ​ជ្រើសរើស​ក្រុម​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​នៅ​ជាមួយ ។ បញ្ជីរាយនាម​របស់​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ត្រូវ​ផ្ញើ​ជូន​ប្រធានរដ្ឋសភា ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នាំ​គ្នា​លើក​ឡើង​ថា សម្តេច​តេ​ជោ​សម្រេច​ស្នើ​សុំ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​នេះ​អាច​រាំងស្ទះ​ដល់​ដំណើរការ​ចរចា​រវាង​សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​ជាមួយ​លោក កឹ​ម សុខា ដែល​បាន​ផ្ញើ​លិខិត​ឆ្លើយឆ្លង​គ្នា និង​បាន​លើក​របៀបវារៈ​រួច​មក​ហើយ​តែ​មិន​ទាន់​កំណត់​ថ្ងៃ​ចរចា​នៅឡើយ ។

មុន​នេះ បើ​តាម​លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​ត្រូវ​បាន​សារព័ត៌មាន​ស្រង់​សំដី​ចុះ​ផ្សាយ​ថា គណបក្ស​ទាំង​ពីរ​ឆ្លើយឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​លិខិត ។ ការ​ឆ្លើយឆ្លង​គ្នា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​លិខិត​នេះ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា​ចាប់តាំងពី​ថ្ងៃ​សុក្រ ទី​១៣ និង​ថ្ងៃ​សៅរ៍ ទី​១៤ មក​រា ។ លិខិត​របស់​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគច្រើន បាន​កំណត់​របៀបវារៈ​នៃ​ការ​ចរចា​និយាយ​ពី​តួនាទី​ការងារ និង​សិទ្ធិ​អំណាច​របស់​ប្រធាន​ក្រុម​ភាគតិច និង​ប្រធាន​ក្រុម​ភាគច្រើន​នៅ​ក្នុង​សភា ។

ចំណែក​លិខិត​របស់​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក កឹ​ម សុខា ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​បាន​ស្នើការ​ចរចា​និយាយ​បន្ថែម​ពីរ​ចំណុច​ទៀត គឺ ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​អាច​បោះ​ឆ្នោត​បាន និង​ចំណុច​មួយទៀត​ស្នើ​ជជែក​ទាក់ទង​សភាពការណ៍​មុន​ការ​បោះ​ឆ្នោត ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មានការ​ចរចា​គ្នា​ក្នុង​អំឡុង​ខែមករា នេះ​។

ទោះបី​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​ឯកភាព​គ្នា​ទាំងស្រុង​លើ​របៀបវារៈ​ជួប​ជជែក​គ្នា​នៅឡើយ​ទេ ខណៈ​ដែល​លោក កឹ​ម សុខា ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា ស្នើ​ឱ្យ​មានការ​ជួប​ជជែក​គ្នា​មួយ​នៅ​ក្នុង​អំឡុង​ខែមករា​នេះ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា ។

លោក ឡេ​ង ប៉េង​ឡុ​ង បានឱ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ គណបក្ស​ទាំង​ពីរ​បាន​ដាក់​លិខិត​ជូន​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួប​ជជែក​គ្នា ។ សម្តេច​ក្រឡាហោម ស ខេ​ង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កំណត់​របៀបវារៈ​ចំនួន​២ សម្រាប់​ការ​ជជែក​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​នោះ​គឺ​តួនាទី និង​សិទ្ធិ​អំណាច​របស់​ប្រធាន​ក្រុម​ភាគតិច និង​ប្រធាន​ក្រុម​ភាគច្រើន​នៅ​ក្នុង​សភា និង​កិច្ចការ​របស់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ ។ ឯ​លោក កឹ​ម សុខា បាន​ឆ្លើយ​តប​ថា លោក​ឯកភាព​ចំពោះ​របៀបវារៈ​ទាំង​ពីរ​នេះ ប៉ុន្តែ​លោក​ក៏​បាន​ដាក់​របៀបវារៈ​ចំនួន​២​ផង​ដែរ​គឺ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​អាច​បោះ​ឆ្នោត​បាន និង​ជជែក​ទាក់ទង​សភាពការណ៍​មុន​ការ​បោះ​ឆ្នោត ។ ប៉ុន្តែ​របៀបវារៈ​របស់​លោក កឹ​ម សុខា នេះ​សម្តេច​ក្រឡាហោម ស ខេ​ង មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ទេ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នៅឡើយ​ទេ​សម្រាប់​ការ​ជួប​ជជែក​គ្នា​នេះ ប៉ុន្តែ​លោក​ថា បើសិនជា​ជួប​មែន​នោះ​អាច​នឹង​ជជែក​តែ​របៀបវារៈ​២​របស់​សម្តេច​ក្រឡាហោម​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​មុន​តែ​ប៉ុណ្ណោះ ។

លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា មាន​អ្នកចោទ​ប្រកាន់​លោក​ថា ការ​អត្ថាធិប្បាយ​របស់​លោក​ខ្លះ​ៗ​ដែល​ប៉ះពាល់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ចរចា​ដើម្បី​ដោះ​លែង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក ។ លោក​ចោទប្រកាន់​ថា គណបក្សកាន់អំណាច​បាន​យក​មន្ត្រី​អា​ដ​ហុ​ក និង​មន្ត្រី គ​.​ជ​.​ប ទាំង​៥​រូប​នេះ​ជា​ចំណាប់ខ្មាំង​នយោបាយ ដើម្បី​ប្រើប្រាស់​ជា​ថ្នូរ គំរាមកំហែង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បម្រើ​ប្រយោជន៍​របស់​ខ្លួន ។

អ្នកវិភាគ​នយោបាយ​យល់​ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក សម រ​ង្ស៊ី គឺ​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​អា​ដ​ហុ​ក និង​អគ្គ​លេខា ធិ​ការ​រង គ​.​ជ​.​ប​ព្រោះ​លោក សម រ​ង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​លោក​ថ្លែង​នៅ​ទីណា​ក៏​ជា​សម្ដី​តំណាង​ឲ្យ​គណបក្សប្រឆាំង​ដែរ ។ ទោះបី​យ៉ាងណា​ក៏​ដោយ​លោក អ៊ូ វី​រៈ យល់​ថា មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក និង​អគ្គលេខាធិការ​រង គ​.​ជ​.​ប នឹង​ត្រូវ​ដោះ​លែង​ដោយ​ត្រូវ​រង់ចាំ​ស្ថានការណ៍​នយោបាយ​ស្ងប់ស្ងាត់​ជាង​នេះ​បន្តិច ៕