ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បាត់បង់​ព្រៃឈើ ក្រសួងបរិស្ថាន​មាន​ប្រតិកម្ម​ជុំវិញ​ការ​ផ្សព្វផ្សាយ​របស់​អង្គការ​ណា​សា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​ណា​សា​របស់​សហរដ្ឋអាមេរិក​ដែល​ជំនាញ​ខាង​ផ្នែក​លំហ​អាកាស បាន​បោះពុម្ពផ្សាយ​រូបភាព​ដែល​ថត​ដោយ​ផ្កាយ​រណប

រាជធានី​ភ្នំពេញ ៖ អង្គការ​ណា​សា​របស់​សហរដ្ឋអាមេរិក​ដែល​ជំនាញ​ខាង​ផ្នែក​លំហ​អាកាស បាន​បោះពុម្ពផ្សាយ​រូបភាព​ដែល​ថត​ដោយ​ផ្កាយ​រណប​ដោយ​បច្ចេកវិទ្យា​លែ​ន​សា​ដ (Landsat) បង្ហាញ​ពី​ទិដ្ឋភាព​ព្រៃឈើ​ដែល​គ្របដណ្ដប់​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១៥ ។

តាម​រយៈ​រូបភាព​នេះ​បាន​បង្ហាញ​ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ចំនួន​១៤,៤% ឬ​១,៤៤​លាន​ហិ​កតា​ក្នុង​មួយ​ឆ្នាំ​ៗ ។ ការ​បង្ហាញ​ពី​ចំនួន​នៃ​ការ​បាត់បង់​ព្រៃឈើ​ដោយ​អង្គការ​ណា​សា​នេះ ត្រូវ​បាន​ក្រសួងបរិស្ថាន​បាន​ប្រកាស​ច្រានចោល​ភ្លាម​ៗ​ផង​ដែរ​ កាលពី​ថ្ងៃ​ទី​១៣ មក​រា ។

ណា​សា​ឲ្យ​ដឹង​ថា ព្រៃ​ការពារ​ក៏​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដែរ​ក្នុង​រយៈពេល​ជាង​មួយ​ទស​វត្ស​មកនេះ ។ ព្រៃឈើ​ភាគច្រើន​ត្រូវ​គេ​កាប់​ដើម្បី​រាន​ធ្វើ​ចម្ការ​កៅស៊ូ និង​ដើម្បី​យក​ឈើប្រណិត ។

អ្នក​ស្រាវជ្រាវ​ដែល​បាន​ប្រើ​ទិន្នន័យ​ពី​រូបភាព​ផ្កាយ​រណប និង​ទិន្នន័យ​វិភាគ​ផ្នែក​សេដ្ឋកិច្ច​ដទៃ​ទៀត​គូសបញ្ជាក់​ថា បម្រែបម្រួល​តម្លៃជ័រកៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ និង​ការ​កើនឡើង​ឆាប់រហ័ស​ នៃ​ការ​ផ្តល់​ដី​សម្បទាន​ជា​មូលហេតុ​ចម្បង​ព​ន្លឿ​ន​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា ។

នៅ​ក្នុង​សេចក្តី​បំភ្លឺ​អំពី​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​អង្គការ​ណា​សា​ស្តី​ពី​«​ព្រៃឈើ​កម្ពុជា​កំពុង​បាត់បង់​» (Cambodia’s Forest Are Disappeaing) ក្រសួងបរិស្ថាន​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​គេហទំព័រ​របស់ NASA Earth Observatory បាន​ចុះ​ផ្សាយ​ព័ត៌មាន​ស្តី​ពី​«​ព្រៃឈើ​កម្ពុជា​កំពុង​បាត់បង់​»​នៅ​ថ្ងៃ​ទី​១០ មក​រា ដោយ​ប្រើប្រាស់​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Maryland និង Global Forest Watch ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ម្តង​រួច​មក​ហើយ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ដោយ​បាន​លើក​ឡើង​អំពី​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​នៃ​ការ​បាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៤ ស្មើនឹង​១៤,៤% ។

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​បាន​បង្ក​ឱ្យ​មានការ​បន្ទរ និង​បកស្រាយ​ខុស​ពី​សំណាក់​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​អំពី​«​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​នៃ​ការ​បាត់បង់​គម្រប​ព្រៃឈើ​» ថា​ជា «​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​នៃ​ការ​បាត់បង់​ព្រៃឈើ​» ដែល​នាំ​ឱ្យ​សាធារណៈ​មតិ​មានការ​ភាន់ច្រឡំ ។ ក្រសួងបរិស្ថាន​សូម​បញ្ជាក់​ថា ទិន្នន័យ​១៤,៤% ខាងលើ​នេះ​គឺ​បង្ហាញ​ពី​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ នៃ​ការ​បាត់បង់​ព្រៃឈើ​ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១៤​នោះ​ទេ ។

តាម​ការ​សិក្សា​លើ​ទិន្នន័យ​ដដែល​នេះ​នៅ​ក្នុង​ក្រាហ្វិក «Cambodia’s Tree Cover Loss Correlates with Global Rubber Prices» បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​បាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​មានការ​ថយ​ចុះ​ចាប់ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០០៤ ។ ការ​ថយ​ចុះ​មក​វិញ​នូវ​អត្រា​បាត់បង់​គម្រប​ព្រៃឈើ​នេះ​ក៏​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​កំណែទម្រង់ និង​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជា​ពិសេស​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ។

ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់់​ថា ចាប់ពី​ឆ្នាំ​២០១២​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​រួម​មាន ៖
១-​បទបញ្ជា​លេខ​១ បប ចុះ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១២ ស្តី​ពី​វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ដោយ​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី ។
២-​ការ​ត្រួតពិនិត្យ​សម្បទាន​ដី​សេដ្ឋកិច្ច​ដោយ​សម្រេច​លុប​គោលការណ៍​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​មួយ​ចំនួន ។
៣-​ការ​បង្កើត​យន្តការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ។
៤-​ការ​កំណត់​សមត្ថកិច្ច​គ្រប់គ្រង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ឱ្យ​នៅ​ដាច់​ពី​គ្នា​ដោយ​ផ្ទេរ​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មក​ក្រសួងបរិស្ថាន ហើយ​ផ្ទេរ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​ក្រសួងបរិស្ថាន ទៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។
៥-​វេទិការ​ស្ដី​ពី​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ។
៦-​សារាចរ​ណែនាំ​លេខ​៥ ចុះ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ ស្ដី​ពី​វិធានការ​ចាំ​ា​ចាច់​នានា ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ។
៧-​ការ​ពង្រឹងសមត្ថភាព និង​បង្កើន​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​បង្កើន​ប្រសិទ្ធភាព​ល្បាត និង​ការ​អនុវត្ដ​ច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ។
៨-​ការ​ផ្ទេរ​មុខងារ និង​ការ​ទទួលខុសត្រូវ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​អនុវត្ដ​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ។
លើស​ពី​នេះ​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​តាម​រយៈ​ការ​បង្កើត​តំបន់ការពារធម្មជាតិ​ថ្មី​ចំនួន​៨ ដែល​ធ្វើ​ឱ្យ​តំបន់ការពារធម្មជាតិ​សរុប​មាន​ចំនួន​៤៥ គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​៥,៩​លាន​ហិ​កតា ។

ទន្ទឹម​នឹង​នេះ​ក្រសួងបរិស្ថាន​បាន​នឹង​កំពុង​រៀបចំ​បង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​១,៤​លាន​ហិ​កតា ។

ដូច្នេះ​ការ​យក​ទិន្នន័យ​ចាស់​មក​ផ្សាយ​ឡើង​វិញ​របស់​អង្គការ NASA Earth Observatory ហើយ​ត្រូវ​បាន​បន្ទរ​ជាមួយនឹង​ការ​បកស្រាយ​ខុស​ពី​សំណាក់​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន ដោយ​មិន​បាន​រំលេច​ឱ្យ​ឃើញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​គឺ​បង្ហាញ​ពី​ចេតនា​ញុះញង់ និង​បំភាន់​សាធារណៈ​មតិ​ដើម្បី​បង្ក​ឱ្យ​មានការ​រិះគន់​វាយប្រហារ​មក​លើ​ការ​ដឹកនាំ​របស់​រាជរ​ដ្ឋាភិ​បាល ៕