ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​អាយុ​32​ឆ្នាំ ប្រពន្ធ​52​ឆ្នាំ​តូចចិត្ត​ប្រពន្ធ មាន​គូស្នេហ៍​ថ្មី​ប្តី​ចាក់​សាំង​ដុត​ខ្លួន​ទាំង​រស់

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​ដុត​ខ្លួន​ទាំង​រស់ ដោយសារ​តែ​ខឹង​នឹង​ប្រពន្ធ​លួច​ទាក់ទង​ប្រុស​ថ្មី មិន​អាល័យ​ស្នេហ៍​ចាស់

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​ដុត​ខ្លួន​ទាំង​រស់ ដោយសារ​តែ​ខឹង​នឹង​ប្រពន្ធ​លួច​ទាក់ទង​ប្រុស​ថ្មី មិន​អាល័យ​ស្នេហ៍​ចាស់ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ឈឺចាប់​គ្រាំគ្រា​បេះដូង​រហូត​លែងចង់​រស់ ក៏​ទិញ​សាំង​យក​មក​ដុត​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ មក​រា នៅ​នឹង​មុខ​ផ្ទះ​ស្ត្រី​ជា​ប្រពន្ធ ដែល​ស្ថិត​ក្នុងភូមិ​តា​ប្រុយ ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ។ បុរស​ខូចចិត្ត​ខាងលើ​នេះ​ឈ្មោះ សុខ ដា​រ៉ា អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ក្តី​តា​កុយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ពិន តុលា អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ពិតជា​រឿង​ហួសចិត្ត​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ប៉ុន្តែ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ ដែល​ខាង​ប្រុស​មាន​អាយុ​តិច​ជាង​ខាង​ស្រី​រហូត​ដល់​ទៅ​២០​ឆ្នាំ តែ​ខាង​ប្រុស​នៅ​តែ​ស្រលាញ់​ស្ម័គ្រស្មោះ​នឹង​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​វ័យ​រហូត​ដល់​៥២​ឆ្នាំ ហើយ​ឈឺចិត្ត​ស្អិត​ទ្រូង​រហូត​ដល់​ថ្នាក់​លែង​ចង់​រស់​ដោយសារ​តែ​ដឹង​ថា ប្រពន្ធ​ចំណាស់​របស់​ខ្លួន​លួច​មាន​ប្រុស​ថ្មី​នោះ ។ អ្នកស្រុក​បាន​បញ្ជាក់​ប្រាប់​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ពិន តុលា នោះ​ទោះបីជា​មាន​អាយុ​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​សាច់​គាត់​នៅ​ចាំ​ហើយ​ចូល​ចិត្ត​តែងខ្លួន​ស្អាតបាត ពេល​តែងខ្លួន​ម្តង​ៗ​សម្រស់​គឺ​មិន​ចាញ់​ស្ត្រី​វ័យ​៣០​ឆ្នាំ​ប៉ុន្មាន​ទេ ។ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​នៅ​មានចិត្ត​អាឡោះអាល័យ​មិន​ដាច់​បែប​នេះ ។

ទាក់ទិន​នឹង​ហេតុការណ៍​ប្តី​វ័យក្មេង​ដុត​សម្លាប់​ខ្លួន​នោះ ត្រូវ​បាន​ខាង​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​១​គូ​នេះ​បាន​លែងលះ​គ្នា​រយៈពេល​១​ឆ្នាំ​មក​ហើយ ដោយ​ភាគី​ខាង​ប្រុស​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត ក្នុង​ខេត្តកណ្តាល ចំណែក​ខាង​ប្រពន្ធ​បាន​មក​រស់នៅ​ក្នុងផ្ទះ​កើតហេតុ ។ តាម​ការ​និយាយ​ត​ៗ​គ្នា​ពី​អ្នកស្រុក​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ពិន តុលា​នេះ បាន​ទាក់ទង​មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត ច្រើន​ខែ​មក​ហើយ ។ ពេល​ជន​រង​គ្រោះជា​ប្តី​ដឹង ក៏​តាម​មក​រក​នៅផ្ទះ​ប្រពន្ធ តែ​មិន​បាន​ជួប​ប្រពន្ធ​ទេ ហើយ​រូបគេ​បាន​រង់ចាំ​ប្រពន្ធ​តាំងពី​ក្បាល​ល្ងាច​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​នៅ​តែ​មិនឃើញ​ប្រពន្ធ​មក​ផ្ទះ​ទៀត ទើប​ឈឺចិត្ត​លែង​ចង់​រស់ ក៏​ទិញ​សាំង​យក​ទៅ​ស្រោច​ដុត​សម្លាប់​ខ្លួន​នៅ​ខាង​មុខ​ផ្ទះ​របស់​ប្រពន្ធ​តែ​ម្តង ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្មោះ​ចំពោះ​ប្រពន្ធ «​បើ​គ្មាន​អូន បង​មិន​អាចរ​ស់បាន​ទេ​» ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នកស្រុក​ឃើញ​ទាន់ ក៏​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ពោន សហការ​គ្នា​ចូល​ទៅ​ជួយ​ពន្លត់ភ្លើង រួច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បុរស​អភ័ព្វ​នោះ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក​ភ្លាម​ៗ ។

ប្រភព​មួយទៀត​ដែល​អះអាង​ពី​អ្នកស្រុក​ដែរ​បាន​បញ្ជាក់​ថា បុរស​ជា​ប្តី​ដែល​ត្រឡប់​មក​រកប្រពន្ធ​វិញ​នោះ គឺ​ដោយសារ​តែ​បានដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​សែនព្រេន​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត ទើប​រូបគេ​ខឹង​ចិត្ត​ហើយ​មក​តាម​រក​ដើម្បី​រារាំង​ហាមឃាត់​ប្រពន្ធ ។ ប៉ុន្តែ​ពេល​មក​ដល់​រកប្រពន្ធ​មិនឃើញ​ទើប​ខូចចិត្ត​អស់សង្ឃឹម ក៏​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​ទាំង​រស់​តែ​ម្តង​ទៅ ។ តែ​ទោះជា​គេ​ចង់​ស្លាប់​ឬ​រស់​យ៉ាងណា ក៏​ស្ត្រី​ជា​ប្រពន្ធ​មិន​ខ្វល់​ដែរ ព្រោះ​គេ​មាន​ប្តី​ថ្មី បាយ​!​បាយ​!​ហើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក ក្រុម​គ្រូពេទ្យ​បាន​ខំប្រឹង​ជួយ​សង្គ្រោះ​អស់ពី​លទ្ធភាព​ហើយ ប៉ុន្តែ​ស្ថានភាព​ជន​រង​គ្រោះ​ហាក់​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់ ទើបត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​រាជធានី​ភ្នំពេញ​ទៀត ប៉ុន្តែ​មើលទៅ​ហាក់​គ្មាន​សង្ឃឹម​នោះ​ទេ ដោយសារ​តែ​ភ្លើង​ឆេះ​ចង់​ឆ្អិន​សាច់​អស់​ទៅ​ហើយ ។

ចំណែក​ខាង​ស្ត្រី​ជា​ប្រពន្ធ​វិញ តាំងពី​កើតហេតុ​រហូត​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​វត្តមាន​របស់​គាត់​មក​មើល​អតីត​ប្តី​នោះ​ទេ ហើយ​ក៏​មិនឃើញ​នៅ​ក្នុងភូមិ​ដែរ សង្ស័យ​ទៅ​នៅ​ជាមួយនឹង​ប្រុស​ថ្មី​បាត់​ទៅ​ហើយ ៕