ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ខ្មែរ​ជាប់​ព្រំដែន​ជួល​ឱ្យ​វៀតណាម​ធ្វើស្រែ​ប្រាំង​យ៉ាង​រំភើយ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ រហូត​មក​ដល់​ពេល​នេះ បទបញ្ជា​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​បទបញ្ជា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ

ខេត្តតាកែវ ៖ រហូត​មក​ដល់​ពេល​នេះ បទបញ្ជា​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​បទបញ្ជា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ ដែល​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​នានា ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម​មិន​ត្រូវ​ជួល​ដីស្រែ​ទៅ​ឱ្យប្រជាជន​វៀតណាម​ធ្វើ​បន្ត​ទៀត​ឡើយ ចាប់ពី​ពេល​នេះ​តទៅ ជា​បទបញ្ជា​របស់​ថ្នាក់​ជាតិ ។ បើសិន​ខេត្ត​ណា​នៅ​តែ​មានការ​ជួល​ដី​ត្រូវ​ទទួលខុសត្រូវ ។ ប៉ុន្តែ​សំរាប់​ខេត្តតាកែវ​វិញ​មិន​មាន​អ្វី​ខុស​ប្លែក​ឡើយ គឺ​ដីស្រែ​ប្រាំង​ប្រមាណ​ជិត​១០.០០០​ហិ​កតា​នៅ​ស្រុក​ចំនួន​២​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​បន្ត​ឃុបឃិត​គ្នាជួល​ដីស្រែ​ប្រាំង​ទៅ​ឱ្យ​ប្រជាជន​វៀតណាម​ចូល​មក​ធ្វើ​ដូច​រាល់​ឆ្នាំ​មុន​ៗ​ដដែល​យ៉ាង​រំភើយ គ្មាន​រដ្ឋអំណាច​ណា​ឈឺក្បាល​ឡើយ ។

ពលរដ្ឋ​ស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត​បានឱ្យ​ដឹង​ថា ពួក​គាត់​បានដឹង​ថា សម្តេច​តេ​ជោ និង​សម្តេច​ក្រឡាហោម​ស ខេ​ង បាន​ចេញ​បទបញ្ជា​មិន​អនុញាត​ឱ្យ​ខេត្ត​ជាប់​ព្រំដែន​ជួល​ដីស្រែ​ប្រាំង​ទៅ​ឱ្យ​ប្រជាជន​វៀតណាម​ចូល​មក​ធ្វើ​តទៅ​ទៀត​ឡើយ ស្រែ​ខ្មែរ គឺ​ខ្មែរ​ជា​អ្នក​ធ្វើ ។ ប៉ុន្តែ​បញ្ជា​នេះ​អត់​ប្រសិទ្ធភាព​ទេ ព្រោះ​គេ​នៅ​តែ​បន្ត​ជួល​ដី​ឱ្យ​កសិករ​វៀតណាម​ចូល​មក​ធ្វើស្រែ​ប្រាំង​ដដែល ក្នុង​នោះ ស្រុក​បូ​រី​ជលសារ មាន​ចំនួន​៣​ឃុំ ឃុំ​បូ​រី​ជលសារ ឃំ​ុ​កំពង់​ក្រសាំង និង​ឃុំជ័យ​ជោគ មាន​ដីស្រែ​ប្រាំង​ជិត​មួយ​ម៉ឺ​ន​ហិតា ។ ស្រុក​កោះអណ្តែត​មាន​ចំនួន​២​ឃុំ គឺ​ឃុំ​ព្រែ​យុថ្កា និង​ឃុំ​ព្រែ​ខ្លា មាន​ដីស្រែ​ជាង​១.០០០​ហិ​កតា ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ចំពោះ​ពលរដ្ឋ​វៀតណាម ដែល​ចូល​មក​ធ្វើស្រែ​ប្រាំង​នេះ​បាន​ធ្វើ​រោង​ស្នាក់​នៅ​យ៉ាង​រឹង​មាំ មាន​ទាំង​សំភារ​កសិកម្ម​ផ្សេង​ៗ​មក​ជាមួយ​ផង ដោយ​ស្នាក់​នៅ​រហូត​ធ្វើស្រែ​រួចរាល់ ។ តាម​ប្រភព​ថា ដីស្រែ​ប្រាំង​១​ហិ​កតា ម្ចាស់​ដី​បាន​ជួល​ក្នុង​តំលៃ​១​លាន​រៀល ។ ចំណែក​ប្រជាពលរដ្ឋ​វៀតណាម​ម្នាក់​បង់លុយ​ថ្លៃ​អន្តោប្រវេសន៍​២​លាន​ដុ​ង ម៉ាស៊ីនបូមទឹក​១​គ្រឿង​២​លាន​ដុ​ង ត្រាក់ទ័រ​ភ្ជួរ​ដី​១​គ្រឿង​៥​លាន​ដុ​ង ។ អ្នក​យក​ថ្លៃ​ជួល​ដី​នេះ គឺ​ម​ន្រី្ត​យោធា​ម្នាក់ ជា​អ្នក​ដើរ​ប្រមូល ។

លោក មាស អ៊ុយ អភិបាលស្រុក​កោះអណ្តែត​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរ​សព្ទ័​ថា​ករណី​រឿង​ជួល​ដីស្រែ​ប្រាំង​ទៅ​ឱ្យ​កសិករ​វៀតណាម​ចូល​មក​ធ្វើ​នោះ លោក​បានដឹង​ដែរ​តែ​លោក​អត់​ហ៊ាន​ប៉ះពាល់​ទេ ជា​រឿង​ថ្នាក់លើ​។ ចំណែក​លោក​ទុ​យ សុភ​ក្រ័​អភិបាលស្រុក​បូ​រី​ជលសារ មិន​អាច​ទាក់ទង​បាន​ទេ ។

លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​តាមទូរ​សព្ទ័​ថា រឿង​ជួល​ដីស្រែ​ទៅ​ឱ្យ​វៀតណាម​ធ្វើ​នេះ លោក​បាន​ហាម​ដាច់ខាត​ដល់​ស្រុក​ទាំង​២​នោះ យូរហើយ រឿង​អី​ហ៊ាន​ជួល​ទៀត តែ​ពេល​នេះ​លោក​រវល់​ទទួល​គណៈប្រតិភូ​ចិន​មក​៤​ទៅ​៥​ថ្ងៃ​សិន ។ លោក​និយាយ​ថា ចាំ​ដល់​ពេល​ចប់​ការងារ​នេះ លោក​នឹង​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​ទាំងនោះ តើ​មានការ​ជួល​ដី​មែនឬ​ក៏​អត់ ៕