ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​សម្រាប់​តាមដាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន

7 ឆ្នាំ មុន

ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក CES នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក មាន​ក្រុមហ៊ុន​មួយ​បាន​បង្កើត​បច្ចេកវិទ្យា​តាមដាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​របស់​មនុស្ស ។

ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក CES នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក មាន​ក្រុមហ៊ុន​មួយ​បាន​បង្កើត​បច្ចេកវិទ្យា​តាមដាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​របស់​មនុស្ស ។

ក្រុមហ៊ុន​ដែល​បាន​បង្កើត​បច្ចេកវិទ្យា​មួយ​នេះ​មានឈ្មោះ​ថា Milo Sensors មា​នទី​តាំងនៅ​ទីក្រុង​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។ ក្រុមហ៊ុន​នោះ​បង្កើត​ខ្សែដៃ​តាមដាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​មនុស្ស​ក្នុង​ពេល​ទទួលទាន​ជាតិ​ស្រវឹង ។ ខ្សែដៃ​នោះ​មានឈ្មោះ​ថា Proof ។

Proof ជា​ខ្សែដៃ​តាមដាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​តាម​រយៈ​ការ​ភ្ជាប់​ជាមួយ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ ។ វា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ពាក់​ដែល​ទទួលទាន​ជាតិ​ស្រវឹង ព្រោះថា​វា​នឹង​បង្ហាញ​ថា តើ​អ្នក​គួរតែ​បន្ត​ទទួលទាន​ជាតិ​ស្រវឹង​ទៀត ឬ​ក៏​អត់ ? ហើយ​អ្វី​ដែល​ត្រូវធ្វើ​គ្រាន់តែ​ពាក់​វា​ក្នុង​ពេល​ទទួលទាន​ជាតិ​ស្រវឹង បន្ទាប់​មក​បើក​ទូរស័ព្ទ​វៃឆ្លាត​របស់​អ្នក​ដើម្បី​មើល​ថា តើ​កម្រិត​ជាតិ​ស្រវឹង​របស់​អ្នក​យ៉ាងណា ឬ​អាច​បន្ត​ផឹក​មួយ ឬ​ពីរ​កែវ​ទៀត​បាន ។

ក្រុមហ៊ុន​និយាយ​ថា វា​បាន​បំពាក់​បច្ចេកវិទ្យា​តាមដាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម ដោយ​មិន​ចាំបាច់​ឲ្យ​យើង​ត្រូវ​ផ្លុំ​ជាមួយ​ម៉ាស៊ីន ឬ ធ្វើតេស្ត​ឈាម​រក​ជាតិ​អាល់កុល​នោះ​ទេ ។ លោក Bob Lansdorp សហការី​នៃ​ស្ថាបនិក​ក្រុមហ៊ុន​និយាយ​ថា ជាតិ​អាល់កុល​ដែល​មាននៅ​ក្នុង​សរសៃឈាម​នឹង​បង្ហាញ​ចេញ​តាម​រយៈ​ស្បែក បន្ទាប់​មក​ឧបករណ៍​នេះ​នឹង​ចាប់​យក​បរិមាណ​នោះ​មក​វិភាគ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​បរិមាណ ជាតិ​ស្រវឹង​ក្នុង​ឈាម ព្រោះថា​ជាតិ​ស្រវឹង​ដែល​មាននៅ​លើ​ស្បែក​វា​នឹង​ហើរ​តាម​ខ្យល់​ដែរ ។ ហេតុនេះ​បានជា​យើង​អាច​បង្កើត​បច្ចេកវិទ្យា​បែប​នេះ ។

ប្រភព​ដដែល​និយាយ​ថា «​ជាមួយនឹង​ខ្សែដៃ Proof របស់​យើង​អ្នក​គ្រាន់តែ​ពាក់​នៅ​ពេល​អ្នក​ទៅ​ក្រៅ ឬ​ពេល​ទទួលទាន​ជាតិ​ស្រវឹង នោះ​វា​នឹង​តាមដាន​បរិ​វ​មា​ណ​ជាតិ​អាល់កុល​ក្នុង​ខ្លួន​អ្នក​រហូត​» ។ កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​នេះ​បាន​ទទួល​ពានរង្វាន់​លេខ​ពីរ ពី​វិទ្យាស្ថាន​ជាតិ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​ប្រកួត​ការ​ប្រើប្រាស់​ជាតិ​ស្រវឹង​ខុសច្បាប់ និង​ញៀន​គ្រឿង​ស្រវឹង ដោយ​បាន​បង្កើត​ឧបករណ៍​តាមដាន​ជាតិ​អាល់កុល​ដូច​គ្នា​ឈ្មោះ Wearable Alcohol Biosensor ។ សម្រាប់​ខ្សែដៃ​នេះ​​នឹង​មាន​លក់​នៅ​ក្នុង​ពេល​ឆាប់​ៗខាង​មុខ ៕