ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប សម រ​ង្ស៊ី មេ​បក្ស​ប្រឆាំង​មិន​ទទួលស្គាល់​ថ្ងៃ​7​មក​រា តែ​ធ្វើ​នយោបាយ​បាន​ដោយសារ​7​មក​រា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា គណបក្សប្រឆាំង​មិន​ដែល​ទទួលស្គាល់​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា គណបក្សប្រឆាំង​មិន​ដែល​ទទួលស្គាល់​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩​នោះ​ទេ ប៉ុន្តែ​មេ​បក្ស​នេះ ភ្លេចខ្លួន​ថា បាន​ធ្វើ​នយោបាយ បាន​មក​ពី​ថ្ងៃ​៧ មក​រា នោះ​ទេ ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បែប​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ក្រៅប្រទេស​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «​ថ្ងៃ ៧ មក​រា ១៩៧៩ គឺជា​ឆាកល្ខោន​ដែល​យួន​បាន​រៀបចំទាំងអស់ ។ គេ​ថា គេ​មក​រំដោះ​យើង​ពី​ខ្មែរក្រហម តែបើ​អត់​មាន​យួន​ក​ម្មុ​យ​នី​ស្ដ​ពី​ដើម​ទី ក៏​អត់​មាន​ខ្មែរក្រហម​ដែរ​» ។

លោក សុខ ឥ​សាន បញ្ជាក់​ថា «​វា​ជា​រឿង​ធម្មតា មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល សម រ​ង្ស៊ី បរិហារ​ថ្ងៃ​៧ មក​រា  ពីព្រោះ​ថា គាត់​ជា​មេ​បក្ស​ប្រឆាំង គាត់​មិន​ដែល​គាំទ្រ ថ្ងៃ​៧ មក​រា នោះ​ទេ ទោះបីជា​ថ្ងៃ​៧ មក​រា គឺជា​សមិទ្ធផល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្រមូលផ្តុំ​កម្លាំង​វាយ​បំបែក​របប​ប្រល័យ​ពូជ​សាស្ដ្រ ខ្មែរក្រហម​សង្គ្រោះ​ជីវិត​របស់​ប្រជាពលរដ្ឋ​យើង ។ ដូច្នេះ​ជា​គុណសម្បត្តិ​ដ៏​ធំធេង​ណាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​» ។

លោក​បន្ថែម​ថា ជា​វប្បធម៌​របស់ សម រ​ង្ស៊ី ហើយ​ដែល​មិន​គាំទ្រ​ថ្ងៃ​៧ មក​រា  ប៉ុន្តែ​ទោះបីជា គាត់​រិះគន់​យ៉ាងណា​ក្តី តែ​គាត់​ភ្លេច​ថា គាត់​ចូល​មក​ធ្វើ​នយោបាយ​នៅ​ក្នុងស្រុក​ខ្មែរ រហូត​មក​សព្វ​ថ្ងៃនេះ​កុំ​តែ​មាន​ថ្ងៃ​៧ មក​រា​នោះ​ទេ ។

លោក​បញ្ជាក់​ថា «​គាត់ (​សម រ​ង្ស៊ី​) មិន​ដែល​សរសើរ​ថ្ងៃ​៧ មក​រា នោះ​ទេ គាត់​តែងតែ​មួលបង្កាច់​ប្រវត្តិសាស្ត្រ​ជាក់់ស្តែង ព្រោះថា​យើង​ដឹង​ហើយ​ថា ថ្ងៃ​៧ មក​រា មិន​អាច​អ្នក​ណា​លុប​បំបាត់​បាន​នោះ​ទេ ។ គឺ​មាន​តែ​អ្នកប្រឆាំង​ទេ​ដែល​និយាយ​ខុស​ពី​ការ​ពិត យើង​មិន​ចាំបាច់​ធ្វើ​អត្ថាធិប្បាយ​អ្វី​នោះ​ទេ  ។ គាត់​មានមុខ​មក​លើ​ទឹកដី​ខ្មែរ ដោយសារ​ថ្ងៃ ៧ មក​រា​» ។ 

ចំណែក​លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​ឥឡូវនេះ​គេ​ថា បើ​គ្មាន​ថ្ងៃ​៧ មក​រា ១៩៧៩ ក៏​គ្មាន​អ្វី​ៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ ។ តែបើ​គ្មាន​ថ្ងៃ ១៧ មេ​សា ១៩៧៥ (​គឺ​ថ្ងៃ​ដែល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​) ក៏​គ្មាន​ថ្ងៃ ៧ មក​រា ១៩៧៩ ដែរ ។ ហើយ​បើ​គ្មាន​ពួក​យួន​ក​ម្មុ​យ​នី​ស្ដ ជួយ​ពួក​ខ្មែរក្រហម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ក៏​គ្មាន​ថ្ងៃ ១៧ មេ​សា ១៩៧៥ ដែរ ។ ដូច្នេះ​មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ទាំងអស់ ក្នុង​រយៈពេល​ជិត​៥០​ឆ្នាំ​កន្លង​មកនេះ គឺ​មានការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​ក​ម្មុ​យ​នី​ស្ដ ដើម្បី​លេប​ត្របាក់​ទឹកដី​យើង និង​បំភ័ន្ដ​ភ្នែក​ប្រជារាស្ដ្រ​ខ្មែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក លោក សម រ​ង្ស៊ី បន្ថែម​ថា «​យើង​ត្រូវ​ចង​ចាំ​ជា​និច្ច​ថា យួន​បង្កប់ បាន​ញុះញង់​ឲ្យ​ខ្មែរ​កាប់សម្លាប់​ខ្មែរ​គ្នា​ឯង​ក្រោម​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩) ។ មក​ដល់​ពេល​នេះ​ទៀត (​ឆ្នាំ​២០១៧) ពួក​អ្នកបម្រើ​ផលប្រយោជន៍​បរទេស​ឈ្លានពាន ក៏​នៅ​តែ​ធ្វើបាប​និង​រករឿង​ខ្មែរ​គ្នា​ឯង ឥត​ឈប់​ឈរ (​រហូត​ដល់​លួច​សម្លាប់ ឬ​តាម​ចាប់​ដាក់គុក​អ្នក​ស្នេហា​ជាតិ​) ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​បែកបាក់ ហើយ​កាន់តែ​ទន់ខ្សោយ ក្នុង​គោលបំណង​រក្សា​អាណានិគមនិយម​ប្រទេស​វៀតណាម មក​លើ​ប្រទេស​កម្ពុជា និង​រក្សា​អំណាច​ពួក​ជន​ក្បត់ជាតិ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ខួប​លើក​ទី​៣៨ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ៧ មក​រា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បាន​រំដោះ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ដ៏​យង់ឃ្នង ប៉ុ​ល ពត​។ ការ​រំដោះ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កម្លាំង​រណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា (​គណបក្ស​ប្រជាជន​កម្ពុជា​) ដោយ​មានការ​ឧបត្ថម្ភ​គាំទ្រ​ដោយកងទ័ព​ស្ម័គ្រចិត្ត​របស់​វៀតណាម ។ សម្តេច​ថ្លែង​ថា នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​នរណា​អាច​បំភ្លៃ​បាន ។

សម្តេច​បញ្ជាក់​ថា «​ជ័យជម្នះ ៧​មក​រា បាន​សង្គ្រោះ​ជីវិត​ប្រជាជន​ដែល​នៅ​សេសសល់​បាន​ទាន់ពេលវេលា បាន​ដណ្តើម​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង​ជូន​ប្រជាជន បាន​ធ្វើ​ឱ្យ​តម្លៃ​ទាំង​ខាង​ស្មារតី និង​សម្ភារ​របស់​ប្រជាជាតិ​ខ្មែរ ដែល​ត្រូវ​បាន​កសាងពូន​ផ្តុំ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ បាន​រស់​ឡើង​វិញ និង​បាន​រួម​វិភាគទាន ដ៏​សកម្ម​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ ។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​កម្លាំង​ណា​អាច​មក​បំភ្លៃ បំផ្លើស​បំភ្លេច និង​បំផ្លាញ​បាន​ឡើយ​» ៕