ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​ផ្លាស់​ប្ដូរ​ជា​ប្រវត្ដិសាស្ដ្រ​ពី​វាល​ពិឃាត ការ​ប្រើ​អាវុធ​ដណ្ដើម​អំណាច និង​សេដ្ឋកិច្ច​ទន់ខ្សោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា បន្ដ​អនុវត្ដ​យ៉ាង​ស្មោះសរ​នូវ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា តាម​គោលការណ៍​នៃលទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស និង​នីតិរដ្ឋ ។

ការ​មិន​ស្មោះត្រង់ ការ​ប្រើ​ពាក្យ​សម្ដី​អសុរោះ​វាយប្រហារ​គ្នា និង​ការ​ញុះញង់​បង្ក​ឱ្យ​មានការ​គុំកួន ចងកំហឹង​នឹង​គ្នា គឺ​មិន​អាច​រក្សា​អាយុជីវិត​នៃ​វប្បធម៌​សន្ទនា​បាន​ឡើយ មិនតែប៉ុណ្ណោះ​វា​នឹង​បំផ្លាញ​នូវ​ឯកភាព​ជាតិ​របស់​យើង ។

សម្ដេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍់​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៧ ក្នុង​ឱកាស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​មី​ទ្ទិញ​រំឭក​ខួប​លើក​ទី​៣៨​នៃ​ទិវា​ជ័យជម្នះ​៧ មក​រា (៧​មក​រា​១៩៧៩-៧​មក​រា​២០១៧) នៅ​ទីស្នាក់ការ​កណ្តាល​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ។

មី​ទ្ទិញ​រំឭក​ខួប​លើក​ទី​៣៨​នៃ​ទិវា​ជ័យជម្នះ ៧ មក​រា បាន​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្ដិយស​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​សមាជិក សមាជិកាគណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ជា​សម្ព័ន្ធភាព​នានា ឥស្សរជន មន្ដ្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ​អ្នក​គ្រួ សិស្សានុសិស្ស និស្សិត បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម ភ្ញៀវ​ជាតិ​-​អន្ដរជាតិ និង​អ្នក​សង្កេតការណ៍​នានា​យ៉ាងច្រើន​កុះករ ។

ក្នុង​សុន្ទរកថា សម្ដេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​យកចិត្ដទុកដាក់​បង្កើន​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​បណ្ដា​គណបក្ស​នយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​មជ្ឈដ្ឋាន​ផ្សេង​ៗ​ទៀត​ក្នុង​សង្គម ដើម្បី​ថែរក្សា​និង​ពង្រីក​រាល់​សមិទ្ធផល​នៃ​សង្គម​ជាតិ រួម​គ្នា​ដោះស្រាយ​សេចក្ដី​ត្រូវការ​របស់​ប្រជាជន ពង្រឹង​បរិយាកាស​សុខក្សេមក្សាន្ដ​ក្នុង​សង្គម រួម​ទាំង​បរិយាកាស​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នា​ពេល​ខាង​មុខ​នេះ ឱ្យ​បាន​ល្អ ដែល​ជា​កត្ដា​សំខាន់​ចាំបាច់​ដើម្បី​ធានា​នូវ​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ដ​ទៅ​ដោយ​សេរី និង​យុត្ដិធម៌ ដោយ​គោរព​អនុវត្ដ​យ៉ាង​ម៉ឹង​ម៉ាត់​តាម​ច្បាប់ បទបញ្ជា និង​ក្រមសីលធម៌ សម្រាប់​ការ​បោះ​ឆ្នោត ។

ឆ្លងកាត់​រយៈពេល​៣៨​ឆ្នាំ​មកនេះ ផ្តើម​ពី​ជ័យជម្នះ ៧​មក​រា ប្រទេស​កម្ពុជា​បាន​និង​កំពុង​ឈាន​ទៅ​មុខ​តាម​ទិស​ដៅ​ដ៏​ត្រឹមត្រូវ​ស្រប​តាម​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន  និង​ដើរ​ស្រប​ជាមួយ​និន្នាការ​រួម​ក្នុង​តំបន់ ក៏​ដូច​ពិភពលោក​ទោះបី​ត្រូវ​ជួបនឹង​ភាព​បត់បែន​យ៉ាងច្រើន​ក្តី ៖
-​កម្ពុជា​ពី​មុន​ដែល​ជា​វាល​ពិឃាត ជា​តំបន់​អសន្តិសុខ ជា​ចម្ការ​មីន ឥឡូវ​បាន​ក្លាយទៅជា​ទឹកដី​សន្តិភាព និង​ជា​តំបន់​ទេសចរណ៍​មួយ
ប្រកបដោយ​ប្រជាប្រិយភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។
-​កម្ពុជា​ពី​មុន ដែល​តែងតែ​ប្រើ​អាវុធ​ដើម្បី​ដណ្តើម​អំណាច​គ្នា ឥឡូវ​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​គោរព​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍
នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាម​រយៈ​ការ​រៀបចំ​យ៉ាង​ទៀងទាត់​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស និង​ជ្រើសតាំង​តំណាង​ដឹកនាំ​ប្រទេស ជា​នីតិរដ្ឋ​ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​ឥត​ងាករេ និង​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​បូរណភាព​ទឹកដី​ពេញលេញ ហើយ​គោរព​លើកតម្កើង​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ។
-​កម្ពុជា​ពី​មុន ដែល​ជា​ប្រទេស​ត្រូវ​ទទួល​រង​ការ​ហ៊ុម​ព័ទ្ធ និង​ឯកោ​ទាំង​ខាង​សេដ្ឋកិច្ច និង​នយោបាយ ឥឡូវនេះ​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​ទៅ​ក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក ហើយ​កំពុង​បំពេញ​តួនាទី​យ៉ាង​សកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ ។
-​កម្ពុជា​ពី​មុន ដែល​ជា​ប្រទេស​អន់​ខ្សោយ​ខាង​សេដ្ឋកិច្ច និង​គ្របដណ្តប់​ដោយ​ភាព​ក្រីក្រ​មានអសន្តិសុខ​ស្បៀង ឥឡូវនេះ​បាន​ក្លាយទៅជាប្រទេស​នាំ​ស្បៀង​ចេញ ហើយ​ស្ថិត​នៅ​ចំណាត់ថ្នាក់​នៃ​ប្រទេស​ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ក្នុង​អត្រា​ជា​មធ្យម​៧,៧%​ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍
ចុង​ក្រោយ​នេះ ព្រមទាំង​សម្រេច​បាន​នូវ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​ដូច​ការ​កែ​លម្អ​សូចនាករ​សង្គម​សំខាន់​ៗ ។

ទាំង​អស់នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ ដែល​កើត​ចេញពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ខាង​នយោបាយ​ប្រកបដោយ​ឆន្ទៈ​ប្តូរផ្តាច់ ការ​ចូលរួម​ដ៏​សកម្ម​របស់​ប្រជាជន​គ្រប់​ៗ​រូប​ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ និង​កាតព្វកិច្ច​របស់​ខ្លួន​ដែល​បង្កើត​ជា​កម្លាំង​មហា​សាមគ្គី ដើម្បី​កសាង​និង​ការពារ​មាតុភូមិ ការ​លះបង់​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត​របស់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ការ​បម្រើ​ជាតិ​និង​ប្រជាជន ការ​ធ្វើ​សហប្រតិបត្តិការ​រវាង​ចរន្ត​នយោបាយ​នានា និង​ពី​គ្រប់​មជ្ឈដ្ឋាន​ផ្សេង​ៗ​ទៀត​ក្នុង​សង្គម ដោយ​ឈរ​លើ​ឧត្តម​ប្រយោជន៍​ជាតិ និង​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ព្រមទាំង​ការ​ជួយ​ឧបត្ថម្ភ​ដ៏​ស្មោះសរ​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍​អន្តរជាតិ ។ នេះ​ជា​កត្តា​ធំ​ៗ​នៃ​ជ័យជម្នះ និង​ជា​មេរៀន​ពិសោធន៍​ជា​ប្រ​វិត្ត​សាស្ត្រ​ដែល​យើង​ទាំងអស់​គ្នា​គប្បី​យល់​ដឹង​ឱ្យ​ច្បាស់ និង​ចង​ចាំ​ជា​រៀងដរាប ដើម្បី​កុំឱ្យ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​អាច​កើត​ឡើងជា​ថ្មី​វិញ​បាន​នៅ​លើ​មាតុភូមិ​យើង ។

៣៨​ឆ្នាំ​កន្លង​មកនេះ គឺ​៣៨​ឆ្នាំ​នៃ​សាមគ្គីភាព វីរភាព និង​ជ័យជម្នះ ។ ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​៧​មក​រា និង​ផ្អែក​លើ​បណ្តា​សមិទ្ធផល​ដ៏​វិសេសវិសាល​ដែល​យើង​សម្រេច​បាន​កន្លង​មក យើង​ទាំងអស់​គ្នា​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ប្រកបដោយ​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់​ចំពោះ​អនាគត​ដ៏​រុងរឿង​របស់​មាតុភូមិ និង​ប្រជាជាតិ​យើង ។ យើង​បាន​ពុះពារ​ឆ្លងកាត់​រួច​មក​ហើយ​នូវ​ឧបសគ្គ​ធំ​ៗ​គ្រប់​បែប​យ៉ាង គ្មាន​ឧបសគ្គ​ណា​ដែល​ធំ​លើស​ពី​នេះ​ទៀត​ទេ ហើយ​យើង​ក៏​បានឃើញ​នូវ​កម្លាំង​ដ៏​ធំធេង​របស់​ប្រជាជាតិ​យើង​ដើម្បី​ធ្វើ​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួន​ផង​ដែរ ។

គណបក្ស​ប្រជាជន​កម្ពុជា ការពារ​ដាច់ខាត​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​រដ្ឋធម្មនុញ្ញ របប​រាជា​និយម និង​រាល់​សមិទ្ធផល​របស់​សង្គម​ជាតិ ជា​ពិសេស​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​បាន​រឹង​មាំ​ឥត​រង្គោះរង្គើ ដែល​ជា​កត្តា​សារវន្ត ដើម្បី​ធានា​ដល់​ដំណើរការ​រីក​ចម្រើន​នៃ​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ និង​សិទ្ធិ​មនុស្ស ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ និង​ធានា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន ។

យើង​ប្រឆាំង​នឹង​សកម្មភាព​ណាមួយ​ពី​ខាងក្រៅ ដែល​ព្យាយាម​ដាក់​ការ​គាបសង្កត់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យធ្វើ​តាម​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្រោម​ហេតុផល​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដែល​ជា​ការ​ជ្រៀតជ្រែក​មក​លើ​ដែន​សមត្ថកិច្ច​របស់​រដ្ឋ​អធិបតេយ្យ​មួយ បំពាន​លើ​គោលការណ៍​ជា​សាកល ។ កម្ពុជា​មិន​អាច​ទទួលយក​ការ​គាបសង្កត់ ឬ​ការ​ជ្រៀតជ្រែក​ណាមួយ​បាន​ឡើយ ជា​ពិសេស​ការ​ប៉ុនប៉ង​ពី​ខាងក្រៅ​ដើម្បី​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​តាម​រយៈ​បដិវត្តន៍​ពណ៌ ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដែល​ការ​ប៉ុនប៉ង​បែប​នេះ បាន​និង​កំពុង​បង្ក​នូវ​ជម្លោះផ្ទៃក្នុង អ​ស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខវេទនា ការ​រត់​ភៀសខ្លួន និង​ការ​បាត់​បង់ជីវិត​ប្រជាជន​ស្លូតត្រង់​រាប់​សែន​នាក់​យ៉ាង​អយុត្តិធម៌​បំផុត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​រក​ទី​បញ្ចប់​មិនឃើញ ។
គណបក្ស​ប្រជាជន​កម្ពុជា ជំរុញ​ការ​អនុវត្ត​នូវ​យុទ្ធនាការ ដើម្បី​ប្រយុទ្ធ​និង​បង្ក្រាប​ចោរកម្ម ឃាតកម្ម ការ​ប្លន់់​ប្រដាប់​អាវុធ គ្រឿងញៀន ការ​កាប់​ឈើ​ខុសច្បាប់ ការ​ទន្ទ្រាន​យក​ដីធ្លី​ខុសច្បាប់ បទល្មើស​នេសាទ​ខុសច្បាប់ អាជីវ
កម្ម​រ៉ែ​ខុសច្បាប់ អាជីវកម្ម​ខ្សាច់​ខុសច្បាប់ និង​ការ​ដាក់កុង​ត្រូល​យក​លុយ​ខុសច្បាប់ ។ ជន​ដែល​ប្រព្រឹត្ត​ល្មើស​ត្រូវ​តែ​ទទួលទោស​តាម​ច្បាប់ ។
យើង​បន្ត​ជំរុញ​ការ​អនុវត្ត​កំណែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ឆន្ទៈ​មោះមុត ក្នុង​នោះ​រួម​ទាំង​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ សំដៅ​បង្កើន​ការ​ផ្ទេរ​មុខងារ​និង​ធនធាន​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​នៅ​ថ្នាក់​ឃុំ​-​សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ ដើម្បី​បង្ខិត​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​កៀក​នឹង​ប្រជាជន និង​កាន់តែ​ឆ្លើយ​តប​តម្រូវការ​របស់​ប្រជាជន ៕