ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ធ្លាក់​ខ្យល់​ហើយ បក្ស​ទាំង​2​ក្នុង​សភា​មាន​គម្រោង​ជួប​ចរចា​ពី​បញ្ហា​ជាតិ​ ក្រោយ​ថ្ងៃ​11​មក​រា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ភាព​ស្ងប់ស្ងាត់​មួយ​រយៈពេល​មក គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ទាំង​ពីរ គ្រោង​ជួប​ពិភាក្សា​គ្នា​ដែល​អាច

រាជធានី​ភ្នំពេញ ៖ ក្រោយ​ភាព​ស្ងប់ស្ងាត់​មួយ​រយៈពេល​មក គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ទាំង​ពីរ គ្រោង​ជួប​ពិភាក្សា​គ្នា​ដែល​អាចធ្វើ​ឡើង​ក្រោយ​ថ្ងៃ​ទី​១១ ខែមករា តែ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​តាម​រយៈ​លិខិត​ឆ្លើយឆ្លង​របស់​ប្រធាន​ក្រុម​ដឹកនាំ​តំណាងរាស្ត្រ​ភាគតិច​និង​ភាគច្រើន​ក្នុង​សភា ។

គម្រោង​ជួប​ចរចា​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ភាគច្រើន​និង​ភាគតិច​នេះ គឺ​បន្ទាប់​ពី​លោក កឹ​ម សុខា ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៥ ខែមករា បាន​សរសេរ​លិខិត​ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេ​ង ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន​ក្នុង​សភា ដើម្បី​ស្នើ
សុំ​កំណត់​ពេលវេលា​នៃ​កា​ជួប​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក កឹ​ម សុខា បាន​បញ្ជាក់​ក្នុង​លិខិត​ថា «​ចាប់តាំងពី​សមាសភាព​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ធ្វើការ​កែសម្រួល​មក ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បាន​ជួប​គ្នា​នៅឡើយ​ទេ ។

ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មានការ​ជួប​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​នៅ​ពេលវេលា​សម​ស្រប​ណាមួយ​ក្នុង​ខែមករា ឆ្នាំ​ថ្មី​នេះ​» ។

លោក កឹ​ម សុខា គូសបញ្ជាក់​បន្ថែម​ថា «​អាស្រ័យ​ដូចនេះ​ខ្ញុំ​សង្ឃឹមថា ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​សារសំខាន់​នៃ​ការ​ជួប​សន្ទនា​គ្នា​រវាង​គណបក្ស​យើង​ទាំង​ពីរ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា  ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​សន្តិវិធី ស្រប​តាម​បំណងប្រាថ្នា​របស់​សាធារណជន​ដែល​ទន្ទឹងរង់ចាំ​ចង់​ឃើញ​» ។

ចំពោះ​ការ​ស្នើ​សុំ​ជួប​របស់​លោក កឹ​ម សុខា ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគតិច​ក្នុង​រដ្ឋសភា នេះ ត្រូវ​បាន​ឆ្លើយ​តប​ជា​លិខិត​វិញ​ដោយ​សម្តេច ក្រឡាហោម ស ខេ​ង ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគច្រើន​ក្នុង​សភា​ថា សម្តេច​បាន​ទទួល លិខិត​នោះ​ហើយ និង​អរគុណ​ចំពោះ​លោក កឹ​ម សុខា ដែល​បាន​សម្តែង​ឆន្ទៈ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ជំនួប​វាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ ។

សម្តេច​ក្រឡាហោម ស ខេ​ង បញ្ជាក់​ថា​«​ខ្ញុំ​ក៏​សូម​ការ​យោគយល់​ពី​លោក ចំពោះ​កា​រខក​ខានមិនបាន​ជួប​ប្រជុំ​គ្នា​ក្នុង​រយៈពេល​កន្លង​មក ដោយ​មូលហេតុ​កម្មវិធី​ការងារ​របស់ខ្ញុំ​មាន​ភាព​មមាញឹក​ខ្លាំង តែ​ខ្ញុំ​សង្ឃឹមថា ជំនួប​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំង​ពីរ​អាច​នឹង​ធ្វើ​ឡើង​ក្រោយ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ។ ចំពោះ​ពេលវេលា​ជាក់ស្តែង ខុទ្ទកាល័យ​របស់ខ្ញុំ​នឹង​ជូន​ព័ត៌មាន​ទៅ​ខុទ្ទកាល័យ​របស់​លោក​នៅ​ពេល​ក្រោយ​» ។

សូម​បញ្ជាក់​ថា ការ​ឆ្លើយឆ្លង​លិខិត​ដើម្បី​ជួប​ពិភាក្សា​ការងារ​រឿង​បញ្ហា​ជាតិ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ គឺ​បន្ទាប់​ពី​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​យល់ព្រម​ឲ្យ​លោក​ជំនួស​តួនាទី​របស់​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដើម្បី​ជជែក​ការ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

តួនាទី​របស់​លោក កឹ​ម សុខា ក៏​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ទទួលស្គាល់ និង​ថា​មាន​សិទ្ធិ​ជជែក​ការងារ​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​ផង​ដែរ ៕