មន្ត្រីបក្សសង្គ្រោះជាតិពន្យល់ដល់សមាជិករបស់ខ្លួន ជុំវិញដំណើរការទូរទស្សន៍ព្រះអាទិត្យ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈរឿងដំណើរការទូរទស្សន៍ព្រះអាទិត្យ មន្ដ្រីគណបក្សសង្គ្រោះជាតិបានលើកឡើងពីបញ្ហា
រាជធានីភ្នំពេញ ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈរឿងដំណើរការទូរទស្សន៍ព្រះអាទិត្យ មន្ដ្រីគណបក្សសង្គ្រោះជាតិបានលើកឡើងពីបញ្ហា
រាជធានីភ្នំពេញ ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈរឿងដំណើរការទូរទស្សន៍ព្រះអាទិត្យ មន្ដ្រីគណបក្សសង្គ្រោះជាតិបានលើកឡើងពីបញ្ហានៃការអាក់ខានដំណើរការទូរទស្សន៍មួយនេះ ដោយសារករណីមួយចំនួន ។ យោងតាមបណ្តញសង្គម លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងវេទិកាអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោតនៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៥ ខែមករាថា យើងត្រូវការទី១-ត្រូវមានដីដែលមានកម្មសិទ្ធិជាប្លង់រឹង ទី២-ត្រូវមានការអនុញ្ញាតក្នុងការដំឡើងអង់តែន ទី៣-ត្រូវការថវិកា ។
ទី១-យើងមានដី មានកម្មសិទ្ធិប្លង់រឹងហើយតែពុំទទួលបានការអនុញ្ញាតក្នុងការដំឡើងអង់តែន ដែលជាមូលហេតុនាំឲ្យមានការខកខាន និងយឺតយ៉ាវក្នុងការបង្កើតទូរទស្សន៍ព្រះអាទិត្យ។
លោកថ្លែងថា គណបក្សស្វែងរកដីនៅទីតាំងថ្មីបានរួចរាល់ហើយ ហើយការផ្ទេរកម្មសិទ្ធិជាប្លង់រឹងក៏ទើបនឹងបានដែរ ជំហានបន្ទាប់យើងបំពេញបែបបទស្នើសុំការអនុញ្ញាតដំឡើងអង់តែន ។ ដូច្នេះទូរទស្សន៍ព្រះអាទិត្យនឹងឃើញពន្លឺព្រះអាទិត្យ ក្រោយពីទទួលការអនុញ្ញាតដល់ការស្នើសុំដំឡើងអង់តែន ដែលមិនមែនជាការសម្រេចចិត្តរបស់គណបក្សសង្គ្រោះជាតិទេ ។
លោក យ៉ែម បុញ្ញឫទ្ធិ គូសបញ្ជាក់ថា «ដំណើរការទូរទស្សន៍ព្រះអាទិត្យមានពីដំណាក់កាល ហើយការដំឡើងទូរទស្សន៍ត្រូវការថវិកា៣លានដុលារអាមេរិក ។ លោកថា ៣លានដុល្លារចែកចេញជាពីរ ដោយជំហានទី១ ត្រូវការ១លានដុល្លារ ជំហានទី២ ត្រូវការ២លានដុល្លារ» ។
លោកបន្ថែមថា «ជំហានទី១ យកលុយ១លានដុល្លារដើម្បីទិញដី និងដំឡើងអង់តែន និងត្រូវការសង់អគារស្ទូឌីយោទូរទស្សន៍ និងទិញប្រអប់ផ្សព្វផ្សាយ ។ ដីយើងចំណាយអស់ជិត១០ម៉ឺនដុល្លារ ។ យើងកាត់ឈ្មោះបានហើយ បើដំឡើងអង់តែនយើងចំណាយអស់ជិត២០ម៉ឺនដុល្លារ ទិញប្រអប់ផ្សព្វផ្សាយអស់៤៥ម៉ឺនដុល្លារ ។ នេះជាការចំណាយជំហានទី១ ប៉ុន្តែនេះយើងមិនអាចមើលឃើញទូទាំងប្រទេស ទេ ដូច្នេះយើងត្រូវការបន្ថែមអង់តែនចំនួន១០ទៀត សម្រាប់ផ្សាយបន្តទើបមើលឃើញទូទាំងប្រទេស» ។
លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងទៀតថា អង់តែនទាំង១០នេះ អង់តែន១ត្រូវចំណាយថវិកាប្រហែល៦ម៉ឺនទៅ៧ម៉ឺនដុល្លារ (អង់តែនតូច)។ ប្រអប់ផ្សព្វផ្សាយអស់ជាង៧ម៉ឺនដុល្លារទៅ៨ម៉ឺដុល្លារ សង់អគារតូចល្មមនិងដី ក្នុងអង់តែននីមួយៗប្រហែល២០ម៉ឺនដុល្លារ គុណនឹង១០ស្មើនឹងប្រមាណ២លានដុល្លារ ដូច្នេះត្រូវការ៣លានដុល្លារ ។
លោកថា គ្រាន់តែលោក សម រង្ស៊ី ប្រធានគណបក្ស និងលោក កឹម សុខា អនុប្រធានគណបក្ស ផ្សព្វផ្សាយនោះមានសប្បុរជនចូលបានប្រមាណ៧០ម៉ឺនដុល្លារ ។
ជាមួយគ្នានេះ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងថា គណបក្សបានទិញដីហើយនៅក្រុងតាខ្មៅដោយចំណាយថវិកាជាង១០ម៉ឺនដុល្លារ ។ កាត់ឈ្មោះបានហើយ ហើយកំពុងរៀបចំបែបបទដើម្បីដំឡើងអង់តែន ស្រាប់តែមានគេមិនឲ្យសាងសង់ថាប៉ះពាល់វិទ្យុសកម្ម ហើយថាទុកឲ្យអាជ្ញាធរស៊ើបអង្កេតសិន ។
លោកបន្ថែមថា ក្រោយពីអាជ្ញាធរមិនអនុញ្ញាត ថ្នាក់ដឹកនាំគណបក្សបានបើកកិច្ចប្រជុំភ្លាម សម្រេចទិញកន្លែងផ្សេងទៀត ។ ពេលនោះមានប្រជាពលម្នាក់គាត់មានដីស្រែ គាត់បានឲ្យមកគណបក្ស ហើយគាត់សុំដាក់ឈ្មោះជាម្ចាស់អំណោយផង ឯយើងធ្វើការកាត់ប្លង់រឹងពីម្ចាស់ដីមកក្រុមហ៊ុនទូរទស្សន៍ រហូតមកដល់ពេលនេះ ទើបទទួលបាន ។ ពេលនោះយើងដាក់សំណើសុំដំឡើងអង់តែន តែរហូតមកដល់ពេលនេះ មិនទាន់ធ្លាក់សំណុំឯកសារមកទេ ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា «ពេលឯកសារមកដល់យើងភ្លាម យើងនឹងដាក់ដំឡើងតែម្តង ឲ្យទាន់ពេលវេលា ។ យើងមានក្រុមហ៊ុនរួចហើយ ដោយចំណាយ២០ម៉ឺនដុល្លារសម្រាប់ដំឡើង ព្រោះថាយើងមាន៧០ម៉ឺនដុល្លារនៅក្នុងដៃរួចហើយ ។ ប្រសិនបើសំណុំឯកសារធ្លាក់មកភ្លាម យើងនឹងដឹកដែកមកសាងសង់ភ្លាម» ។
គួររំឭកថា ក្រោយពីមានកិច្ចព្រមព្រៀងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិបានអះអាងថា នឹងដាក់ដំណើរការទូរទស្សន៍ផ្ទាល់ខ្លួនមួយនៅចុងឆ្នាំ២០១៦ ប៉ុន្តែបានអូសបន្លាយរហូតមកដល់ឆ្នាំ២០១៧ មិនទាន់បានដាក់ដំណើរការទេ ដោយថាមកពីរង់ចាំការអនុញ្ញាតសាងសង់អង់តែនសិន ។
អ្នកតាមដាននិយាយថា ការផ្សាយរបស់ទូរទស្សន៍បក្សប្រឆាំងក៏ចំណុះឱ្យស្ថានការណ៍នយោបាយដែរ ប្រសិនបើមិនមានវិវាទនយោបាយទេនឹងមិនមានបញ្ហាចោទទេ តែបើសិនជាផ្ទុះវិបត្ដិនយោបាយនោះស្ថានីយទូរទស្សន៍នេះទំនងជាមិនអាចដំណើរការបានឡើយ ៕
ចែករំលែកព័តមាននេះ