ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបទ្ទវហេតុ​ដ៏​កម្រ ឆត្រយោង​មិន​តម្លោះ​ពលី​សិក្ខាកាម​1​រូប​ពេល​លោត​ពី​ឧទ្ធម្ភាគចក្រ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សិក្ខាកាម​ជំនាញ​ឆត្រយោង​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត ខណៈ​ពេល​លោត​ឆត្រ​ពីលើ​ឧទ្ធម្ភាគចក្រ​មក បាន​ជួប​បញ្ហា​បច្ចេកទេស​ដោយ​ឆត្រ​មិន​តម្លោះ​ដែល​ជា​ឧបទ្ទវហេតុ​ដ៏​កម្រ

ខេត្តកំពង់ស្ពឺ ៖ សិក្ខាកាម​ជំនាញ​ឆត្រយោង​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ពេល​លោត​ឆត្រ​ពីលើ​ឧទ្ធម្ភាគចក្រ​មក បាន​ជួប​បញ្ហា​បច្ចេកទេស​ដោយ​ឆត្រ​មិន​តម្លោះ​ដែល​ជា​ឧបទ្ទវហេតុ​ដ៏​កម្រ ។

ក្រោយ​កើតហេតុ មិន​ត្រូវ​បាន​អនុ​ញ្ញ​ត​ឱ្យ​ថត​ឡើយ សូ​ម្បី​តែ​អត្តសញ្ញាណ​នៃ​សព​ក៏​មិន​ត្រូវ​បាន​ទំលាយ​ឱ្យ​ដឹង​ដែរ ។ ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ មក​រា នៅ​ចំណុច​ភូមិ​ក្តាន់​រយ ឃុំ​សំបូរ ស្រុក​សំរោង​ទង ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​ការ​លោត​ឆត្រយោង​ពី​ចម្ងាយ​បានឱ្យ​ដឹង​ថា សិក្ខាកាម​លោត​ឆត្រយោង​ទាំងអស់​បាន​ដើរ​ឡើង​លើ​ឧទ្ធម្ភាគចក្រ ដោយ​ម្នាក់​ៗ​ទឹកមុខ​អង់អាច និង​ស្វាហាប់​បំផុត​ក្នុង​នាម​ជា​កង​យោធពលខេមរភូមិន្ទ ។ បន្ទាប់​មក​ឧទ្ធម្ភាគចក្រ​បាន​ហោះ​ឡើង​ទៅ​លើ​អាកាស​យ៉ាង​ខ្ពស់ត្រដែត ពេល​នោះ​ក្រុម Show លើក​ទី​១​បាន​លោត​ចុះ​មក​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​ឆត្រ គឺ​គេ​ឃើញ​ឆត្រ​ផ្សេង​ៗ ទៀត​បាន​តម្លោះ​ទាំងអស់ ។

ដោយឡែក​គេ​មើល​ពីក្រោម​ទៅ​ឃើញ​ឆត្រ​មួយ​ក្នុង Show ជាមួយ​គ្នា គឺ​មិន​បាន​តម្លោះ​នោះ​ទេ បណ្តាល​ឱ្យ​សិក្ខាកាម​ម្នាក់​នោះ​ធ្លាក់​ចុះ​ក្រោម​យ៉ាង​លឿន​ស្លេវ​មក​ដល់​ដី បាត់បង់​ជីវិត​ភ្លាម​មួយ​រំពេច ។

ក្រោយ​កើតហេតុ​ខាង​អង្គភាព​៩១១​មិន​បាន​អនុញាតិ​ឱ្យ​ខាង​ជំនាញ​ពិនិត្យ​ឡើយ គឺ​បាន​លើកសព​ដាក់​លើ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​ដឹក​ចេញ​ភ្លាម​ៗ​តែ​ម្តង ។
មិន​អាច​សុំ​ការ​ពន្យល់​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​បាន​ទេ ថា​តើ​ពិតជា​មាន​ករណី​បែប​នេះ​កើតឡើង​លើ​សិក្ខាកាម​របស់​ខ្លួន ឬ​យ៉ាងណា ?

ដោយឡែក​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​យាម​ការពារ​គោលដៅ​កន្លែង​លោត​ឆត្រ​បាន​ប្រាប់​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន ហើយ​ខាង​អង្គភាព​៩១១​បាន​ដឹក​សព​ចេញពី​ទីលាន​យ៉ាង​ប្រញាប់ប្រញាល់​បំផុត ។ ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​ពី​ចម្ងាយ ពេល​បានឃើញ​ហេតុការណ៍​ដ៏​រន្ធត់ និង​គួរ​ឱ្យ​សង្វេគ​នេះ បាន​សំដែង​នូវ​ការ​ចូលរួម​សោកស្តាយ​ចំពោះ​មរណភាព​នេះ និង​បាន​ចាត់​ទុក​ថា នេះ​ជា​ការ​បំពេញ​កាតព្វកិច្ច​ជា​កងទ័ព​ដ៏​អង់អាច​ក្លាហាន​មួយ និង​សូម​វិញ្ញាណក្ខន្ធ​នាយទាហាន​រូប​នេះ​ទៅ​កាន់​សុគតិភព ។

ខណៈ​ដែល​កើត​មាន​ហេតុការណ៍​បែប​នេះ ក៏​មានការ​លើក​ឡើង​ថា មុន​ឈាន​មក​ដល់​ឱ្យ​សិក្ខាកាម​លោត​គួរ​ណាស់​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​ឆត្រ​ឱ្យ​បាន​ល្អិតល្អន់ មុន​នឹង​បំពាក់​ឱ្យ​សិក្ខាកាម​លោត ជៀសវាង​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ​នៅ​វគ្គ​ក្រោយ​ៗ​ទៀត ៕