ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ ! វាសនា​ផ្ទាំង​ប៉ាណូ​ធំ​ៗ​កាត់​ទទឹង​ផ្លូវ នឹង​ត្រូវ​រុះរើ​ចេញ​ឱ្យ​អស់​រយៈពេល​១​ខែ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​កែតម្រូវ និង​កែ​លំអ​ឡើង​វិញ​នូវ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​លោក

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​កែតម្រូវ និង​កែ​លំអ​ឡើង​វិញ​នូវ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ម្សិលមិញ​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​មាន​វិធានការ​រុះរើ​របា​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម ដែល​ដាក់​កាត់​ទទឹង​ផ្លូវ​ចេញ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

លោក មាន ចាន់​យ៉ា​ដា មាន​ប្រសាសន៍​បែប​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជ​ប៉ាណូ​ទាំងអស់​នា​ព្រឹក​ថ្ងៃ​ទី​៣ មក​រា ។
លោក​មាន​ប្រសា​ស​ន៏​ទៀត​ថា ជា​របត់​ថ្មី​ក្នុង​ឆ្នាំ​២០១៧​ការ​ដាក់​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទី​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​តែ​មានការ​កែ​លំអរ និង​ស្រប​តាម​ស្តង់ដារ​មួយ​ច្បាស់លាស់​ក្នុង​ចំណោម​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​សរុប​ជិត​៤​ពាន់​ផ្ទាំង ដែល​មានច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ រក្សា​បាន​នូវ​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ។

លោក​បន្ត​ថា ចំពោះ​របា​កាត់​ទទឹង​ផ្លូវ​ទាំងអស់​នឹង​ត្រូវ​បញ្ឈប់​ការ​អនុញ្ញាតិ និង​បញ្ចប់​សុពលភាព​ប្រើប្រាស់​ហើយ​ម្ចាស់​ក្រុមហ៊ុន​ពាក់​ព​ន្ធ័ ត្រូវ​រុះរើ​ចេញ​ក្នុង​រយៈពេល​១​ខែ​បន្ទាប់​ពី​ផុតកំណត់​កាលបរិច្ឆេទ​អនុញ្ញាតិ ។

លោក មាន ចាន់​យ៉ា​ដា បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​នៅ​មាន​សុពលភាព​ប្រើប្រាស់​ត្រូវធ្វើ​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ ហើយ​ចាំបាច់​ត្រូវ​កែ​លំអរ​ឡើង​វិញ​ក្នុង​រយៈពេល​មិន​លើស​ពី​៤​ឆ្នាំ រួម​ទាំង​ពិនិត្យ​ទីតាំង ទំហំ កំពស់ និង​ខ្លឹមសារ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ។

លោក​បញ្ជាក់​ថា ការ​កែ​លំអរ​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​នេះ​ធ្វើ​ឡើង ដើម្បី​តំរង់​ទិស​លើកកំពស់​សោភ័ណ​ភាព​ទីក្រុង និង​សណ្តា​ប់ធា្ន​ប់​សាធារណៈ​នៅ​ពេល​ដែល​ការ​ដាក់​តាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្លះ​បាន​បង្ក​ភាព​អនាធិបតេយ្យយ៉ាង​ស្អេកស្កះ​ក្នុង​ទីក្រុង ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ផ្ទាំង​ប៉ាណូ​ដែល​បាន​តាំង​បង្ហាញ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​៣៧៤១​ផ្ទាំង ក្នុង​នោះ​មាន​ផ្ទាំង​ប៉ាណូ​ដែល​ជា​របារ​កាត់​ទទឹង​ផ្លូវ​មាន​ចំនួន​៤៩​ផ្ទាំង ទូរ​ទស្ស​ន៏​LED​ចំនួន​១១ ផ្ទាំង​ប៉ាណូ​២១៧​ផ្ទាំង ផ្សាយ​តាម​នាឡិការ​៣ ផ្សាយ​តាម​ប្រអប់​ភ្លើង​៣៨៣​ផ្ទាំង ផ្សាយ​តាម​ប្រអប់​ភ្លើង​លើ​ស្ពាន​២៤៤​ផ្ទាំង តាម​បង្គោល​ភ្លើង​២៦១៤​ផ្ទាំង និង​តាំង​បង្ហាញ​តាម​ស្លាក​សញ្ញា​បង្ហាញផ្លូវ​មាន​ចំនួន​២២០​ផ្ទាំង​ផង​ដែរ ។  

សូម​បញ្ជាក់​ថា អាជ្ញាធ​រាជធានី​ភ្នំពេញ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​មានឈ្មោះ​ថា ក្រុមហ៊ុន «អេកូ​អែ​ត អេ​ន​ហ្គ្រី​ន» ជា​អ្នក​ប្រមូល​ថ្លៃ​ឈ្នូ​ល​ជួល​ទីតាំង​ផ្សាយពាណិជ្ជកម្ម និង​ក្រុមហ៊ុន «RKS» ជា​អ្នក​ប្រមូល​ថ្លៃ​ផ្សាយពាណិជ្ជកម្ម ។ ជាមួយ​គ្នា​នេះ​ដែរ​យោង​តាម​លិខិត​លេខ​៤២៨ ស​.​ជ​.​ណ ផ​.​ក របស់​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០១៦ បាន​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន អេកូ អែ​ត​អេ​ន​ហ្គ្រី​ន ខូ​អិ​ល​ធី​ឌី ក្នុង​ការ​ជួសជុល​កែ​លំអរ​ថែទាំ​ដើមឈើ​សួនច្បារ និង​រៀបចំ​ថ្នាល​បណ្តុះ​កូន​រុក្ខជាតិ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សិទ្ធ​គ្រប់គ្រង តំឡើង និង​ធ្វើ​អាជីវកម្ម​ស្លាក​.​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​នៅ​តាម​សួនច្បារ និង​បង្គោល​ភ្លើង​នានា​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​២០​ឆ្នាំ​ដោយ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ និង​យល់ព្រម​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ។     

គួរ​រំលឹក​ថា ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​មាន​ក្រុមហ៊ុន​ធំ​ៗ​ក្នុងស្រុក​ចំនួន​៤ សុទ្ធ​សឹង​ក្រុមហ៊ុន​សេវាកម្ម​បាន​សម្តែង​មតិ​ដូច​ៗ​គ្នា ដោយ​ធ្វើការ​ចោទប្រកាន់​ថា បាន​ប្រគល់​សេវាកម្ម​យក​ថ្លៃ​លើ​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​នៅ​រាជធានី ដោយ​មិន​ដាក់​ឱ្យ​ដេញថ្លៃ គឺ​ស្ងាត់​ៗ​ចេញ​អុង​បី​ស៊ីដាច់​…​។

មាន​ក្រុមហ៊ុន​ខ្លះ​ទម្លាយ​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ចំណាយ​ក្រៅ​ជិត​មួយ​លាន​ដុល្លារ​ រត់ការ​យក​ថ្លៃ​សេវាកម្ម​ប៉ាណូ​…​នឹក​ថា​បាន ប៉ុន្តែ​នៅ​តែ​យក​មិន​បាន បែរ​ទៅ​ចេញ​លេខ​ញ៉ុ​ក​១០​គត់​ទៅ​វិញ ។ ពួក​គេ​មាន​សំណួរ​ថា តើ​គេ​ចាយ​អស់​ប៉ុន្មាន​ទើប​មានសំណាង​អី​ធំ​ម្ល៉េះ បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​១០​ឆ្នាំ ២០​ឆ្នាំ ដោយ​គ្មាន​ការ​ដេញថ្លៃ​នេះ ? ស្ងាត់​ៗ​ចេញ​អុង​បី ស៊ីដាច់​ម៉ាត់ ។

មន្ត្រី​ដែល​ស្និត​ជាមួយ​សាលាក្រុង​ភ្នំពេញ​បាន​និយាយ​ថា ឧកញ៉ា​ម្នាក់​ជា​អ្នកមាន​សំណាង​បាន​ទទួល​សិទ្ធិ​ម៉ៅ​ការ​យក​ថ្លៃ​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យីហោ​ផ្សេង​ៗ​ទូ​ទាំង​រាជធានី​ភ្នំពេញ​រយៈពេល​១០​ឆ្នាំ ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​ក្រុមហ៊ុន​ម៉ៅ​ការ​បង់​ចំណូល​រដ្ឋ​២៥​ម៉ឺន​ដុល្លារ ។ ចំពោះ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ដែល​រីក​កាន់តែ​ធំ​នេះ តាម​ការ​ប៉ាន់ស្មាន​អាច​ប្រមូល​ចំណូល​បាន​លើស​ពី​៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ មន្ត្រី​ដដែល​និយាយ​ថា ក្នុង​ជំនាន់​ក្រុមហ៊ុន​ចាស់​ម៉ៅ​ការ​អាច​បាន​ចំណូល​ជិត​២​លាន​ដុល្លារ ដែល​កាលនោះ​គេ​បង់​បាន​តែ​១៥​ម៉ឺន​ដុល្លារ​ទេ​ក្នុង​១​ឆ្នាំ ។

ប៉ុន្តែ​ពេល​នេះ​ទីក្រុង​កាន់តែ​រីក​ធំ សេដ្ឋកិច្ច​កាន់តែ​រីក​ចំរើន ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាន់តែ​ដុះដាល​ទូលំទូលាយ ប្រ​សិន​បាន​ដាក់​ឱ្យ​ដេញថ្លៃ​អាច​បាន​ចំណូល​ច្រើន​ជាង​នេះ​២​ទៅ​៣​ដង ។

មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ប្រភព​ណាមួយ​បាន​ទេ ក៏​ដូច​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ។ ចំណែក​ថៅកែ​ក្រុមហ៊ុន​ម៉ៅ​ការ​ដែល​មានសំណាង​ដូច​ទេវតា​ប្រទាន បាន​ទទួល​សិទ្ធិ​ដោយ​អត់​ដេញថ្លៃ ឬ​ក៏​អ្នកតំណាង​កាន់តែ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន ដែល​សន្មត់​ថា ចប់​ទៅ​ហោង​…​។

ទស្សនៈ​នានា​និយាយ​ថា​…​ឱ ! ស្រុក​ខ្មែរ យប់​ខែងងឹត​អើយ​…​នៅ​តែ​មាន​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​ប្រឡាំប្រកូវ​នៅឡើយ​តើ ? ប្រាសាទអង្គរវត្ត​ដែល​ដាក់​ឱ្យ​ឯកជន​ម៉ៅ​ការ​ជា​បទ​ពិសោធ​មួយ​ទៅ​ហើយ​…​បាន​យក​មក​កាន់កាប់​ផ្ទាល់​វិញ​…​ចេះ​ធ្វើ​បាន​…​តើ​ហេតុ​អី​រឿង​តូច​ចំណូល​ធំ​យ៉ាងនេះ​បែរជា​ធ្វើ​មិន​បាន ?

រដ្ឋ​យើង​ក្រ​មែន​…​ប៉ុន្តែ​គួរតែ​ចេះ​ស្តាយ​…​ចំណូល​មួយ​ឆ្នាំ​អាច​រកបាន​រាប់​លាន​ដុល្លារ ដូច​ធ្វើ​នំ​អត់​ម្សៅ មិន​យក​ទេ​…​សុខចិត្ត​អង្គុយ​ស្ងៀម «​ជើង​ដប់​» យក​រាប់​សែន​ដុល្លារ​ទៅ​វិញ ស្រួលខ្លួន​ជាង​…​ហេ​! ហេ​!

ដល់​ចឹ​ង​ទៅ​គេ​ថា ខ្មែរ​ល្ងង់​ណាស់​…​បានជា​ក្រ ឱ្យ​វា​ទុល​គ្រប​ទៅ​ចុះ​…​អ្នកក្រ​មក​ពី​ខ្ជិល​…​សុខចិត្ត​សុំទាន ស្រួល​ជាង​រកស៊ី​…​ហេ ! ហេ !