ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មុជទឹក​ធ្លាប់​ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន និង​ហ្វូង​ត្រី​ឆ្លាម​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កាន់ ភារៈ ក្រុម​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​ខ្មែរ បាន​អះអាង​ថា ពួក​គាត់​ធ្លាប់​ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន និង​ហ្វូង​ត្រី​ឆ្លាម ក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ពី​ខេត្ត​ព្រះ​សីហ​នុ

រាជធានី​ភ្នំពេញ ៖ លោក កាន់ ភារៈ ក្រុម​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​ខ្មែរ បាន​អះអាង​ថា ពួក​គាត់​ធ្លាប់​ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន និង​ហ្វូង​ត្រី​ឆ្លាម ក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ពី​ខេត្ត​ព្រះ​សីហ​នុ ។ ជា​គូ​បង្រៀន​មុជទឹក​ក្នុង​បាតសមុទ្រ ដែល​ទទួល​បាន​សញ្ញាបត្រ ពី​ប្រទេស​អូស្ត្រាលី និង​ជា​សមាជិក​ក្រុម​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​កម្ពុជា ។ ក្រុម​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​របស់​កម្ពុជា កន្លង​មក​ពិតជា​ធ្លាប់ ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន និង​ត្រី​ឆ្លាម​ក្នុង​ដែន សមុទ្រ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង ។

លោក កាន់ ភារៈ បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​មុជទឹក​បាតសមុទ្រ​ស្ម័គ្រចិត្ត និង​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​បាតសមុទ្រ ក្នុង​បាតសមុទ្រ​របស់​ប្រទេស​កម្ពុជា មាន​ជីវៈចម្រុះ​ច្រើន​ប្រភេទ​ណាស់ ដូច​ជា​ផ្កាថ្ម ប្រភេទ​រឹង ផ្កាថ្ម​ប្រភេទ​ទុន ស្មៅ​សមុទ្រ សេះ​សមុទ្រ ហ្វូង​ត្រី​ឆ្លាម និង​ត្រី​បា​ឡែ​ន​ជាដើម ។ លោក​បន្ត​ថា «​ត្រី​បា​ឡែ​ន​ក្នុង​សមុទ្រ​កម្ពុជា​យើង មាន​ប្រវែង​៤​ម៉ែត្រ ទៅ​៥​ម៉ែត្រ ហើយ​ក្រុម​អ្នក​មុជទឹក​ឧស្សាហ៍​ប្រទះ​ឃើញ​នៅ​ម្តុំ​កោះព្រីង ដែល​ចេញពី​ក្រុងព្រះសីហនុ ប្រហែល​៥៣​គីឡូម៉ែត្រ ឯ​នៅ​ខាង​កោះកុង​វិញ គឺ​សម្បូរ​ដោយ​ត្រី​ឆ្លាម​តូច​ៗ ប៉ុន្តែ​ត្រី​ឆ្លាម​ទាំងនោះ មិន​បង្ក​គ្រោះថ្នាក់​នោះ​ទេ​»​។ លោក កាន់ ភារៈ បាន​អះអាង​ទៀត​ថា «​សមុទ្រ​ខ្មែរ​យើង​សឹង​ថា ជីវៈចម្រុះ​មួយ​ចំនួន រក​នៅ​ក្នុង​សៀវ​ភៅ Record របស់​ពិភពលោក​មិន​ទាន់​មាននៅ​ឡើយ​ទេ បច្ចុប្បន្ន​នេះ​ដោយសារ​តែ​មានការ​គាំទ្រ​ពី​ទីបញ្ជាការ​ជួរ​មុខ ជា​ពិសេស​លោក​ឧត្តមនាវីឯក ទៀ សុខា ផ្ទាល់​តែ​ម្តង ក្រុម​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​ខ្មែរ និង​បរទេស បាន​ចុះ​ទៅ​ស្រាវជ្រាវ​ការងារ​នេះ ហើយ​បាន​អញ្ជើញ​អ្នក​វិទ្យាសាស្ត្រ​ចិន ដើម្បី​ស្រាវជ្រាវ​ក្នុង​សមុទ្រ​ខ្មែរ​យើង ថា​តើ​ជីវៈចម្រុះ​ទាំងនោះ មានឈ្មោះ​អ្វីខ្លះ ? រស់នៅ​ដោយ​របៀប​មិច ? ដើម្បី​ងាយស្រួល​ក្នុង​ការ​អភិរក្ស​» ។

ក្រុម​អ្នក​មុជ​ទឹកបាន​បញ្ជាក់​ថា កន្លង​មក​មានការ​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ​ក្នុង​សមុទ្រ​កម្ពុជា ដែល​ចេញពី​នាយកដ្ឋាន​អភិរក្ស​ជលផល ហើយ​ថ្មី​ៗ​នេះ​បាន​ផ្លាស់​ប្តូរ​មក​ខាង​ក្រសួង​បរិស្ថាន​វិញ ក្រោយមក​ក្រុម​អ្នកជំនាញ បាន​ចុះ​មក​ទាក់ទង និង​ក្រុមការងារ​អ្នក​មុជទឹក​ស្ម័គ្រចិត្ត ទាញ​យក​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ខាង​ប្រទេស​ចិន សិក្សា​ពី​គុណភាព​ទឹក​ពី​ជីវៈចម្រុះ ពី​ការ​រស់នៅ​របស់​ត្រី​ដែល​រស់នៅ​ក្នុង​សមុទ្រ ជា​ពិសេស​តំបន់​កោះ​ទាំង​៣២​របស់​ខេត្ត​ព្រះ​សីហ​នុ និង​បណ្តា​កោះ​ផ្សេង​ទៀត ។

គួរ​បញ្ចា​ក់ថា ក្នុង​១​ឆ្នាំ​ៗ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​ពី​៣​ម៉ឺន​៥​ពាន់​នាក់ ទៅ​៥​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​ជីវៈចម្រុះ ក្នុង​បាតសមុទ្រ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​មុជទឹក​បាតសមុទ្រ ដែល​បំរើសេវា​កម្ម​មុជទឹក​មើល​ទិដ្ឋភាព ក្រោម​ទឹកសមុទ្រ​ផង​ដែល ៕