ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈ «​ល្ខោន​ចម្រុះ​» របស់​កម្ពុជា​ប្រភព​កំណើត​នៃ «​ល្ខោន​ចម្រុះ​» ឡាវ

7 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​»​បញ្ជាក់​ថា ពាក្យ​ថា​៖ «​ល្ខោន​ចម្រុះ​» (Théâtre Total) គឺជា​ពាក្យ​ដែល​សិល្បករ​ខ្មែរ និង​ប្រជារាស្ត្រ​ខ្មែរ​ប្រើ​សម្រាប់​សម្គាល់​ទម្រង់​ល្ខោន​ថ្មី​នេះ ព្រោះ​ដោយ​ពិនិត្យ​ឃើញ​ថា​៖

យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​»​បញ្ជាក់​ថា ពាក្យ​ថា​៖ «​ល្ខោន​ចម្រុះ​» (Théâtre Total) គឺជា​ពាក្យ​ដែល​សិល្បករ​ខ្មែរ និង​ប្រជារាស្ត្រ​ខ្មែរ​ប្រើ​សម្រាប់​សម្គាល់​ទម្រង់​ល្ខោន​ថ្មី​នេះ ព្រោះ​ដោយ​ពិនិត្យ​ឃើញ​ថា​៖ ល្ខោន​ថ្មី ជា​ទម្រង់​ល្ខោន​ដែល​បាន​ប្រមូល​នូវ​ធាតុ​ទម្រង់​សិល្បៈ​ឯទៀត​ជា​ច្រើន​មក​បូក​ផ្សំគ្នា ដូច​ជា មាន​ធាតុ​ល្ខោននិយាយ​ផង យីកេ បា​សាក់​ផង មាន​ចម្រៀង​សម័យ ចម្រៀង​ជា​ពួក ចម្រៀង​បុរាណ​ផង មាន​តន្ត្រីសម័យ និង​តន្ត្រីបុរាណ​ផង មាន​របាំ​ព្រះរាជ​ទ្រព្យ និង​របាំ​ប្រពៃណី​រួម​ផ្សំ​ផង​… ហើយ ក្រោយ​ៗ​មក​ទៀត មាន​សិល្បៈ​សៀ​ក មានការ​បញ្ចាំង​ស្លាយ (Slide) បញ្ចាំង​វី​ដេ​អូ ឬ​ក៏​មាន​ភាពយន្ត​ឯកសារ​ចូលរួម​នៅ​ក្នុង​សាច់​រឿង​តែ​មួយ​ថែម​ទៀត​ផង ។

តាំងពី​ពេល​កកើត​ឡើង​រហូត​មក​ដល់​សព្វថ្ងៃ ទម្រង់​ល្ខោន​ចម្រុះ​សម្តែង​តែ​រឿង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជាតិ ដែល​មាន​ទ្រង់ទ្រាយ​ធំ​(Grandiose) ហើយ​មាន​សិល្បករ​ចូលរួម​ច្រើន​នាក់ ឬ​ពេល​ខ្លះ​មាន​សិល្បករ​រាប់​ពាន់​នាក់​ក៏​មាន ។

រឿង​ដំបូង​ដែល​ទម្រង់​ល្ខោន​ចម្រុះ​នេះ​សម្តែង គឺ​រឿង​ប្រាសាទព្រះវិហារ ដែល​និពន្ធ​ដោយ​លោក​ហង់ ធន់​ហាក់ លោក​មាស គក លោក​ឆេ​ង ផុ​ន លោក​វណ្ណ ម៉ូ​លី​វណ្ណ លោក​ប៉ុ​ល សំ​អឿ​ន និង​មិត្តភក្តិ​របស់​លោក​ជា​ច្រើន​ទៀត ដែល​មានមុខ​ជំនាញ​សិល្បៈ ខុស​ៗ​គ្នា​… រួម​គ្នា​កសាង​ឡើង​ដោយ​រៀបរាប់​ពី​ព្រឹត្តិការណ៍ បច្ចុប្បន្នភាព​ដ៏​សំខាន់​មួយ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ នោះ​គឺ​ព្រឹត្តិការណ៍​ដែល​តុលាការអន្តរជាតិ​ដ៏​យុត្តិធម៌ នា​ក្រុង​ឡា​អេ (La Haye) បាន​កាត់សេចក្តី​ដាក់​កំហិត​ឱ្យ​ប្រទេស​ថៃ ដែល​ជា​អ្នក​ឈ្លានពាន​ប្លន់​ទឹកដី និង​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​ប្រគល់​ប្រាសាទព្រះវិហារ​មក​ឱ្យ​ខ្មែរ ដែល​ជា​ម្ចាស់​ដើម​វិញ ។ រឿង​នេះ​សម្តែង​នៅ​វាល​ព្រះ​មេរុ ។

ឯ​រឿង​ទី​២ គឺ​រឿង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដោយ​លើកយក​ដំណាក់កាល​រីក​ចម្រើន​ក្នុង​សម័យ​មហានគរ ពិសេស​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (១១៨១-១២១៨​?​) រួច​បន្ត​ភ្ជាប់​មក​សម័យ​សង្គមរាស្ត្រនិយម​ដែល​ជា​អ្នក​បន្ត​មរតក​ដ៏​ល្អ​ប្រពៃ​របស់​ដូនតា​ពី​សម័យ​អង្គរ​មក​។ រឿង​នេះ​សម្តែង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​មាន​សិល្បករ​រាប់​ពាន់​នាក់​ចូលរួម។

ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៧០​មក ល្ខោន​ចម្រុះ​ត្រូវ​បញ្ចប់​ដោយ​សង្គ្រាមស៊ីវិល​បាន​ផ្ទុះ​ឡើង ។ មោទនភាព​នៃ​សម័យ​សង្គមរាស្ត្រនិយម ក៏​ប្រែ​ក្លាយទៅជា​ស្រមោល​អតីតកាល​មួយ​រំពេច ។

មក​ដល់​ឆ្នាំ​១៩៨៣ គឺ​៤​ឆ្នាំ ក្រោយ​ពី​របប​ប្រល័យពូជសាសន៍​ដួល​រលំ​ទៅ​ទើប​ទម្រង់​សិល្បៈ​ល្ខោន​ចម្រុះ​បាន​រស់​ឡើង​វិញ​ដោយ​ចាប់ផ្តើម​ឡើង​ពី​រឿង «​ដំណើរ​ជាតិ​កម្ពុជា​» និពន្ធ​ដោយ​លោក​ឆេ​ង ផុ​ន និង​ពេជ្រ ទុំ​ក្រវិល ដែល​បាន​សម្តែង សម្រាប់​អបអរសាទរ​ពិធីបុណ្យ​ជាតិ​ផង និង​សម្តែង​ជូន​សាធារណជន​ជា​ច្រើន​លើក​នៅ​សាល​មហោស្រព​ទន្លេបាសាក់ បាន​ទទួល​ជោគជ័យ​គួរ​ជាទី​សប្បាយ​រីករាយ ។

ដោយសារ​ការ​ជក់ចិត្ត ដិតអារម្មណ៍​នឹង​រឿង​ដំណើរ​ជាតិ​កម្ពុជា គណៈប្រតិភូ ថ្នាក់ដឹកនាំ​ប្រទេស​ឡាវ ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ជាតិ​កម្ពុ​ជានា​សម័យ​នោះ​ក៏​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ខ្មែរ​ឱ្យ​ចាត់​សិល្បករ អ្នកជំនាញ​មួយ​ក្រុម​ទៅ​ជួយ​សហការ​ជាមួយ​អ្នកជំនាញ​សិល្បៈ​ឡាវ ដំឡើង​រឿង​មួយ​ថ្មី​នៅ​ប្រទេស​ឡាវ​។ ដោយហេតុ​នេះ​ទើប​ដើមឆ្នាំ​១៩៨៥ រឿង «​ដំណើរ​ជាតិ​ឡាវ​» បាន​កើតឡើង​ដើម្បី​អបអរសាទរ​ខួប​ទី​១០​ទិវា​បុណ្យ​ជាតិ​ឡាវ​នៅ​ទីក្រុង​វៀងចន្ទន៍ ។

ឆ្នាំ​១៩៨៩ រឿង​មួយ​ថ្មី​ទៀត ដែល​មាន​ចំណងជើង​ថា​៖ «​លោហិត​ជាតិ​កម្ពុជា​» និពន្ធ​ដោយ​លោក​ឆេ​ង ផុ​ន និង​លោក​ពេជ្រ ទុំ​ក្រវិល សាច់​រឿង​ដកស្រង់​នូវ​កំហុសឆ្គង​ទាំង​ឡាយ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ តាំងពី​សម័យ​បែក​អង្គរ​(១៣៥៣​?​) រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​ក្នុង​ន័យ​យក​អតីតកាល​ជា​មេរៀន​ដល់​បច្ចុប្បន្ន និង​អនាគត ត្រូវ​បាន​សម្តែង​អបអរសាទរ​បុណ្យ​ជាតិ​ខួប​ទី​១០ នៅ​សាល​មហោស្រព​ទន្លេបាសាក់ ។

បើ​គិត​មក​ដល់​ឆ្នាំ​ដែល​អ្នក​រៀបរៀង​ឯកសារ​កត់ត្រា​ពី​ទម្រង់​ល្ខោន​ចម្រុះ​(១៩៩៩) នេះ រឿង​ចុង​ក្រោយ​គេ​បង្អស់​គឺ​រឿង «​ជីវិត​ជាតិ​កម្ពុជា​» និពន្ធ​ដោយ​លោក​ពេជ្រ ទុំ​ក្រវិក នៅ​ឆ្នាំ​១៩៩៣ ដែល​ជា​កាល​វេលា​នៃ​របត់​នយោបាយ​មួយ ដោយ​សាច់​រឿង​បាន​លើក​ឡើង​ពី​ទំនាស់​រវាង​ខ្មែរ​និង​ខ្មែរ ពី​បំណង​ល្អ​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ចំណាយ​ជីវិត​មនុស្ស ទុន​ជា​ទ្រព្យធន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ (​ជាង​២០០០​លាន​ដុល្លារ​) ដើម្បី​ខិតខំ «​សាង​ទំនប់​ឈាម​ខ្មែរ​»   ឱ្យ​ឈប់​ហូរ និង​ព្រះរាជ​តម្រិះ​បង្រួបបង្រួម​ជាតិ របស់​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​ព្រះ​នរោត្តម សីហ​នុ ៕