ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ទុំមុនស្រគាល) បទពាក្យ៨ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ទឹកសមុទ្រ​ជ្រៅ​គង់នៅ​វាស់​បាន ចិត្ដ​ក្បត់​សាមាន្យ​ពិត​ស្មាន​មិន​ត្រូវ
ស្នេហា​ដាច់ខាត​គ្មាន​បាត​ជម្រៅ ទុក​កេ​រ្ដ៍​អាស្រូវ​រស់នៅ​អាម៉ាស់ ។

– ទឹកសមុទ្រ​ជ្រៅ​គង់នៅ​វាស់​បាន               ចិត្ដ​ក្បត់​សាមាន្យ​ពិត​ស្មាន​មិន​ត្រូវ
   ស្នេហា​ដាច់ខាត​គ្មាន​បាត​ជម្រៅ                ទុក​កេ​រ្ដ៍​អាស្រូវ​រស់នៅ​អាម៉ាស់   ។
– ខំ​តែ​ជឿចិត្ដ​ព្រោះ​ត្បិត​ស្នេហ៍​ស្មោះ             ក្រេប​ឆ្អែត​សម្រស់​ដោះដៃ​ក្រឡាស់
   គេ​ជេរ​តិះដៀល​ថា​ខ្ញុំ​មុខ​ក្រាស់                 ងងើល​ឥត​ខ្មាស់​ខុស​អស់​ស្រី​ខ្មែរ   ។
– ចោល​ប្អូន​ចោល​ម្ដាយ​ឃ្លាតឆ្ងាយ​បង្គង        បំពេញ​បំណង​ប្រុស​កំពូល​ស្នេហ៍
   សង្ឃឹមថា​បាន​សុខសាន្ដ​ឥត​ប្រែ                ឥឡូវ​ឋាន​ស្នេហ៍​ស្គាល់​តែ​កំហុស   ។
– “​ទុំ​មុន​ស្រគាល​”​ញាតិ​ដៀល​រូប​ខ្ញុំ              ជា​ស្រី​ថ្លើមធំ​ហ៊ាន​រត់​តាម​ប្រុស
   បើ​ត្រូវ​មិន​ថ្វី​តែ​នេះ​គឺ​ខុស                       ត្រូវ​គេ​បង់​បោះ​ឱ្យ​រស់​តែលតោល​។
– ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​គេ​មិន​ប្រណី                       គេ​នាំ​ស្រី​ថ្មី​ទៅ​បាត់​ស្រមោល
   ជីវិត​អណ្ដែតត្រសែត​ប៉ែល​ប៉ោល               ដូច​ទូក​គេ​ចោល​កណ្ដាល​ជលសា  ។
– មិន​ហ៊ាន​វិល​វិញ​ទោម្នេញ​ក្នុង​ចិត្ដ               នឹកភ្នក​អាណិត​គិតដល់​មាតា
   បាន​ត្រឹម​បង្ហូរ​ជលនេត្រ​ខ្លោចផ្សា               សង្ឃឹម​ថ្ងៃ​ណា​ម៉ែ​ព្រម​អភ័យ   ។
– អ្វី​ដែល​ជ្រុលជ្រួស​ហួសពេល​នឹង​កែ             ជា​មេរៀន​ស្នេហ៍​សម្រាប់​យុវវ័យ
   ប្អូន​អើយ​កុំ​ធ្វើ​រំលង​ប្រពៃ​(១)                    ព្រោះ​យើង​ជា​ស្រី​ធ្វើ​អ្វី​ត្រូវ​គិត  ។

១-​    ​ប្រពៃ = ប្រពៃណី
ដោយ ព្រុំ គឹមជឿន
prumkimchoeun@gmail.com