អ៊ុយក្រែន ៖ ឆ្កែមួយក្បាលបានជួយសង្គ្រោះគូស្នេហ៍របស់ខ្លួន ដែលនៅលើផ្លូវរថភ្លើងក្នុងប្រទេស Ukraine និងបានមើលថែវាមុនពេលមានមនុស្សមកជួយ ។ ប្រជាជនក្នុងតំបន់គឺ Denis Malafeev បានរាយការណ៍ថា ឆ្កែអនាថាឈ្មោលមួយក្បាលឈ្មោះថា Panda បាននៅជិតគូស្នេហ៍របស់វាឈ្មោះ Lucy អស់ជាច្រើនថ្ងៃ បន្ទាប់ពី Lucy ត្រូវរបួសដើរមិនរួច ។
វីឌីអូមួយបង្ហោះនៅលើ Facebook ដោយលោក Malafeev បានបង្ហាញពីឆ្កែទាំងពីរដេកនៅលើផ្លូវរថភ្លើងគ្របដណ្តប់ដោយព្រិល ដែលនៅខាងក្រៅក្រុង Uzhgorod ក្នុងប្រទេស Ukraine ខាងលិច។ ការបង្ហោះនេះ ត្រូវបានចុចមើល និង Share បន្តជាច្រើនពាន់ដង ។
ខណៈមួយ Panda បានដេកចិត្តនាង Lucy ហើយថែមទាំងរុញច្រានក្បាលរបស់នាងចុះទៅក្រោម ដើម្បីការពារពីកង់រថភ្លើងពេលដែលឆ្លងកាត់ ។ លោក Malafeev បាននិយាយថា Panda បានព្រុសជាញឹកញាប់ ដើម្បីមិនឲ្យមនុស្សណាដើរមកកាន់ Lucy។
លោកបាននិយាយថា «វាពិតជារឿងដ៏គួរឱ្យរំភើបពិតមែន ដែលឆ្កែឈ្មោលនោះ បានធ្វើបែបនេះ២ថ្ងៃជាប់ៗគ្នា។ ខ្ញុំមិនដឹងថា គួរហៅព្រឹត្តិការណ៍នេះថាយ៉ាងដូចម្តេចទេ ក្រៅពីសភាវៈគតិ សេចក្តីស្រលាញ់ មិត្តភាព និងភាពស្មោះត្រង់។ ខ្ញុំដឹងរឿងមួយគឺ មនុស្សលោកទាំងអស់ ប្រហែលជាមិនធ្វើបានដូចនេះទេ ពួកយើងត្រូវតែរៀនពីវា ។ ប្រសិនបើមាននរណាជាម្ចាស់ឆ្កែមួយនេះ សូមប្រាប់ខ្ញុំឱ្យយដឹងផង» ។
ឆ្កែ Lucy និង Panda ក៏ត្រូវបានជួយសង្គ្រោះដោយលោក Malafeev និងក្រុមគ្រួសាររបស់លោក និងបានយកពួកវាទៅកាន់ជម្រកសត្វក្នុងតំបន់។ វាមិនទាន់ច្បាស់នៅឡើយទេ ពីមូលហេតុដែលធ្វើឲ្យ Lucy ត្រូវរបួស ប៉ុន្តែវាត្រូវបានទទួលការព្យាបាលហើយ ៕
ចែករំលែកព័តមាននេះ