ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា វិជ្ជា​ចម្លាក់​ប្រាក់​កាន់តែ​បាត់បង់​ជា​បន្ដបន្ទាប់ ទាមទារ​ធ្វើការ​អភិរក្ស

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោម​ជំនួយ​ឧបត្ថម្ភមូលនិធិ​ពី​អង្គការ​យូ​ណេ​ស្កូ និង​មានការសំរបសំរួល​ពី​អង្គការ​រៃ​យំ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ថា វិជ្ជា​ចម្លាក់​ប្រាក់ ដែលជា​មរតក​នៃ​ដូនតា​ខ្មែរ មិន​គ្រាន់តែ​មិន​មានការ​វិវត្ដន៍​រីក​ចំរើន​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​រង​នូវការ​បាត់បង់​បន្ដិច​ម្ដង​ៗ​ថែម​ទៀត ។

រាជធានី​ភ្នំពេញ ៖ ក្រោម​ជំនួយ​ឧបត្ថម្ភមូលនិធិ​ពី​អង្គការ​យូ​ណេ​ស្កូ និង​មានការសំរបសំរួល​ពី​អង្គការ​រៃ​យំ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ថា វិជ្ជា​ចម្លាក់​ប្រាក់ ដែលជា​មរតក​នៃ​ដូនតា​ខ្មែរ មិន​គ្រាន់តែ​មិន​មានការ​វិវត្ដន៍​រីក​ចំរើន​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​រង​នូវការ​បាត់បង់​បន្ដិច​ម្ដង​ៗ​ថែម​ទៀត ។

លោក គង់ វី​រៈ អ្នក​ស្រាវជ្រាវ​និង​ជាអ្នក​បុរាណវិទ្យា​និង​ជា​ប្រធាន​ផ្នែក​សិក្សា​នៃសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានថ្លែង​ថា ក្រោយ​ការ​ស្រាវជ្រាវ​យើង​រក​ឃើញថា វិជ្ជា​ចម្លាក់​ប្រាក់​របស់​ប្រទេស​ខ្មែរ​យើង ប្រាកដជា​មានការ​ថយ​ចុះ​ជា​បន្ដបន្ទាប់ ក្រោយ​ឆ្លងកាត់​ជា​ច្រើន​សតវត្ស​មកនេះ ។   លោក​បញ្ជាក់​ថា តាម​ពិត​ចម្លាក់​ប្រាក់​មិនមែន​ជា​ប្រភេទ​នៃ​ការ​ផលិត​វត្ថុ​សំរាប់​ការប្រើប្រាស់​នោះ​ទេ តែ​ការ​ចម្លង​ចម្លាក់​ក្លែងក្លាយ​ខុស​ពី​ស្នាដៃ​ដើម ហើយ​យក​ទៅ​ធ្វើរបស់​ប្រើប្រាស់​នោះ​ហើយ ទើប​ធ្វើ​ឱ្យ​វិជ្ជា​នៃចម្លាក់​ប្រាក់​មិន​មាន​តម្លៃ ។

លោក​គង់ វី​រៈ បាន​ថ្លែង​ថា ចម្លាក់ប្រាក់​គឺ​វា​ខុស​ទៅ​នឹង​ជាង​ដែល​ធ្វើ​ល្អី កញ្ច្រែង  បង្គី ដែល​ធ្វើ​អំពី​ឫស្សី​ឬ​ផ្ដៅ​មាន​តម្លៃ​ថោក តែ​ប្រាក់​ជា​របស់​មាន​តម្លៃ​ដែល​ធ្វើ​ឱ្យ​ទំនិញនៃ​ចម្លាក់​ប្រាក់​ត្រូវ​លក់​ក្នុង​តម្លៃ​ខ្ពស់ ។ ដូច្នេះ ទំនិញ​ចម្លាក់​ប្រាក់ជា​ទំនិញ​សំរាប់​អ្នកមានលុយ​ច្រើន​តែ​ប៉ុណ្ណោះ ។ អ៊ីចឹង​ជំនាញ​នៃចម្លាក់​ប្រាក់​ភាគច្រើន​គឺ​មា​នទី​តាំងនៅ​ក្នុងតំបន់​ជិត​ៗ​ក្រុង​និង​ក្បែរ​ព្រះ​បរមរាជវាំង ។  អ្នក​បុរាណវិទ្យា​រូប​នេះ​បាន​ប្រាប់​ថា​វត្ថុ​នៃចម្លាក់​ប្រាក់​គឺ​កើត​មាន​ឡើង​តាំងពី​២០០​ទៅ​៣០០​ឆ្នាំ​មុន​គ្រិស្ដសករាជ​ឯណោះ នេះ​បើតាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ស្ថានីយ​បុ​រេប្រវត្ដិសាស្ដ្រ ដែល​យើង​រក​ឃើញ​។ រហូត​មកដល់​សម័យ​ដើម​នៃ​គ្រិស្ដសករាជ យើង​បាន​រកឃើញ​ខ្លះ​ៗ​នូវ​ទិន្នន័យ​ដែល​អាច​ឱ្យ​យើងនិយាយ​បាន​ដោយ​ក្បោះក្បាយ​នោះ​គឺជាកំទេច​ប្រាក់​កំទេចមាស​ដែល​ជ្រុះ​នៅ​តាម​រោង​ជាង​ព្រមទាំង​ញញួរ​ផង​ដែរ ។ ការ​រក​ឃើញនោះ​បាន​បង្ហាញ​ថា ការងារ​ចម្លាក់​ប្រាក់​មានការ​​រី​ក​ចំរើន​តិច​មែន ព្រោះ​វា​ជា​ការងារធ្វើ​ដោយ​ដៃ​សុទ្ធសាធ​តែ​ម្ដង ។

លោក​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជាយើង​នា​សម័យ​ឧដុង្គ តំបន់​ដែល​មាន​ជំនាញចម្លាក់​ប្រាក់​ពី​បុរាណ​នោះ គឺ​ស្ថិត​នៅ​តំបន់ជិត​វាំង​ចាស់​ដូច​ជា​កំពង់ហ្លួង  កោះ​ចិន ព្រែកក្ដាម​ជាដើម ព្រោះ​ប្រជាពលរដ្ឋ​សម័យ​នោះ គឺ​គេ​យក​ចម្លាក់​ប្រាក់ជា​មុខរបរ​ចិញ្ចឹមជីវិត តែ​ម្ដង ហើយ​ជា​វិជ្ជា​ដែល​ចេះ​ត​ៗ​គ្នា ។ ពេលដែល​រាជធានី​ត្រូវ​ផ្លាស់​ពី​ឧដុង្គ​មក​ភ្នំពេញនោះ គេ​ក៏​រក​ឃើញ​ថា​អ្នកជំនាញ​ខាង​ចម្លាក់ ប្រាក់​ក៏​បាន​ចល័ត​ខ្លួន​មក​តាម​ផង​ដែរ  ។ អ៊ីចឹង​ហើយ​ពេល​កកើត​រាជធានី​ភ្នំពេញ​គេឃើញ​មាន​ជាងចម្លាក់​ប្រាក់​មក​រស់នៅនិង ប្រកប​របរ​ក្បែរ​ៗ​ព្រះ​បរមរាជវាំង ។ ក្នុងជំនាន់​អាណានិគមនិយម​បារាំង ពួក​គេ​បានរៀបចំ​កន្លែង​មួយ​គឺ​រោង​ជាង​របស់​ព្រះ​បរមរាជវាំង​ឱ្យទៅ​ជា​សាលា​រចនា​សព្វ​ថ្ងៃនេះ ។ 

ពេល​កើតជា​សាលា​រចនា​ហើយ​នោះ វិជ្ជាចម្លាក់​ត្រូវ​បាន​រៀបចំ​ចងក្រង​ឱ្យ​មាន​ជាក្បួនខ្នាត​ត្រឹមត្រូវ ។ ពេល​នោះ​សន្ទុះ​នៃ​ការធ្វើ​គ្រឿងប្រាក់​ឬ​ចម្លាក់​ប្រាក់​មានការ​រីក​ដុះដាល​ខ្លាំង​រហូត​ដល់​ទស​វត្ស​៥០ នៅ​ពេលដែល​រោង​ជា​ចម្លាក់​ប្រាក់​តូចតាច​បាន​ពង្រីកទៅ​ជា​រោង​ជាង​ដ៏​ធំ​ជា​រោង​ជាងចម្លាក់​ប្រាក់ដ៏​ល្បី​របស់​លោក​ប៊ុ​ន ថា​ន់ និង​ជា ផ្លុ​ង ជាដើម​។  ការ​រីក​ដុះដាល​ធំ​នៃ​ចម្លាក់​ប្រាក់​នាពេល​នោះ គឺ​មនុស្ស​គេ​ត្រូវការ​ឧបករណ៍​នៃចម្លាក់​ប្រាក់​យក​ទៅ​ប្រើប្រាស់ ហើយ​មិនគ្រាន់តែ​ប្រើប្រាស់​ធម្មតា​ទេ គឺ​គេ​យក​វា​ទៅប្រើ​ជា​វត្ថុ​បង្ហាញ​ដើម្បី​ឱ្យ​គេ​កោតស្ញប់ស្ញែងទៀត​ផង​។   គេ​សង្កេត​ឃើញ​ថា ចម្លាក់​ប្រាក់នេះ​មានការ​រីក​ដុះដាល​គ្រាន់បើ​រហូត​ជិត​ដល់​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០ តែ​ក៏​ត្រូវ​បាត់បង់តែ​ម្ដង​នា​សម័យ​ប៉ុ​ល​ពត ។

ក្រោយ​ពី​របប​ប៉ុ​ល​ពត​ដួល​រលំ​ទៅ ជំនាញចម្លាក់​បានក​កើតឡើង​វិញ តែ​ក៏​មិន​ដូច​មុននោះ​ដែរ ព្រោះ​ការ​សិក្សា​រៀនសូត្រ​របស់យើង​មិន​បាន​យក​ប្រាក់​មក​រៀន​ដូច​មុន​ទេ គឺ​យក​ស្ពាន់​មក​រៀន​ឆ្លាក់​ទៅ​វិញ ព្រោះ​វាមាន​តម្លៃ​ថោក​ជាងងាយស្រួល​ដល់​ពេល​គេលក់ ។ ម្យ៉ាងទៀតការ​និយម​ប្រើប្រាស់គ្រឿង​ចម្លាក់​ប្រាក់​កាន់តែ​ថយ​ចុះ​មិន​ដូចសម័យ​ដើម​ដែល​មនុស្ស​ចូល​ចិត្ដ​គ្រឿងចម្លាក់​ពី​ប្រាក់​ឡើយ ។ កត្ដា​ទាំង​អស់នេះហើយ​ដែល​ធ្វើ​ឱ្យ​មុខ​វិជ្ជា​ចម្លាក់​ប្រាក់​មានការ​ថយ​ចុះ​ជា​លំដាប់​រហូត​សព្វថ្ងៃ ។ ពុំ​មានការ​បង្ហាញ​អំពី​ការ​វិវត្ដន៍​ឡើង​វិញ​នៃ​ចម្លាក់ប្រាក់​នេះ​ទេ ព្រោះ​វា​ជា​ជំនាញ​ដោយ​ដៃសុទ្ធសាធ ហើយ​ការ​ប្រើប្រាស់​ឬ​តម្រូវការរបស់​មនុស្ស​ចំពោះ​ចម្លាក់​ប្រាក់​កាន់តែមាន​កំរិត​ទាប ៕