ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​កេរដំណែល​ខ្មែរ​សម្រាប់​តាំង​វត្ថុ​បុរាណ​និង​វត្ថុ​ប្រើប្រាស់​ជំនាន់​មុន

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សារមន្ទីរ​កេរដំណែល​ខ្មែរ ស្ថិត​នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់ ក្រោម​ការ​ចូលរួម​ពី​ប្រជា​ពល​រដ្ឋ​ច្រើន​កុះករ ។

ខេត្តកំពង់ធំ ៖ សារមន្ទីរ​កេរដំណែល​ខ្មែរ ស្ថិត​នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់ ក្រោម​ការ​ចូលរួម​ពី​ប្រជា​ពល​រដ្ឋ​ច្រើន​កុះករ ។

លោកស្រី​សូ សុ​គ​ន្ធា​រី នាយិកា​ប្រតិបត្តិ​គម្រោង​អភិរក្ស​ប្រាសាទសំបូរព្រៃគុក​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ ថា​សារមន្ទីរ​តូច​មួយ​នេះ​កសាង​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​ប្រជាជន​ជប៉ុន​និង​ការ​ចូលរួម​ពី​សហគមន៍​មនុស្ស​ចាស់​ខេត្តកំពង់ធំ​ដែល​ដឹកនាំ​ដោយ​លោក​ព្រឹទ្ធាចារ្យ​កង សា​អ៊ុំ ។ សារមន្ទីរ​កេរដំណែល​ខ្មែរ​នេះ​ប្រមូលផ្តុំ​វត្ថុ​បុរាណ និង​សម្ភារ​ដែល​មនុស្ស​ចាស់​ធ្លាប់​ប្រើ​ដាក់​តាំង​បង្ហាញ ។

ការ​បង្ហាញ​នេះ​ដោយសារ​តែ​បច្ចុប្បន្ន​ក្មេង​ជំនាន់​ក្រោយ​ពុំ​សូវ​ដឹង​ថា ចាស់​ៗ​ជំនាន់​ដើម​ប្រើប្រាស់​របស់របរ​អ្វីខ្លះ​ដើម្បី​ចិញ្ចឹមជីវិត ។

លោកស្រី​សូ សុ​គ​ន្ធា​រី ថ្លែង​ថា​«​រៀបចំ​សារមន្ទីរ​កេរដំណែល​ខ្មែរ​នេះ​ឡើង​គោលបំណង​ចង់ឱ្យ ក្មេង​ៗ​ជំនាន់​ក្រោយ​ស្គាល់​អំពី​អត្តសញ្ញាណរបស់​ជាតិ​ខ្លួន ស្គាល់​ពី​វប្បធម៌ និង​ស្គាល់​ពី​អរិយធម៌​ដូនតា​របស់​ពួក​យើង មិនតែប៉ុណ្ណោះ​ពួក​យើង​ក៏​ចង់​ចែករំលែក​នូវ​ព័ត៌មាន​ទាំងនេះ​ទៅ​ទៅ​ដល់​ប្រជាជាតិ​អាស៊ី​ទាំងអស់​បាន​ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​ពួក​យើង​មាន​វប្បធម៌​ប្រហាក់ប្រហែល​គ្នា ។

រយៈពេល​ជាង​២០​ឆ្នាំ​មុន​ប្រជាជន​ខ្មែរ​យើងអាច​ផលិត​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដោយ​ខ្លួនឯង​គ្រប់​ៗ​គ្នា ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​នោះ​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ចាស់​ៗ​ជំនាន់​នេះ​លោក​មាន​បំណង​យក​វត្ថុ​ទាំង​អស់នេះ​មក​ថែរក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ​នេះ​កុំឱ្យ​បាត់បង់ ហើយ​ការ​ថែរក្សា​នេះ​ទៀត​សោត​គឺ​ទុក​សម្រាប់​ឱ្យ​មនុស្ស​គ្រប់​ស្រទាប់​បាន​ចូល​ទៅ​ទស្សនា​ដោយ​មិន​យក​ប្រាក់​នោះ​ឡើយ ។ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​សារមន្ទីរ​នេះ​យើង​ក៏​មាន​អ្នក​ចាំ​បកប្រែ​ពន្យល់​ប្រាប់​អំពី​សាវតារ​ហើយ​និង​របៀប​ប្រើ​ប្រាស់​ដល់​ភ្ញៀវ​ទៀត​ផង​» ៕