«Mirror» របស់អង់គ្លេសផ្សាយថា ប្តី-ប្រពន្ធដែលរៀបការអស់រយៈពេលជាង៦៣ឆ្នាំ បានដេកចាប់ដៃគ្នា និងស្លាប់ក្នុងថ្ងៃតែមួយនៅលើគ្រែក្នុងមន្ទីរពេទ្យ ។
លោកយាយ «Dolores Winstead» អាយុ៨៣ឆ្នាំ និងលោក Trent អាយុ៨៨ឆ្នាំ រស់នៅរដ្ឋថេនណេសស៊ី សហរដ្ឋអាមេរិក បានរៀបការរស់នៅរួមគ្នារយៈពេល៦៣ឆ្នាំ។ ពួកគាត់បានស្លាប់នៅមន្ទីរពេទ្យ «Saint Thomas West» ក្នុងទីក្រុងណាស់វីល សហរដ្ឋអាមេរិក ។ លោកតា Trent ធ្លាក់ខ្លួនឈឺ និងចូលមន្ទីរពេទ្យមុនដោយរោគក្រលៀនចុះខ្សោយ ក្រោយមកលោកយាយ Dolores ឈឺក្បាលហើយគ្រូពេទ្យពិនិត្យឃើញថា ស្ពៀតសរសៃឈាមខួរក្បាល ត្រូវប្រើឧបករណ៍ជួយដកដង្ហើម ។
អ្នកជំងឺទាំង២នាក់ ត្រូវដាក់នៅក្នុងបន្ទប់តែមួយ ហើយពួកគាត់បានចាប់ដៃគ្នាក្នុងជីវិតចុងក្រោយ ។ លោកយាយបានស្លាប់មុន ហើយលោកតាស្លាប់ក្នុងពេលបន្ទាប់ដោយចាប់ដៃគ្នាបង្ហាញពីទឹកចិត្តស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ។
លោកយាយ Dolores និងលោកតា Trent បានជួបគ្នាដំបូងនៅឆ្នាំ១៩៥០ ក្រោយមកលោកតា Trent ត្រូវបញ្ជូនទៅធ្វើសង្គ្រាមនៅប្រទេសកូរ៉េ ប៉ុន្តែពួកគាត់តែងតែផ្ញើសំបុត្រស្នេហាឱ្យគ្នាជាច្រើនដង ។ ក្រោយមកពួកគាត់រៀបការជាមួយគ្នា ៕
ចែករំលែកព័តមាននេះ