អាមេរិក៖ តាមប្រភពពី Independent បានឱ្យដឹងថា អ្នកអោបលក្ខណៈអាជីព កញ្ញា Samantha Hess បានបើកហាងផ្តល់សេវាអោបបីត្រកងមួយកន្លែងយីហោ «Cuddle Up To Me» ដែលយកសេវាក្នុងមួយម៉ោង៦០ដុល្លារ នៅរដ្ឋ Oregon សហរដ្ឋអាមេរិក។
ម្ចាស់ហាងវ័យក្មេងរូបនេះ បានប្រាប់មកកាន់ Fox12 ថា «ការរកស៊ីរបស់ខ្ញុំ ពិតជាមានភាពជោគជ័យណាស់ ។ គ្រាន់តែអាទិត្យដំបូងសោះ មានអ្នកផ្ញើអ៊ីម៉ែល មកទាក់ទងទទួលសេវាដល់ទៅ១,០០០០នាក់» ។ កញ្ញាបានបង្ហើបឱ្យដឹងថា ការនឹកឃើញបង្កើតហាងផ្តល់សេវាកម្មប្រភេទនេះ គឺកើតឡើងមកពីខ្លួននាងផ្ទាល់ នៅពេលដែលនាងធ្លាក់ក្នុងចំណុចទាបដុនដាបបំផុតក្នុងជីវិត។ នៅពេលនោះ នាងមានអារម្មណ៍ថា ចង់ឲ្យនរណាម្នាក់មកអោបនាងឱ្យណែន ដើម្បីឲ្យបានធូរស្បើយក្នុងចិត្ត ។
ចាប់តាំងពីពេលនោះមក នាងក៏គិតចេញគំនិតបើកហាងនេះ ដើម្បីជួយដោះស្រាយបញ្ហាផ្លូវចិត្តរបស់មនុស្សឯទៀតៗ ដែលជួបប្រទះបញ្ហាដូចនាងកាលពីមុន។ ជាមួយគ្នានេះដែរ នាងមានការគាំទ្រពីសំណាក់អតិថិជន ដែលបានមកទទួលសេវាកម្មរបស់នាងយ៉ាងខ្លាំង ហើយពួកគេមានចំណាប់អារម្មណ៍ក្នុងការមកម្តងទៀត ។
គួរបញ្ជាក់ថា ហាងរបស់នាងបើកពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ។ ការស្លៀកខោអាវដេកយប់ គឹជាការល្អនៅពេលមកហាងរបស់នាង ៕
ចែករំលែកព័តមាននេះ