ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន «​ក្បាលស្ពាន​» មានចម្លាក់​លិង្គ​មួយ​ពាន់​នៅ​បាត​ស្ទឹង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​«​ក្បាលស្ពាន​» គឺជា​រមណីយដ្ឋាន​មួយ​ស្ថិត​នៅ​ជម្រាលភ្នំ​គូលែន ខេត្តសៀមរាប ។ រមណីយដ្ឋាន​នេះ​អាច​ហៅ​ឈ្មោះ​ម្យ៉ាងទៀត​ថា «​ជ្រលង​លិង្គ​មួយ​ពាន់​» ។ បើ​ធ្វើ​ដំណើរ​ទៅ​ចេញពី​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​«​ក្បាលស្ពាន​» គឺជា​រមណីយដ្ឋាន​មួយ​ស្ថិត​នៅ​ជម្រាលភ្នំ​គូលែន ខេត្តសៀមរាប ។ រមណីយដ្ឋាន​នេះ​អាច​ហៅ​ឈ្មោះ​ម្យ៉ាងទៀត​ថា «​ជ្រលង​លិង្គ​មួយ​ពាន់​» ។ បើ​ធ្វើ​ដំណើរ​ទៅ​ចេញពី​ខេត្តសៀមរាប កុំ​ភ្លេច​ធ្វើ​ដំណើរ​ឆ្ពោះទៅ​លេង «​ក្បាលស្ពាន​» ស្ថិត​នៅ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ប្រហែល​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប និង​ឃ្លាតឆ្ងាយ​ពី​ប្រាសាទបន្ទាយស្រី​ប្រមាណ​ជា​១៨​គីឡូម៉ែត្រ ។

ទីនោះ​មាន​រូបចម្លាក់​នៅ​លើ​ផ្ទាំង​ថ្ម នៅ​ជុំវិញ​ស្ទឹង​ក្បាលស្ពាន​ដែល​ភាគច្រើន​កសាង​ឡើង​ពី​សតវត្ស​ទី​១១ និង​សតវត្ស​ទី​១៣ ។ ក្បាលស្ពាន​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ និង​ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទ Udayadityavarman II ។ ជនជាតិ​ខ្មែរ​យល់​ឃើញ​ថា ទឹក​ដែល​ហូរ​នៅ​តាម​ទីកន្លែង​នោះ​ហូរ​មិន​ដាច់ គឺជា​ប្រភព​នៃ​ការ​ចម្រុង ចម្រើន និង​ត្រជាក់ត្រជុំ ព្រមទាំង​មាន​ស្លឹកឈើ​ខៀវស្រងាត់ បក់​រវិច និង​មាន​សំឡេង​សត្វ បក្សា បក្សី យំ​រំពង​ពេញ​ព្រៃ​ធម្មជាតិ ។

ម្យ៉ាងទៀត​ទឹក​ដែល​ហូរ​ធ្លាក់​ចុះ​មក​ត្រូវ​ប្រជា​កសិក​យក​ទៅ​ស្រោចស្រព​ដំណាំ​កសិកម្ម ហើយ​ជា​ពិសេស​នោះ​មនុស្ស​ជំនាន់​ដើម​បាន​ឆ្លាក់​លិង្គ​រាប់​មិន​អស់ ដែល​ជា​និមិត្តរូប​ស្នង​នៃ​ព្រះ​ឥសូរ​នៅ​តាម​បាត​ស្ទឹង​ចាប់ពី​ខាងជើង​ផែ្ន​ក​ខាងលើ​នៃ​ស្ពានថ្ម​ធម្មជាតិ រហូត​ដល់ទី​ដែល​មាន​ទឹកធ្លាក់ ដូច្នេះ​ហើយ​បានជា​មាន​សិលា​ចារិក សំស្ក្រឹត​ហៅ​ទីនោះ​ថា «​សហ​ស្រ​លិង្គ​១»​។

ម្យ៉ាងវិញទៀត មាន​ឆ្លាក់​រូប​យោនី​ជា​និមិត្ត​ជាប់​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ទៀត​ផង ចម្លាក់​ទាំងនោះ​មាន​ពាសពេញ​នៅ​ក្នុង​បាត​ស្ទឹង ប្រវែង​ប្រមាណ​ជា​២០០​ម៉ែត្រ នៅ​តាម​ច្រាំង​និង​នៅ​តាម​លើ​ជ​ញ្ឆាំ​ង ខ្លះ​ៗ​មួយ​ចំនួន​ផង​ដែរ ។

អ្នកទេសចរ​ម្នាក់​ពី​ខេត្តបាត់ដំបង ដែល​បាន​ទៅ​កម្សាន្ត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​គាប់ចិត្ត​ចំពោះ​សោភ័ណ​ភាព​ដ៏​ស្រស់ប្រិមប្រិយ​នៃ​រមណីយដ្ឋាន​ក្បាលស្ពាន ខណៈ​បាន​ទៅ​កម្សាន្ត​លើក​ដំបូង ។ ដូច្នេះ​ហើយនឹង​ប្រាប់​មិត្តភក្តិ​អ្នក​ជិតខាង បើ​ទៅ​លេង​ខេត្តសៀមរាប ឱ្យ​ហួស​ទៅ​លេង​រមណី​ដ្ឋា​ន​ក្បាលស្ពាន ព្រោះ​មានទឹក​ងូត​លេង​ត្រ​ជាត់​ណាស់ ថែម​ទាំង​មាន​បដិមា​បុរាណ​សម្រាប់​ទស្សនា​ទៀត​ផង ។

ក្រៅពី​រូបចម្លាក់​លិង្គ​ជា​ច្រើន​នៅ​មាន​រូប​ព្រះ​នារាយណ៍​ផ្ទុំ​កណ្តាល​មហាសមុទ្រ​នា​អន្តរ​សម័យមួយ​នៃ​ព្រះព្រហ្ម​ផុស​ចេញពី​ផ្ចិត​នៃ​ព្រះ​នារាយណ៍​តាម​ផ្កាឈូក​មួយ​ទង​ដើម្បី​មក​បង្កើត​សត្វលោក​សា​ជា​ថ្មី ។ មនុស្ស​ជំនាន់​ដើម​យល់​ឃើញ​ថា ទឹក​ដែល​ហូរ​ធ្លាក់​នោះ​គឺជា​ទឹកមន្ដ​ដ៏​សក្ដិ​សិទ្ធិ​ពី​ចម្លាក់​ថ្ម​ទាំង​អស់នោះ ។ មិនតែប៉ុណ្ណោះ​បង្កើត​បានជា​ដៃ​នៃ​ស្ទឹង​ប្ញ​ស្សី ស្ទឹង​ពួក និង​ស្ទឹង​សៀមរាប​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។

អ្នកទេសចរ​ដែល​បាន​ទៅ​លេង​រមណី​ដ្ឋា​ន​នោះ​នឹង​ឃើញ​ផ្ទាំង​ថ្ម​ចម្លាក់​បាក់បែក​ទាំងឡាយ​នៅ​ក្នុង​ស្ទឹង​ក្បាលស្ពាន ដែល​មាន​ដូច​ជា​ចម្លាក់​លិង្គព្រះឥសូរ និង​ចម្លាក់​ដទៃ​ទៀត ដែល​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ។ ទោះជា​យ៉ាងណា​ក្តី​បំណែក​ផ្ទាំង​ថ្ម​ទាំងនោះ​នៅ​តែ​មាន​ក្បាច់ក្បូរ​រចនា​ស្រស់​ស្អាត​បង្ហាញ​ភាព​ប៉ិន​ប្រសប់​របស់​វិចិត្រករ​ខ្មែរ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ៕