ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន​នៅ​ប្រទេស​បារាំង​ផ្ដល់​ជូន​ជីដូន​រើស​កួរស្រូវ​ចិញ្ចឹម​ចៅ​៥​នាក់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ អំណោយ​របស់​សប្បុរសជន​នៅ​ប្រទេស​បារាំង​រួម​មាន​អង្ករ​៤០​គីឡូក្រាម​, មី​១​កេស​, ទឹកត្រី​៦​ដប​,​ទឹកស៊ីអ៊ីវ​៦​ដប​, ត្រីខ​១០​កំប៉ុង​, អំបិល​១​គីឡូក្រាម​ …

ខេត្តពោធិ៍សាត់ ៖ អំណោយ​របស់​សប្បុរសជន​នៅ​ប្រទេស​បារាំង​រួម​មាន​អង្ករ​៤០​គីឡូក្រាម​, មី​១​កេស​, ទឹកត្រី​៦​ដប​,​ទឹកស៊ីអ៊ីវ​៦​ដប​, ត្រីខ​១០​កំប៉ុង​, អំបិល​១​គីឡូក្រាម​, ប៊ី​ចេ​ង​កន្លះ​គីឡូក្រាម​, ស្ករស​១​គីឡូក្រាម​, សាប៊ូ​ម្ស៉ៅ​កន្លះ​គីឡូក្រាម​, ប្រេងកូឡា​១​ប្រអប់​, ក្រមា​១ និង​ថវិការ​២០០០០​រៀល ត្រូវ​បាន​លោក​មេធាវី ថន បូ​រី នាំ​យក​ទៅ​ប្រគល់​ជូន​លោកយាយ​ឈ្មោះ ជិន យ៉េន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្មែរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​លោកយាយ​មាន​ជីវភាព​ក្រីក្រ​ដើរ​រើស​កួរស្រូវ​ចិញ្ចឹម​ចៅ​៥​នាក់ បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​បាត់​ឈឹង​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ ។

លោក​មេធាវី ថន បូ​រី បាន​រៀបរាប់​ប្រាប់​លោកយាយ​ថា សម្ភារៈ​ទាំងអស់​នេះ​ជា​អំណោយ​របស់​សប្បុរសជន​នៅ​ប្រទេស​បារាំង​ដែល​បាន​រៃ​អង្គាស​គ្នា​មក​ជូន​លោកយាយ​តាម​រយៈ​លោក ប៊ុ​យ​រ៉េ​ស ដូ​ម៉ូ​និ​ច និង​លោកស្រី សួន សា​វី ជា​អនិកជន​រស់នៅ​ប្រទេស​បារាំង ។ អំណោយ​របស់​សប្បុរសជន​នៅ​ប្រទេស​បារាំង​នេះ​មិនមែន​ចែក​តែ​គ្រួសារ​លោកយាយ​មួយ​ទេ គឺ​បាន​បែងចែក​ដល់​ចាស់ជរា​គ្មាន​ទីពឹង ជន​ពិការ និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្នុង​ខេត្តពោធិ៍សាត់​នេះ និង​ខ្លះ​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ អំណោយ​ដ៏​តិចតួច​នេះ​គ្រាន់តែ​ជា​ការ​ដោះ​ទាល់​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​ក្នុង​គ្រួសារ និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក៏​ដូច​កាកបាទក្រហមកម្ពុជា​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ដែល​ជួប​ការ​ខ្វះខាត ។

គួរ​រម្លឹក​ថា ប្ដី​ប្រពន្ធ​ពីរ​នាក់​បាន​នាំ​គ្នា​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ជិត​មួយ​ឆ្នាំទៅ​ហើយ​បន្សល់​ទុក​កូនប្រុស​ស្រី​៥​នាក់​ឲ្យ​ជីដូន​ដើរ​រើស​កួរស្រូវ និង​ស៊ីឈ្នួល​គេ​ចិញ្ចឹម​យ៉ាង​លំបាក​វេទនា ។ កូនស្រី​បង​អាយុ​១៣​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​មួយ​ឆ្នាំ​ប្រាំ​ខែ សព្វថ្ងៃ​ទៅ​រៀន​សាលា​៣​នាក់ នៅផ្ទះ​២​នាក់ រស់នៅ​ភូមិ​ទួល​ខ្មែរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ។ សង្ឃឹមថា នឹង​មាន​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​លោកយាយ​បន្ត​ទៀត​ដើម្បី​ចិញ្ចឹម​ចៅ​ទាំង​៥​នាក់ ខណៈ​ឪពុក​ម្ដាយ​របស់​ពួក​គេ​មិន​ទាន់​ឃើញ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​នោះ ៕