ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ជួយ Share បន្ត​ដើម្បី​បានដឹង​ដល់​សប្បុរសជនផង​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ទុរគត​វ័យ​ចំណាស់​ម្នាក់​មាន​ជម្ងឺ​ទឹកនោមផ្អែម លើសឈាម ខ្លាញ់​រុំ​បេះដូង ឈឺសន្លាក់ និង​ជម្ងឺ​ធាត់ អត់​លុយ​សម្រាប់​ព្យាបាល​ជម្ងឺ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ទុរគត​វ័យ​ចំណាស់​ម្នាក់​មាន​ជម្ងឺ​ទឹកនោមផ្អែម លើសឈាម ខ្លាញ់​រុំ​បេះដូង ឈឺសន្លាក់ និង​ជម្ងឺ​ធាត់ អត់​លុយ​សម្រាប់​ព្យាបាល​ជម្ងឺ រាល់ថ្ងៃ​ស៊ីឈ្នួល​កាត់​ព្រុយ​ខោ​យក​លុយ​ទិញ​ថ្នាំ​ព្យាបាល​ជម្ងឺ​ទាំង​ខ្វះមុខខ្វះក្រោយ ។

ស្ត្រី​ទុរគត​ខាងលើ​ឈ្មោះ ឡុ​ង ស៊ី​ម៉េ​ត អាយុ​៦១​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​កាត់​ព្រុយ​ខោ ស្នាក់​នៅផ្ទះ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​ស្ត្រី​មេម៉ាយ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ម្តាយ​របស់​គាត់​មានកូន​ច្រើន​នាក់​ពេក ក៏​បាន​ឲ្យ​រូប​គាត់​ទៅ​រស់នៅ​ជាមួយ​ម្តាយធំ​តាំងពី​តូច​រហូត​មក គឺ​រស់នៅ​ជាមួយ​ម្តាយធំ​ដូច​ម្តាយ​និង​កូន​តែ​ពីរ​នាក់ ។ កន្លង​មក​គាត់​ធ្លាប់​មាន​ប្តី​ម្តង​មក​ហើយ តែ​បាន​លែងលះ​គ្នា​ទាំង​មិន​ទាន់​មានកូន​ទេ ហើយ​មក​រស់នៅ​ជាមួយ​ម្តាយចិញ្ចឹម​រហូត​ដល់​ចាស់​ម្តាយ​ធ្លាក់ខ្លួន​ឈឺ​បាន​ខ្ចី​លុយ​គេ​យក​មក​មើល​ម្តាយ ពេល​គាត់​ស្លាប់​ទៅ​ដោយសារ​ជំពាក់​គេ​ច្រើន​ពេក​ក៏​លក់​ផ្ទះសម្បែង​យក​ប្រាក់​សង​គេ​អស់​ទៅ ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ទៀត​ថា តាំងពី​ម្តាយ​គាត់​ស្លាប់​ស្លាប់​កាលពី​ឆ្នាំ​២០០៤ គាត់​ក៏​បាន​លក់​ផ្ទះ​អស់​សង​គេ អត់​មានផ្ទះ​ស្នាក់​នៅ​ក៏​បាន​សុំ​ផ្ទះ​ក្មួយ​ប្រុស​ស្នាក់​នៅ ដោយ​ក្មួយ​រស់នៅ​លើ​ផ្ទះ គាត់​ស្នាក់​នៅ​ខាងក្រោម​ផ្ទះ ។ នៅ​ឆ្នាំ​២០១៤ គាត់​បាន​បំបួស​ក្មួយ​ប្រុស​តែ​អត់​មាន​លុយ​ក៏​បាន​ចងការ​លុយ​គេ​យក​ទៅ​បំបួស​ក្មួយ​ចំនួន​៤០​ម៉ឺន​រៀល ប៉ុន្តែ​ការ​ប្រាក់​ថ្លៃ​ពេក​ក៏​អត់​លទ្ធភាព​បង់ គាត់​បាន​ចូល​សមាគម​ហើយ​បាន​ខ្ចី​លុយ​សមាគម​៤០​ម៉ឺន​រៀល​ទៅ​សង​គេ​ដោយ​បង់ការ​ប្រាក់​ឲ្យ​សមាគម​ក្នុង​មួយ​ខែ​១២៥០០​រៀល​រយៈពេល​១​ឆ្នាំ សមាគម​តម្រូវ​ឲ្យ​បង់​ទាំង​ដើម​ឲ្យ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​នេះ ។

ស្ត្រី​មេម៉ាយ​ទុរគត​បាន​បន្ត​ទៀត​ថា កាលពី​ម្តាយ​គាត់​នៅ​រស់​គាត់​ដើរ​ស៊ីឈ្នួល​បោក​ខោអាវ ដើរ​កោសខ្យល់ និង​ជួយ​ធ្វើ​ម្ហូប​តាម​រោង​បុណ្យ​ឲ្យ​គេ​បាន​ប្រាក់​ចិញ្ចឹម​ម្តាយ ។ បន្ទាប់​ពី​ម្តាយ​ស្លាប់​ចោល គាត់​ធ្លាក់ខ្លួន​ឈឺ ធ្វើការ​ធ្ងន់​មិនកើត ក៏​បាន​ប្រកប​របរ​ស៊ីឈ្នួល​អង្គុយ​កាត់​ព្រុយ​ខោ​របស់​រោងចក្រ​ដែល​គេ​យក​មក​ជួល​កាត់​បន្ត​ទៀត ដោយ​កាត់​ព្រុយ​ចំនួន​១០០​ខោ​បាន​ប្រាក់​ចំនួន​៧០០០​រៀល ក្នុង​មួយ​ថ្ងៃ​បើ​គាត់​កាត់​តែ​ម្នាក់ឯង កាត់ បាន​តែ​៧០​ទៅ​៨០​ខោ​ទេ ព្រោះ​ភ្នែក​គាត់​ចាស់​ហើយ​មើល​មិនសូវ​ច្បាស់ ទាល់តែ​អ្នក​ជិតខាង​ជួយ​កាត់​ទើប​កាត់​បាន​១០០​ខោ ។ ពេល​ដែល​កាត់​ព្រុយ​បាន​ហើយ​ថៅកែ​មិន​បាន​ឲ្យ​ប្រាក់​ភ្លាម​ៗ​ទេ ទាល់តែ​មួយ​ខែ​ទើប​ឲ្យ​លុយ​ម្តង បាន​ប្រាក់​១៣​ម៉ឺន​ទៅ​១៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ប្រាក់​ដែល​កាត់​ព្រុយ​ខោ​បាន​ទុក​សម្រាប់​ទិញ​ថ្នាំលេប​ប្រចាំ​ថ្ងៃ និង​បង់ការ​ប្រាក់​ឲ្យ​សមាគម​មិន​គ្រប់​ទេ ព្រោះ​គាត់​មាន​ជម្ងឺ​ច្រើន​មុខ​ពេក ។

ប្រភព​ដដែល​បន្ត​ទៀត​ថា គ្រូពេទ្យ​បាន​ប្រាប់​ថា គាត់​មាន​ជម្ងឺ​ទឹកនោមផ្អែម លើសឈាម ខ្លាញ់​រុំ​បេះដូង ឈឺសន្លាក់ និង​ជម្ងឺ​ធាត់ ទោះ​រាល់ថ្ងៃ​គាត់​អត់​មាន​បាយ​ហូប​ក៏​ធាត់​ដែរ ។ ជា​រៀងរាល់ថ្ងៃ​បាន​អ្នក​ជិតខាង​ឲ្យ​បាយ​ហូប និង​ទិញ​ខ្លួនឯង​ហូប​តិចតួច​ទេ សូ​ម្បី​តែ​លុយ​ទិញ​ថ្នាំ​ក៏​ខ្ចី​អ្នក​ជិតខាង​ដែរ ទម្រាំ​បើក​លុយ​ថ្លៃ​កាត់​ព្រុយ​ខោ​ទើប​សង​វិញ ។
ជា​ចុង​ក្រោយ​ស្ត្រី​មេម៉ាយ​ទុរគត​ខាងលើ​បាន​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​មេត្តា​ជួយ​ដល់​គាត់​ដែល​កំពុង​តែ​មាន​ជម្ងឺ​អត់​លុយ​សម្រាប់​ព្យាបាល​ផង ព្រោះ​គាត់​មិន​មាន​កូនចៅ​ជួយ​ផ្គត់ផ្គង់​ទេ ។ សប្បុរសជន​អាច​ទំនាក់ទំនង​ទូរស័ព្ទ​ផ្ទាល់​របស់​គាត់​លេខ ០៩៥ ១០៣ ១៤២ ៕