ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​ជប៉ុន​រៀបចំ​សម្អាត​បរិស្ថាន​នៅ​តំបន់​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ តំបន់​អង្គរ​មាន​ភាព​ល្បីល្បាញ​ដោយសារ​ប្រាង្គ​ប្រាសាទបុរាណ​ដ៏​ល្អ​វិចិត្រ និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ឱ្យមក​ទស្សនា​កាន់តែ ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ឆ្នាំ ។ តាម​រយៈ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​

ខេត្តសៀមរាប ៖ តំបន់​អង្គរ​មាន​ភាព​ល្បីល្បាញ​ដោយសារ​ប្រាង្គ​ប្រាសាទបុរាណ​ដ៏​ល្អ​វិចិត្រ និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ឱ្យមក​ទស្សនា​កាន់តែ ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ឆ្នាំ ។ តាម​រយៈ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​បាន​នាំ​ទាំង​ចំណូល និង​បញ្ហា​បរិស្ថាន​ដល់​តំបន់​ដ៏​ស្រស់បំព្រង​មួយ​នេះ បើ​គ្មាន​ការ​យកចិត្តទុកដាក់​លើ​ការ​គ្រប់គ្រង​សំរាម និង​កាក​សំណល់​បាន​ត្រឹមត្រូវ​ទេ​នឹង​ធ្វើ​ឱ្យ​តំបន់​អង្គរ និង​ខេត្តសៀមរាប​ទាំងមូល​បាត់បង់​សោភ័ណ​ភាព ភាព​ទាក់ទាញ រួម​ទាំង​តម្លៃ​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ធំធេង។

ដូច្នេះ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣​របស់​ប្រទេស​ជប៉ុន បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា សាលាខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត រៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន​តំបន់​អង្គរ​ក្រោម​ប្រធានបទ «​រក្សា​អង្គរ​ស្អាត​ជា​និច្ច Keep Angkor Clean» ជា​លើក​ទី​១​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​មុខ​ប្រាសាទអង្គរវត្ត​។

កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតី​លោក​ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក​លី សំ​រិ​ទ្ធ អភិបាលរង​ខេត្តសៀមរាប កញ្ញា​ហ៊ី​សា​អិ អា​រ៉ៃ អគ្គ​នាយិកា​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ ឯកអគ្គរាជទូត​សុច្ឆន្ទៈ​នៃ​កីឡា​វាយ​កូន​បាល់​កម្ពុជា និង​ជា​បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១១ បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១២ ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ និង​អ្នកចូលរួម​ប្រមាណ​២០០០​នាក់ មាន​បុគ្គលិក​សម្អាត​វី​គ្រី​ន សិស្សានុសិស្ស​ក្នុង​តំបន់ កាយឫទ្ធិ យុវជន​កាកបាទក្រហម មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ។

កម្មវិធី​នេះ​ផ្តោត​សំខាន់​លើ​ការ​អប់រំ​បរិស្ថាន​ចំពោះ​កុមារ ដោយ​ផ្តោត​លើ​សកម្មភាព​សំខាន់​៣​។

ទី​១-​គឺ​ផ្តោត​លើ​ការ​អប់រំ​បរិស្ថាន​តាំងពី​កុមារ ហើយ​ប្រមូល​សំរាម​ដើម្បី​ជំរុញ​សារ​គន្លឹះ «​ដាក់​សំរាម​ក្នុង​ធុងសំរាម​» ។

ទី​២-​សកម្មភាព​ធ្វើ​លំ​ហាត់ប្រាណ​អប់រំ «​តោះ​នាំ​គ្នា​ប៊ី​យូ​ធី​សាយ Beauticice» បង្ហាញ​ពី​ក្បាច់​រាំ​ដ៏​រស់​រវើក​ជាមួយ​ចម្រៀង​ដ៏​ពីរោះ​និយាយ​ពី​ការ​សម្អាត​បរិស្ថាន ដែល​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ និង​សុខភាព​ល្អ​ផង​ដែរ ។

ទី​៣-​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ដោយ​ការ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ប្រពៃណី​ជប៉ុន​យូ​កា​តា ការ​សម្តែង​ក្បាច់​រាំ​បង្កើត​ថ្មី​ដោយ​យុវជន​កម្ពុជា​អំពី​ការ​បោសសម្អាត​បរិស្ថាន និង​ការ​សម្តែង​របាំ​អប្សរា​ខ្មែរ ដែល​បង្ហាញ​ពី​ការ​រឹតចំណង​មិត្តភាព​កម្ពុជា​-​ជប៉ុន ។

ថ្លែង​ក្នុង​ឱកាស​នោះ កញ្ញា​ហ៊ី​សា​អិ អា​រ៉ៃ បាន​លើក​ឡើង​ថា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន ត្រូវ​ចង​ចាំ​រឿង​សំខាន់​៣ ។
ទី​១-​គឺ​កាត់​បន្ថយ​សំរាម​ដែល​មិន​ចាំបាច់
ទី​២-​ការ​ប្រើប្រាស់​សា​ជា​ថ្មី​ឡើង​វិញ និង​ទី​៣-​ការ​កែ​ច្នៃ​ប្រើ​ឡើង​វិញ ។ ម្យ៉ាងវិញទៀត ការ​ប្រកាន់ខ្ជាប់ «​ការ​ដាក់​សំរាម​ក្នុង​ធុងសំរាម​» ក៏​អាច​ធ្វើ​ឱ្យ​ទីក្រុង​យើង​ស្អាត​ជាង​មុន ហើយ​យើង​ក៏​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ផង​ដែរ​។ ដូច្នេះ​សូម​បន្ត​ការ​សម្អាត​បរិស្ថាន​ដោយ​ដៃ​ទាំង​ទ្វេ​របស់​ពួក​យើង យើងខ្ញុំ​សង្ឃឹមថា ការ​ប្រារព្ធ​ពិធី​រក្សា​អង្គរ​ស្អាត​ជា​និច្ច​លើក​ទី​១​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា និង​ពិភពលោក​ចាប់អារម្មណ៍​ពី​បរិស្ថាន ហើយ​ចូលរួម​បង្កើត​ទីក្រុង​ដ៏​មាន​សោភ័ណ​ភាព​មួយ​ឡើង​។

លោក​លី សំ​រិ​ទ្ធ លើក​ឡើង​ថា ប្រធានបទ «​រក្សា​អង្គរ​ឱ្យ​ស្អាត​ជា​និច្ច​» ដែល​រៀបចំ​ដោយ​បវរកញ្ញា​ជប៉ុន​នៅ​ថ្ងៃនេះ​មិនមែន​ថា​អង្គរ​មិន​ស្អាត​ទេ តែ​ជា​ចលនា​មួយ​ដើម្បី​ចូលរួម​សម្អាត​បរិស្ថាន​អង្គរ​ឱ្យ​កាន់តែ​ស្អាត​ជាង​នេះ​។ ក្នុង​កិច្ចការ​ថែរក្សា និង​ធ្វើ​ឱ្យ​អនាម័យ​បរិស្ថាន​អង្គរ​ស្អាត អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​ប្រឹងប្រែង​ខ្លួនឯង​ផង និង​ជួល​ក្រុមហ៊ុន​ឯកជន​ឱ្យ​សម្អាត​ផង តែ​វា​មិន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឱ្យ​តំបន់​អង្គរ​ស្អាត​ទេ ព្រោះ​សំរាម​វា​កើត​ចេញពី​យើង ម្នាក់​ៗ​ដែល​ជា​អ្នក​លក់ដូរ និង​ជា​អ្នក​ដើរ​កម្សាន្ត​ដែល​មានការ​យល់​ដឹង​ទាប​ពី​ការ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្មាន​ទម្លាប់​ល្អ​ក្រោយ​ពី​ការ​ហូប​ចុក​រួច ខុស​ពី​ភ្ញៀវ​អន្តរជាតិ​ដែល​គេ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​រក្សា​សំរាម​របស់​គេ ។

លោក​ហង់ ពៅ បញ្ជាក់​ថា ក្រៅពី​កិច្ចការ​ជួសជុល​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ប្រកបដោយ​ចីរភាព អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បរិស្ថាន ដោយ​យក​ការ​គ្រប់គ្រង​បរិស្ថាន​តាម​ស្តង់ដា​អន្តរជាតិ ISO 14001 ចាប់តាំងពី​ឆ្នាំ​២០០៤ ដោយ​មានការ​ត្រួតពិនិត្យ​គុណភាព​ពី​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) ហើយ​ទទួល​បាន​វិញ្ញាបណ្ណបត្រ​៤​លើក​រួច​មក​ហើយ ។ លើស​ពី​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ និង​បង្រៀន​មន្ត្រី​បុគ្គលិក​របស់​ខ្លួន រួម​ទាំង​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឱ្យ​បាន​យល់​ពី​បរិស្ថាន ។

លោក​ហង់ ពៅ ក៏​បាន​រំឭក​ផង​ដែរ​ពី​កិច្ចសហការ​ល្អ​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​ជួយ​ជួសជុល​អភិរក្ស​តំបន់​អង្គរ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ។ តាម​រយៈ​ការ​ផ្សព្វផ្សាយ និង​ចូលរួម​ដោយ​ផ្ទាល់​ពី​កញ្ញាឯក​ជប៉ុន​ទាំងអស់​នៅ​ក្នុង​ព្រឹត្តិការណ៍ «​រក្សា​អង្គរ​ស្អាត​ជា​និច្ច​» សង្ឃឹមថា​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ទាំងអស់ បុគ្គលិក មន្ត្រី​គ្រប់​ស្ថាប័ន និង​ឯកជន​នានា នឹង​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ក្នុង​តំបន់​អង្គរ​ឱ្យ​បាន​ស្រស់បំព្រង​គួរ​ជាទី​ចង់​មក​ទស្សនា ហើយ​សូម​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អង្គរ​ទាំងអស់​ចេះ​ភ្ញាក់រឭក​ដោយ​ខ្លួនឯង​ពី​បញ្ហា​បរិស្ថាន ត្រូវ​ស្អាត​ជា​ប្រចាំ មិនមែន​ស្អាត​តែ​ពេល​គេ​មក​ជួយ​នោះ​ទេ ៕