ខេត្តកំពង់ឆ្នាំង ៖ នៅសាលប្រជុំនៃមន្ទីរកសិកម្មខេត្តកាលពីព្រឹក និងល្ងាចថ្ងៃទី២៦ សីហា មានរៀបចំប្រជុំបន្ទាន់មួយដោយផ្តោតលើការយកចិត្តទុកដាក់អំពីការដាំដុះដំណាំស្រូវឆ្នាំ២០១០-២០១១ ដើម្បីទប់ទល់ភាពរាំងស្ងួត កន្លងមក និងលើការងារផលិតកម្មសត្វដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរប្រធានការិយាល័យកសិកម្មស្រុក និងមន្ត្រីកសិកម្មជាច្រើនរូបទៀត ។ អង្គប្រជុំរយៈពេលពេញមួយថ្ងៃដោយផ្តល់ឱកាសឱ្យប្រធានការិយាល័យកសិកម្មតាមស្រុកធ្វើរបាយការណ៍អំពីការដាំដុះដំណាំស្រូវដែលជួបគ្រោះរាំងស្ងួត ហើយទើបនឹងមានភ្លៀងនៅចុងដៃនេះ ។ ស្រុកដែលមានចំណាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាងគេ គឺស្រុករលាប្អៀរ ដែលមកដល់ព្រឹកថ្ងៃទី២៦ សីហា ទើបតែធ្វើស្រូវបាន១៨,៤៣% នៃផ្ទៃដីសរុបប៉ុណ្ណោះ ។ ចំណែកស្រុកដែលធ្វើបានច្រើនជាងគេ គឺស្រុកជលគិរីធ្វើបាន១០៥,២៩% នៃផែនការ ។ ទោះបីបែបណាទូទាំងខេត្តក្នុងផែនការដាំដុះស្រូវវស្សា១០៦.៥៥០ហិកតា គឺធ្វើបាន៦៦.៩០៧ ហិកតា ស្មើនឹង៦២,៧៩% ។
លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានលើកឡើងថា ក្រោយពីមានប្រជុំអប់រំផ្សព្វផ្សាយស្តីពីជំងឺសត្វជ្រូក ដែលមិនមានឆ្លងមកមនុស្សទេនោះ ប្រជាពលរដ្ឋក៏បានងាកមកទទួលទានបានសាច់ជ្រូកឡើងវិញបន្ទាប់ពីពួកគាត់ខ្លាចឆ្លងជំងឺជ្រូកត្រចៀកខៀវមិនហ៊ានបរិភោគ ។ ការបរិភោគសាច់ជ្រូកគឺមិនប៉ះពាល់ដល់សុខភាពទេ ប៉ុន្តែត្រូវចំអិនឱ្យបានឆ្អិនល្អ ។ លោកក៏បានផ្តាំផ្ញើដល់ភ្នាក់ងារ ពេទ្យសត្វមូលដ្ឋានត្រូវពិនិត្យរាល់ទីសត្តឃាតលើផ្នែកអនាម័យឱ្យបានល្អ និងអនុញ្ញាតឱ្យពិឃាតតែសត្វណាមានសុខភាពល្អ និងណែនាំអំពីជីវសុវត្ថិភាពផងដែរ ។
លោកង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្តក៏បានផ្តាំផ្ញើដល់ប្រធានការិយាល័យកសិកម្មគ្រប់ស្រុក និងមន្ត្រីមន្ទីរកសិកម្មខេត្តត្រូវជំរុញការបង្កបង្កើនផលស្រូវវស្សាឱ្យមានល្បឿនលឿនដោយពិនិត្យលើសំណាបណាដែលចាស់ខែហួសអាយុត្រូវជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរពូជស្រូវស្រាលជាបន្ទាន់ បើសិនសំណាបហួសមួយខែ ឬរិចរឹលមិនអាចយកមកស្ទូងបាន ។ មន្ត្រីកសិកម្មទាំងអស់ត្រូវផ្តល់បច្ចេកទេសលើការដាំដុះស្រូវស្រាលដែលប្រជាពលរដ្ឋបានប្តូរពូជ ។ ត្រូវពិនិត្យពីការបំផ្លាញរបស់សត្វល្អិត កំណត់តំបន់រាំងស្ងួត តំបន់ដែលមានលទ្ធភាពបូមបាចទឹកដាក់ស្រែ និងជំរុញតំបន់ដែលមានទឹកស្រាប់ឱ្យខិតខំដាំដុះឱ្យទាន់ពេលេវលា ។ ត្រូវជំរុញឱ្យពួកគាត់លើកទំនប់ភ្លឺស្រែទុបទឹកឱ្យមានក្នុងស្រែកុំបណ្តោយឱ្យហូរចោលទទេ ។ ត្រូវជំរុញឱ្យប្រជាពលរដ្ឋមានការថែទាំស្រូវដែលធ្វើរួច ពិសេសមន្ត្រីកសិកម្មស្រុកតែម្តងត្រូវចុះជួយដល់ពួកគាត់បើសិនជួបការលំបាកអ្វីមួយ គឺចុះជួយភ្លាម ឬទំនាក់ទំនងមកមន្ទីរដើម្បីធ្វើយ៉ាងណាជួយឱ្យពួកគាត់ធ្វើស្រូវឱ្យទាន់ពេលវេលាទោះជាចុងដៃក្តី ៕
ចែករំលែកព័តមាននេះ