ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​10​ប្រទេស​ស្ញប់ស្ញែង​បុរាណ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​កម្ពុជា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ តំបន់​រមណីយដ្ឋាន​អង្គរ ព្រះ​វិហារ សម្បូរ​ព្រៃ​គុក អង្គរបុរី ភ្នំ​ឧត្តុង្គ លង្វែក សុទ្ធតែ​ជា​បុរាណ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​របស់​ខ្មែរ​។ បច្ចុប្បន្ន​រមណីយដ្ឋាន​ទាំងនេះ​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​សម្រាប់​មនុស្ស​ទូទៅ​ផង

ខេត្តសៀមរាប ៖ តំបន់​រមណីយដ្ឋាន​អង្គរ ព្រះ​វិហារ សម្បូរ​ព្រៃ​គុក អង្គរបុរី ភ្នំ​ឧត្តុង្គ លង្វែក សុទ្ធតែ​ជា​បុរាណ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​របស់​ខ្មែរ​។ បច្ចុប្បន្ន​រមណីយដ្ឋាន​ទាំងនេះ​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​សម្រាប់​មនុស្ស​ទូទៅ​ផង និង​ជា​កន្លែង​ស្រាវជ្រាវ​ដ៏​មាន​សក្តានុពល​សម្រាប់​អ្នកប្រវត្តិសាស្ត្រ​និង​បុរាណវិទ្យា​ជាតិ​-​អន្តរជាតិ​ផង ។

ជាក់ស្តែង​ក្នុង​កម្មសិក្សា​រយៈពេល​២៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ដល់​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៦ នៅ​កម្ពុជា និង​សិង្ហ​បុរី ដែល​សហការ​រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​វិទ្យាស្ថាន​សិក្សា​អាស៊ី​អា​គ្ន​យ៍​នៃ​ប្រទេស​សិង្ហ​បុរី កម្មសិក្សាការី​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍ ផ្នែក​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​មក​ពី​១០​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បុរាណ​ដ្ឋា​ន​ខ្មែរ ទាំង​ប្រាង្គ​ប្រាសាទ ចម្លាក់​សិល្បៈ ការ​រស់នៅ​របស់​ប្រជាជន និង​ការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ជាដើម ។ ពួក​គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត​ក៏​ដូច​ជា​ភ្ញាក់ផ្អើល​ចំពោះ​ភាព​អស្ចារ្យ និង​ភាព​សម្បូរ​បែប​នៃ​មរតក​ដូនតា​ខ្មែរ​។ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​សិក្សា​ទីតាំង​អតីត​រាជធានី​ខ្មែរ​មក ពួក​គាត់​មាន​បំណង​ចង់​មក​សិក្សា ជួយ​ជួសជុល និង​អភិរក្ស​ប្រាសាទបុរាណ ជាមួយ​ខ្មែរ​ពេល​ពួក​គាត់​មាន​ជំនាញ​ពិតប្រាកដ ព្រោះ​ទី​នេះ​សម្បូរ​ប្រធានបទ​សិក្សា កន្លែង​ផ្តល់​បទ​ពិសោធន៍​ផ្នែក​បុរាណវិទ្យា​យ៉ាង​ល្អ ព្រមទាំង​បុរាណ​ដ្ឋា​ន​មួយ​ចំនួន​ត្រូវការ​អ្នកជំនាញ​មក​ជួយ​សិក្សា​បន្ថែម ។

កញ្ញា Laura MANSELL សិក្ខាកាម​មក​ពី​ប្រទេស​អូស្ត្រាលី បញ្ចប់​ការ​សិក្សា​ផ្នែក​បុរាណវិទ្យា​និង​ប្រវត្តិសាស្ត្រ​បុរាណ នៃ​សាកលវិទ្យាល័យ​ស៊ី​ដ​នី ឱ្យ​ដឹង​ថា ការ​ចុះ​កម្មសិក្សា​នៅ​តាម​ការដ្ឋាន​កំណាយ​ដោយ​ផ្ទាល់ ជា​បទ​ពិសោធន៍​ដ៏​ល្អ​របស់​អ្នក​បុរាណវិទ្យា​ដើម្បី​បង្កើន​ចំណេះដឹង​បន្ថែម​លើ​ទ្រឹស្តី​ដែល​បាន​រៀន​នៅ​សាលា ហើយ​ឱកាស​បែប​នេះ​មិន​មាន​ច្រើន​ទេ​នៅ​អូស្ត្រាលី ។ កម្ពុជា​មាន​បុរាណ​ដ្ឋា​ន​ច្រើន គួរ​ឱ្យ​ចង់​មក​សិក្សា និង​ធ្វើការ ហើយ​បើ​មានឱកាស​មក​ធ្វើការ​នៅ​កម្ពុជា​នាង​ចាប់អារម្មណ៍​ការងារ​នៅ​សារមន្ទីរ និង​ការ​ថែរក្សា​ទុកដាក់​វត្ថុ​បុរាណ ។ ក្រៅពី​ចំណេះដឹង​ជំនាញ នាង​ក៏​បានដឹង​អំពី​ប្រពៃណី​អ្នកស្រុក​ផង​ដែរ​។ បើ​និយាយ​ពី​ការ​គ្រប់គ្រង​បុរាណ​ដ្ឋា​ន​វិញ ទាំង​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​រៀបចំ​គ្រប់គ្រង ជួសជុល និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​បាន​យ៉ាង​ល្អ បើ​ប្រៀប​នឹង​កន្លែង​ផ្សេង​ដែល​នាង​ធ្លាប់​ទៅ ។

អនុ​បណ្ឌិត​ប្រវត្តិសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Nalanda ប្រទេស​ឥណ្ឌា លោក Arun Kumar AKELLA ដែល​ស្ថិត​ក្នុង​ប្រទេស​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​សិល្បៈ ចម្លាក់ ប្រាសាទ និង​ជំនឿ​សាសនា​ច្រើន​បាន​ចាប់អារម្មណ៍​ថា ថ្វី​ដ្បិត​ប្រាសាទ​នៅ​ឥណ្ឌា​មាន​ច្រើន តែបើ​ប្រៀបធៀប​ជាមួយ​ខ្មែរ​គឺ​ខ្មែរ​មាន​ប្រាសាទ ល្អ​ៗ ស្ថាបត្យកម្ម​ធំ​សម្បើម និង​ក្បាច់ក្បូរ​រស់​រវើក​។ អ្វី​ដែល​គួរ​ឱ្យ​ស្ងើចសរសើរ​នោះ បើ​ទោះបី​មានការ​បញ្ចូល​ជំនឿ​រវាង​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ក៏​សាសនា​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​បាន​សុខ ជាក់​ស្តែង​ដូច​ជា​ប្រាសាទ​ហិណ្ឌូ​កែ​ទៅ​ប្រាសាទ​បែប​ព្រះពុទ្ធ​សាសនា ក៏​ប្រាសាទ​នៅ​ល្អ មិន​មាន​អ្នក​បំផ្លាញ​ដែរ​។ ចំណែក​ការ​ស្រាវជ្រាវ​បុរាណវិទ្យា​វិញ​ក៏​ងាយស្រួល អាច​កំណាយ​​ស្រាវជ្រាវ​បាន​ស្ទើរ​គ្រប់កន្លែង ព្រោះ​មិនសូវ​មាន​មនុស្ស​រស់នៅ​ច្រើន ប៉ុន្តែ​នៅ​ឥណ្ឌា​មានការ​ពិបាក​ក្នុង​ផ្នែក​នេះ​ជា​ខ្លាំង ហើយ​គេ​មិន​ងាយ​អនុញ្ញាត​ឱ្យ​ស្រាវជ្រាវ​ទេ ព្រោះ​មាន​មនុស្ស​រស់នៅ​ច្រើន​ស្ទើរ​អស់​ដី ការ​បំផ្លិចបំផ្លាញ​ក៏​ច្រើន​។ បើ​មានឱកាស​មក​ធ្វើការ​នៅ​កម្ពុជា លោក​ចង់​ចូលរួម​ការងារ​កំណាយ​បុរាណវិទ្យា សិក្សា​សំណង់​ស្ថាបត្យ​កម្ម និង​បដិមា​សាស្ត្រ​ស្រុក​ខ្មែរ និង​ឥណ្ឌា ព្រោះ​កម្ពុជា​មាន​កន្លែង​ស្រាវជ្រាវ​ច្រើន ពិសេស​បំផុត​សម្រាប់​អ្នក​សិក្សា​បុរាណវិទ្យា ។

ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ហើយ​មាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​ឯណោះ​វិញ លោក ZHAO Chunguang បេក្ខជន​ថ្នាក់បណ្ឌិត​ផ្នែក​បុរាណវិទ្យា​មក​ពី​សាកល​វិទ្យាល័យ Wuhan នៃ​ប្រទេស​ចិន បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បុរាណ​ដ្ឋា​ន និង​ការ​គ្រប់គ្រង​បេតិកភណ្ឌ​របស់​កម្ពុជា ។ តំបន់​អង្គរ ព្រះ​វិហារ កោះ​កេរ និង​ស្ថានីយ​​បុរាណ​ដ្ឋា​ន​ជា​ច្រើន​ទៀត​របស់​ខ្មែរ គឺជា​កន្លែង​ដែល​ផ្តល់​បទ​ពិសោធន៍​ការងារ​កំណាយ​ស្រាវជ្រាវ​ដល់​អ្នក​បុរាណវិទ្យា​ដ៏​ប្រសើរ​បំផុត​ដើម្បី​ក្រេប​យកចំណេះ​ជំនាញ​របស់​ខ្លួន ។ លោក​សប្បាយចិត្ត​ណាស់​ដែល​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​កោះ​កេរ ហើយ​បើ​មានឱកាស ឬ​មាន​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ លោក​នឹង​មក​សិក្សា​ស្រាវជ្រាវ​នៅ​ទីនោះ​ម្តងទៀត លើ​ផ្នែក​បុរេប្រវត្តិសាស្ត្រ និង​ចង់​ដឹង​បន្ថែម​ពី​វប្បធម៌​អរិយធម៌ ខ្មែរ​ឱ្យ​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត ។

កញ្ញា SAW Chaw Yeh បេក្ខជន​ថ្នាក់បណ្ឌិត​ផ្នែក​គំនូរ​លើ​ថ្ម មក​ពី​សាកលវិទ្យាល័យ Sains ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចាប់អារម្មណ៍​លើ​ជំនាញ​ខ្លួន​យ៉ាង​ខ្លាំង គឺ​គំនូរ​លើ​ថ្ម​នៅ​ភ្នំ​គូលែន​ដែល​ទើប​រក​ឃើញ មិនសូវ​មាន​អ្នក​ស្គាល់ និង​មិន​ទាន់​មានការ​បោះពុម្ពផ្សាយ​ផ្លូវការ​ច្រើន​នៅឡើយ ។ នៅ​ស្រុក​ខ្មែរ​មានការ​គ្រប់គ្រង​បេតិកភណ្ឌ​បាន​ល្អ ប្រជាជន​ក៏​យល់​ដឹង​ច្រើន​ពី​តួនាទី​ប្រាសាទ និង​ស្រឡាញ់​បេតិកភណ្ឌ​ខ្លាំង ខុស​ពី​នៅ​ម៉ា​ឡេ​ស៊ី​ដែល​ប្រទេស​កាន់សាសនា​អ៊ិ​ស្លា​ម ហើយ​ការ​ថែទាំ​ប្រាសាទ​ហិណ្ឌូ​និង​ព្រះពុទ្ធ​សាសនា​នៅ​មាន​កម្រិត ។ កម្ពុជា​ជា​បេះដូង​នៃ​អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ដែល​មិន​គួរ​មើល​រំលង​ឡើយ ពិសេស​គឺ​កន្លែង​ផ្តល់​បទ​ពិសោធន៍​ចំណេះដឹង និង​ជំនាញ​ដ៏​ល្អ​បំផុត ។

ដើម្បី​បំពេញបន្ថែម​លើ​បទ​ពិសោធន៍​ដែល​មាន​តិចតួច​ផ្នែក​កំណាយ ព្រមទាំង​ចង់​បង្កើត​ការ​ទាក់ទង​រវាង​ប្រទេស​ក្នុង​តំបន់​ផ្នែក​បុរាណវិទ្យា កញ្ញា Anne-Di Victorino BERDINE អនុ​បណ្ឌិត​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ហ្វ៊ី​លី​ពី​ន Diliman ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ប្រាប់​ថា នៅ​ហ្វ៊ី​លី​ពី​ន​មិន​មាន​ប្រាសាទ​ហិណ្ឌូ ឬ​ពុទ្ធសាសនា​ដូច​នៅ​ប្រទេស​កម្ពុជា​ទេ មាន​តែ​សំណង់​វិហារ​កាតូលិក ព្រោះ​ហ្វី​៊​លី​ពី​ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អេ​ស្ប៉ា​ញ​ជាង​៣០០​ឆ្នាំ ។ Anne-Di សប្បាយ​រីករាយ​ដែល​បាន​ធ្វើ​កម្មសិក្សា​នៅ​កម្ពុជា ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ ស្ថានីយ​បុរាណវិទ្យា​កំណាយ និង​ស្ថាបត្យកម្ម​គួរ​ឱ្យ​ចង់​រៀនសូត្រ ។ នៅ​ទី​នេះ​បាន​ធ្វើ​ឱ្យ​នាង​យល់​កាន់តែ​ច្បាស់​ពី​ជំនាញ​ដែល​ខ្លួន​សិក្សា ដូច​ជា​បច្ចេកទេស​ធ្វើ​ក្អម ឆ្នាំង​នៅ​ខេត្តកំពង់ឆ្នាំង ប្រវត្តិសាស្ត្រ​ខ្មែរ​តាំងពី​សម័យ​ហ៊្វូ​ណ​ន​រហូត​ដល់​បច្ចុប្បន្ន និង​វត្ថុ​សិល្បៈ​កុលាលភាជន៍​ខ្មែរ​។ វា​ជា​ឱកាសល្អ​ណាស់​សម្រាប់​ហ្វ៊ី​លី​ពី​ន​អាច​រៀនសូត្រ​បាន​ច្រើន​ពី​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​បេតិកភណ្ឌ បើ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ផ្នែក​ជួសជុល​អភិរក្ស​បុរាណ​ដ្ឋា​ន ពីព្រោះ​កម្ពុជា​ស្រឡាញ់​បុរាណ​ដ្ឋា​ន​ខ្លួន​ច្រើន ហើយ​ថែទាំ​បាន​ល្អ តែ​ហ្វ៊ី​លី​ពី​ន​មិនសូវ​មាន​អ្នក​ចូល​ចិត្ត​បុរាណវិទ្យា​ទេ ដោយសារ​មិនសូវ​មាន​បុរាណ​ដ្ឋា​ន និង​ទទួល​បាន​កម្រៃ​ទាប​ជាង​ជំនាញ ផ្សេង​ៗ​។

ក្នុង​នាម​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​អន្តរជាតិ​ស្តី​ពី​ការ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​និង​ប្រវត្តិសាស្ត្រ កញ្ញា Amantha CHONG ជា​គ្រូបង្រៀន​ប្រវត្តិ​សាស្ត្រ​មក​ពី​ក្រសួង​អប់រំ​នៃ​ប្រទេស​សិង្ហ​បុរី បាន​សម្តែង​ការ​ចាប់អារម្មណ៍​ថា នៅ​ស្រុក​ខ្មែរ​មាន​ប្រាសាទ និង​ស្ថានីយ​កំណាយ​ច្រើន ដែល​ដូនតា​បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន​ដើម្បី​ឱ្យ​ខ្មែរ និង​បរទេស​សិក្សា​ស្រាវជ្រាវ​បន្ត ហើយ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ទទួលខុសត្រូវ ក៏​បាន​ថែទាំ​បេតិកភណ្ឌ​ទាំងអស់​បាន​យ៉ាង​ល្អ និង​យកចិត្តទុកដាក់​បំផុត ។ ថ្វី​ដ្បិត​នៅ​សិង្ហ​បុរី​មិន​មាន​ប្រាសាទ មិន​មានការ​ងារ​បុរាណវិទ្យា​ដូច​កម្ពុជា តែ​នាង​ចង់​ចែករំលែក​ចំណេះដឹង​ដែល​ទទួល​បាន​ពី​កម្ពុជា ទាំង​ប្រវត្តិសាស្ត្រ ទាំង​ការងារ​ស្រាវជ្រាវ​បុរាណវិទ្យា វប្បធម៌ ប្រពៃណី​អ្នកស្រុក ដើម្បី​យក​ទៅ​បង្រៀន​សិស្ស​បន្ត ។ លើក​ក្រោយ​ពេល​ត្រឡប់​មក​កម្ពុជា​ម្តងទៀត នាង​ឈប់​មក​ដើម្បី​តែ​កម្សាន្ត​ទៀត​ហើយ គឺ​មក​ដើម្បី​គោលដៅ​អប់រំ ហើយ​ផ្សព្វផ្សាយ​ចំណេះដឹង​ទាំងអស់​ទៅ​កាន់​មិត្តភក្តិ និង​ពិភពលោក​ឱ្យ​បានដឹង​ពី​កម្ពុជា ។

នេះ​ជា​មោទនភាព​ណាស់​សម្រាប់​ដែនដី​កម្ពុជា ដែល​ដូនតា​របស់​ខ្មែរ​បាន​បន្សល់​ទុក​នូវ​ប្រាង្គ​ប្រាសាទ ស្ថានីយ​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ​ដ៏​រស់​រវើក និង​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ រួម​ទាំង​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ស្ថាប័ន​លើ​ពិភពលោក​បាន​ស្គាល់​កម្ពុជា ។ អាជ្ញាធរ​ជាតិ​អប្សរា​គាំទ្រ​ជា​និច្ច​ចំពោះ​ស្មារតី​ស្រឡាញ់ និង​ការ​រួមចំណែក​របស់​ស្ថាប័ន​ជាតិ​-​អន្តរជាតិ ដើម្បី​ជួយ​អភិរក្ស អភិវឌ្ឍន៍​តំបន់​អង្គរ​ប្រកបដោយ​ចីរភាព ពិសេស​គឺ​ជួយ​ស្រាវជ្រាវ​ឈ្វេងយល់​អំពី​បុរាណកាល​របស់​ខ្មែរ​ឱ្យ​កាន់តែ​យល់​ច្បាស់​បន្ថែម​ទៀត ៕