ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​វង្វេង​រដូវ​ បង្ក​មហន្តរាយ​សា​ជា​ថ្មី ជន់​លិច​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជំនន់​ទឹកភ្លៀង​បាន​កាត់​ផ្តាច់​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផ្លូវថ្នល់​ជា​ច្រើន​កន្លែង​និង​ខូចខាត​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​អស់​មួយ​ចំនួន

ខេត្តកំពង់ស្ពឺ ៖ ជំនន់​ទឹកភ្លៀង​បាន​កាត់​ផ្តាច់​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផ្លូវថ្នល់​ជា​ច្រើន​កន្លែង​និង​ខូចខាត​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​អស់​មួយ​ចំនួន តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឬ​សត្វ​ឡើយបន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ដូច​ហែក​មេឃ​ចាក់ទឹក​កាលពី​យប់​ថ្ងៃ​ពី​១៥​ធ្នូ ។​ក្រោយ​ពី​កើត​មាន​ជំនន់​ទឹកភ្លៀង​នេះ អាជ្ញាធរ​ឃុំ​-​ស្រុក បាន​ចុះ​ជួយ​អន្តរាគមន៍​ផង​ដែរ ដោយ​បាន​ជម្លៀស​និង​ជញ្ជូន​អី​វាន់​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។ ការ​ខូចខាត​នេះ​កើតឡើង​នៅ​ក្នុង​ឃុំ​ចំនួន​២​នៃ​ស្រុក​ភ្នំស្រួច គឺ​ឃុំ​ក្រាំង​ដី​វ៉ា​យ និង​ឃុំ​ចំបក់ ។

ប្រភព​ពី​មន្ត្រី​សាលាស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង កាលពី​យប់​ថ្ងៃ​ទី​១៥ ខែធ្នូ នៅ​ទូ​ទាំង​ស្រុក ក្នុង​នោះ​ឃុំ​ចំនួន​២​ខាងលើ​បាន​ជន់​លិច​ខ្លាំង​ជាងគេ ។ ប្រភព​ដដែល​បន្ត​ថា ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​ជា​ផ្ទះ​តៀម​ត្រូវ​ទឹក​ជន់​លិច​ចូល​ដល់​ក្នុងផ្ទះ​តែ​ម្តង លិច​សម្ភារ​របស់​ប្រើប្រាស់​ដូច​ជា​ចានឆ្នាំង​ជាដើម ។ ផ្លូវជាតិ​មួយ​ខ្សែ​បាន​បាក់​ស្រុត​ដោយ​អន្លើ​អស់​ប្រវែង​ប្រហែល​១០០​ម៉ែត្រ ដោយសារ​ទឹក​ហូរ​ច្រោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ មន្ត្រី​សាលាស្រុក​រួម​ទាំង​មន្ត្រី​នគរបាល​មូលដ្ឋាន ក្រោម​ការ​ណែនាំ​របស់​លោក​អភិបាលខេត្ត បាន​ចុះ​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ដែល​លិចលង់​ទាំងអស់​មក​កាន់​ទីទួល​សុវត្ថិភាព ។ ក្នុង​នោះ ស្រូវ​មួយ​ចំនួន​ដែល​ពលរដ្ឋ​បាន​ច្រូតកាត់​ហើយ​បោក​ទុក​នៅ​មុខ​ផ្ទះ ក៏​រង​នូវ​ការ​លិច​ដែរ តែ​មិន​ខូចខាត​ច្រើន​ទេ ។
លោក​អនុសេនីយ៍ឯក ពៅ នឿ​ន អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​ប្រើ​ត្រាក់ទ័រ​ក្នុង​ការ​អូស​ចម្លង​រថយន្ត​របស់​មន្ត្រី​ដែល​ចុះ​ទៅ​អន្តរាគមន៍​ឲ្យ​ចេញពី​ផ្លួ​វ​ដែល​ដាច់​មាន​ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ ។

លោក​អធិការរង​បន្ត​ថា ភូមិ​ដែល​ជន់​លិច​មាន​ចំនួន​៧​ភូមិ​ក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ និង​២​ភូមិ​ក្នុង​ឃុំ​ចំបក់ នៃ​ស្រុក​ភ្នំស្រួច ។ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក វ៉ី សំណាង អភិបាលខេត្ត ក្រុមការងារ​ខេត្ត ស្រុក និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ដល់​គ្រប់​គោលដៅ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ ។ទោះបីជា​បែប​ណា នៅ​មិន​ទាន់​ដឹង​អំពី​ចំនួន​តួលេខ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​នៅឡើយ​ទេ ដោយពេល​នេះ​ក្រុមការងារ​កំពុង​ចុះ​ស្រង់​ស្ថិតិ​រក​ចំនួន​ពិតប្រាកដ ។

ភ្លៀង​១​មេ​ធំ​ទឹក​ហូរ​កាត់​ផ្លូវជាតិ​លិច​ចូល​ផ្ទះ​ពលរដ្ឋ​ជិត​២០​ខ្នង

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​ខែ​ក​ក្តិត​ទៅ​ហើយ​ក្តី​តែ​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ផ្លាស់​ប្តូរ បាន​ធ្វើ​ឲ្យ​ភ្លៀង​នៅ​តែ​បង្អុរ​ចុះ​យ៉ាង​ខ្លាំង មក​លើ​ភូមិ​នានា​ក្នុង​ឃុំ​កោង​កាង ស្រុក​ពញាក្រែក​នា​យប់​ថ្ងៃ​ទី​១៥ ធ្នូ ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ហៀរហូរ​តាម​ទីវាល​ដូច​បឹងបួ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ បាន​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង ឃុំ​កោង​កាង​ប្រមាណ​ជា​២០​ខ្នង​បាន​ទទួល​រង​ការ​លិចលង់​ក្នុង​នោះ​មានផ្ទះ​ខ្លះ​បាន​លិច​ចូល​ស្ទើរ​ត្រឹម​ភ្លៅ​មនុស្ស​ចាស់ ហើយ​ក៏​មាន​សម្ភារ​មួយ​ចំនួន​រង​ការ​ខូចខាត​ផង​ដែរ  ។

ម្ចាស់ផ្ទះ​ឈ្មោះ ឡាយ សំបូរ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​រូប​គាត់​កំពុង​តែ​សម្រាន្ត​លង់លក់​ក្នុងផ្ទះ​នៅ​ជាន់​ក្រោម​ជាមួយ​កូន​ប្រពន្ធ​វេលា​ម៉ោង​ប្រមាណ​ជាង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ធ្នូ ស្រាប់តែ​ទឹកភ្លៀង​បាន​ហូរ​ចូល​ក្នុងផ្ទះ​គាត់​យា​៉​ង​ខ្លាំង​តែ​ម្តង​ដោយ​មិន​អាច​ជញ្ជូន​របស់ទ្រព្យ​អ្វី​ទាន់​នោះ​ទេ​បង្ក​ឱ្យ​ខូចខាត​អស់​មួយ​ចំនួន ។ 

ម្ចាស់ផ្ទះ​រូប​នេះ​ប្រាប់​បន្ត​ថា ក្នុង​ពេល​នោះ​រូប​គាត់​បាន​ដាស់​កូន​ៗ​ឲ្យ​ប្រញាប់់​ក្រោក​ជា​បន្ទាន់​ទៅ​កាន់​ជាន់​ខាងលើ ហើយ​គាត់​ក៏​មិន​បាន​សម្រាក​នោះ​ទេ ដោយ​ប្រឹងរក​ក្តារ​មក​ដាក់​នៅ​មុខទ្វារ​ផ្ទះ​ទប់ទឹក​កុំ​ឲ្យ​ហូរ​បុក​ចូល​ខ្លាំង​ពេក ។ ការ​លិច​នេះ​ដោយសារ​តែ​ប្រព័ន្ធ​លូ​នៅ​កាត់​ទទឹង​ផ្លូវ​មុខ​ផ្ទះ​ដែល​កាលពីមុន​រាង​តូច ហើយ​មក​ដល់​ពេល​នេះ​មាន​ដី​នៅ​ក្នុង​លូ​ធ្វើ​ឱ្យ​មាត់​លូ​កាន់តែ​តូច​ទៅ​ៗ លុះ​ពេល​មាន​ភ្លៀង​មក​ទឹក​ហូរ​មិន​ទាន់​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ចាល់​ហូរ​កាត់​ពីលើ​ថ្នល់​សំដៅ​មក​ចូល​ផ្ទះ​លិច​លង​តែ​ម្តង ។ គាត់​ថា គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៦​នេះ​ផ្ទះ​គាត់​បាន​រង​ការ​លិចលង់​២​លើក​ហើយ ដែល​លើក​ទី​១​កាលពី​២​ខែ​មុន​លិច​តែ​១​ថ្ងៃ​ទេ តែ​មក​ដល់​លើក​ទី​២​លិច​ខ្លាំង​ជាង​មុន​ទៅ​ទៀត ។ ជាមួយ​នោះ​ម្តាយ​ដែល​មាន​វ័យ​ជាង​៨០​ឆ្នាំ ដើរ​មិន​រួច​ក៏​នៅ​សម្រាក​តែ​លើ​គ្រែ​ក្នុងផ្ទះ កំពុង​ជួប​ការ​លំបាក​បំផុត ។    

នៅ​ឆ្នាំ​នេះ​ទឹកភ្លៀង​បាន​បង្អុរ​ធ្លាក់​មក​ជា​ច្រើន​មេ ហើយ​ផ្លូវលំ​ក្នុងភូមិ​ជា​ច្រើន​ខ្សែ​បាន​ទទួល​រង​ការ​ខូចខាត សូ​ម្បី​តែ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក៏​ត្រូវ​លិច​ទឹក​ផង​ដែរ ៕