រាជធានីភ្នំពេញ ៖ នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី ថ្ងៃអាទិត្យ ទី១៨ ធ្នូ ខាងមុខនេះ នឹងមានការប្រកួតប្រដាល់មិត្តភាពអន្តរជាតិរវាងកីឡាករកម្ពុជា-ថៃចំនួន២គូ ក្នុងនោះកីឡាករ ជ័យ ប៊ុនសុង មកពីក្លិបគីសែមានរិទ្ធ នឹងជួបប្រកួតជាមួយកីឡាករថៃឈ្មោះ វីហ្គោ ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម និងកីឡាករ ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយកីឡាករថៃឈ្មោះវ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកគាំទ្រកំពុងរង់ចាំមើលថាតើកីឡាករកម្ពុជាទាំង២រូបនេះ មួយ ណាសម្រេចគោលដៅខណៈកីឡាករថៃក៏មានសមត្ថភាពខ្លាំងមិនធម្មតាបែបហ្នឹងដែរនោះ។
កីឡាករថៃទាំង២រូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើករួចមកហើយ រីឯប្រវត្តិប្រកួតរបស់គេក៏មិនធម្មតាប៉ុន្មានដែរ ។ ជាពិសេស ជ័យ ប៊ុនសុង និងវីហ្គោ ស.ដានឆ័យមានបទពិសោធន៍ប្រកួតប្រហាក់ប្រហែលគ្នាតែម្ដង ។ ជ័យ ប៊ុនសុង ធ្លាប់ប្រកួត៦២ដង ឈ្នះ៣៥ដង ចាញ់២៥ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន៧ដង ។ ចំណែកវីហ្គោ ស.ដានឆ័យវិញធ្លាប់ប្រកួតបាន៥៣ដង ឈ្នះ៤៤ដង ចាញ់៩ដង និងផ្ដួលគូប្រកួតឱ្យសន្លប់បាន៦ដង ។ ជ័យ ប៊ុនសុង បើទោះជាមានប្រវត្តិប្រកួតច្រើនជាងកីឡាករថៃបន្តិចមែន ក៏មិនទាន់ប្រាកដថាអាចយកឈ្នះបានដែរ ។
ង៉ែត រដ្ឋា និងកីឡាករថៃវ៉ាត់ឆារ៉ាក់ដេតស.ដានឆ័យវិញនោះ កាន់តែពិបាកវាយតម្លៃទុកមុនដូចគ្នា ព្រោះថាប្រវត្តិប្រកួតរវាងពួកគេទាំង២ គឺមិនលើសគ្នាប៉ុន្មានឡើយ ។ ង៉ែត រដ្ឋា ធ្លាប់ប្រកួតបាន៨០ដង ឈ្នះ៤៨ដង ចាញ់១៩ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១២ដង ខណៈកីឡាករថៃវិញធ្លាប់ប្រកួតបាន៨៦ដង ឈ្នះ៦៤ដង ចាញ់១៧ដង ស្មើ៥ដង និងផ្ដួលគូប្រកួតឱ្យសន្លប់បាន២០ដង ។ ដូច្នេះ សម្រាប់ការប្រកួតលើកនេះង៉ែត រដ្ឋា មិនអាចធ្វេសប្រហែសបានឡើយ ។
ក្រៅពីគូអន្តរជាតិនៅលើសង្វៀនដដែលក៏មានការប្រកួតមិត្តភាពរវាងកីឡាករកម្ពុជានិងកម្ពុជាជាច្រើនគូទៀតដូចជា កីឡាករ ឡុង រ៉ាមី មកពីក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយកីឡាករ កេត ចាន់ឌី មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ កីឡាករ ផា ផានណាក់មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករ សាន ឡាក់ហាយ មកពីក្លិបសុភានូមានជ័យ ។ កីឡាករ ខេម ចាន់ មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ប្រកួតជាមួយកីឡាករ ណក់ ស៊ីនួន មកពីក្លិបឃ្លាំងមឿងកីឡា និងគូចុងក្រោយកីឡាករ ជឹម សុភី មកពីក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយកីឡាករ ចាន់ ស៊ីនេត មកពីក្លិបសាមគ្គីកូនខ្មែរ ៕
ចែករំលែកព័តមាននេះ