ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​បណ្តុះបណ្តាល​ពាណិជ្ជករ​ដើម្បី​កែ​លម្អ​គុណភាព​នាំ​ចេញ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ នាយកដ្ឋាន​រដ្ឋាភិបាល ពាណិជ្ជករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំ​ចេញ​បរទេស បាន​មក​ជួបជុំ​គ្នា​ក​នៅ​ការិយាល័យ​នាយកដ្ឋាន​កិច្ចការ​អតិថិជន​នៅ​ក្រុង Mandalay ក្នុង​គោលបំណង​ជំរុញ​ចំណេះដឹង

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ នាយកដ្ឋាន​រដ្ឋាភិបាល ពាណិជ្ជករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំ​ចេញ​បរទេស បាន​មក​ជួបជុំ​គ្នា​ក​នៅ​ការិយាល័យ​នាយកដ្ឋាន​កិច្ចការ​អតិថិជន​នៅ​ក្រុង Mandalay ក្នុង​គោលបំណង​ជំរុញ​ចំណេះដឹង ស្តី​ពី​សន្តិសុខ​ស្បៀងអាហារ ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ព្រមទាំង​កែ​លម្អ​គុណភាព​ការ​នាំ​ចេញ​ក្នុង​វិស័យ​នេះ។

ការ​ជួបជុំ​គ្នា​នេះ មាន​កសិករ​ប្រមាណ​២០០​នាក់​, ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​២០​នាក់​, អ្នក​ផលិត​១០​នាក់​, ក្រុមហ៊ុននាំចេញ​៥០ និង​អ្នកជំនាញ​សុវត្ថិភាព​អាហារ​១០​នាក់​មក​ពី​ក្រុង Mandalay, Sagaing និង Magwe ។

អ្នកគ្រប់គ្រង​គម្រោង លោក Thit Thit Lwin មក​ពី​នាយកដ្ឋាន​កិច្ចការ​អតិថិជន​ក្រុង Mandalay ឱ្យ​ដឹង​ថា ឧស្សាហកម្ម​ក្នុងស្រុក​នឹង​ត្រូវ​បាន​ពង្រឹងសមត្ថភាព ហើយ​ការ​បណ្តុះបណ្តាល​នា​ពេល​នេះ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ ប៉ុន្តែ​នឹង​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បង្កើន​ទីផ្សារ​អន្តរជាតិ ។ លោក​និយាយ​ថា ៖ « បន្ទាប់​ពី​បញ្ចប់​ការ​បណ្តុះបណ្តាល​នេះ យើង​នឹង​បន្ត​ផ្តល់​ជូន​នូវ​វគ្គ​អប់រំ​១​ថ្ងៃ​នៅ​ទីក្រុង Mandalay និង Magwe ដល់​កសិករ និង​អ្នកទិញ​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​កសិកម្ម ។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​បង្កើន​សុវត្ថិភាព​ក្នុង​ការ​ផលិត​អាហារ » ។

« បន្ទាប់​ពី​បញ្ចប់​គម្រោង​ក្នុង​ឆ្នាំ​២០១៨ ពួក​គេ​អាច​បន្ត​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​ទ្វីបអឺរ៉ុប ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ដែល​គេ​ទទួលស្គាល់ បន្ទាប់​មក​អាច​នាំ​ចេញ​ទំនិញ​ជា​អន្តរជាតិ ។ ក្នុង​នាម​ជា​តំបន់​ផលិត​ប្រេង និង​ដំណាំ​យ៉ាង​សំខាន់ មី​យ៉ា​ន់​ម៉ា​នឹង​មាន​កំណើន​យ៉ាង​ពិតប្រាកដ » ។ នេះ​បើ​តាម​លោក Kyaw Kyaw អនុប្រធាន​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​តំបន់ Mandalay ។

លោក​បន្ត​ថា ៖ « ៨២%​នៃ​ផ្ទៃដី​កសិកម្ម​នៅ​តំបន់ Mandalay,  Sagaing និង Magwe គឺជា​វាល​ដំណាំ​ប្រេង ។ ល្ង និង​សណ្តែកដី គឺជា​ដំណាំ​ប្រេង​យ៉ាង​សំខាន់ » ។
សុវត្ថិភាព​នៃ​ការ​នាំ​ចេញ និង​នាំ​ចូល​ម្ហូបអាហារ គឺជា​បញ្ហា​ប្រឈម​ចម្បង​នៅ​ពេល​ដែល​ផលិតផល​ប្រេង​ត្រូវ​បាន​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ វគ្គ​បណ្តុះបណ្តាល​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​កម្មវិធី​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​បាន​ផ្តល់​មូលនិធិ​ដល់​សិក្ខាសាលា​នេះ ។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) កំពុង​អនុវត្ត​គម្រោង​នេះ ដែល​បាន​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០១៥ ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ៕