ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទភ្នំបាខែង​គោលដៅ​ទស្សនា​ថ្ងៃ​លិច​ដ៏​ពេញ​និយម

7 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ បើ​និយាយ​ពី​គោលដៅ​ទស្សនាថ្ងៃលិច នោះ​គេ​នឹង​ស្គាល់​ច្បាស់​ពី​ប្រាសាទភ្នំបាខែង ។ ភ្នំ​បាខែង​ជា​គោលដៅ​ទស្សនា​ថ្ងៃ​លិច​មួយ​ដ៏​ទាក់ទាញ ព្រោះ​វា​មាន​ទិដ្ឋភាព​ស្រស់​ស្អាត ដែល​ភ្ញៀវ​ទេសចរ​

ខេត្ត​សៀម​រាប​ ៖ បើ​និយាយ​ពី​គោលដៅ​ទស្សនាថ្ងៃលិច នោះ​គេ​នឹង​ស្គាល់​ច្បាស់​ពី​ប្រាសាទភ្នំបាខែង ។ ភ្នំ​បាខែង​ជា​គោលដៅ​ទស្សនា​ថ្ងៃ​លិច​មួយ​ដ៏​ទាក់ទាញ ព្រោះ​វា​មាន​ទិដ្ឋភាព​ស្រស់​ស្អាត ដែល​ភ្ញៀវ​ទេសចរ​អាច​មើល​ថ្ងៃ​លិច​បាន​យ៉ាង​ច្បាស់ ។

ប្រាសាទភ្នំបាខែង គឺជា​រាជធានី​ទី​១​នៃ​សម័យ​អង្គរ និង​ជា​ស្នូល​កណ្តាល​នៃ​ក្រុង​អង្គរ​ឈ្មោះ​ថា​«​យ​សោ​ធរ​»​មាន​កំពែង​ដី​២​ជាន់ ដែល​ក្នុង​មួយ​ជ្រុង​មាន​ប្រវែង​៤​គីឡូម៉ែត្រ​។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​៩ ដើម​សតវត្ស​ទី​១០ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា និកាយ​ព្រះ​ឥសូរ ។  ក្រោយមក​នៅ​ចុង​សតវត្ស​ទី​១៦ ប្រាសាទ​នេះ​បាន​ប្តូរ​ទៅ​ជា​ព្រះពុទ្ធ​សាសនា​វិញ ដូចដែល​ឃើញ​មាន​កសាង​រូប​ព្រះពុទ្ធ​ធំ​មួយ​អង្គ​នៅ​ជាន់​លើ​បង្អស់ ដោយ​ថ្ម ផ្សេង​ៗ​នៃ​ប្រាសាទ និង​គ្រឹះ​នៃ​ប្រាសាទ​ឥដ្ឋ ។

សម្រាប់​ការ​មក​ទស្សនា​នៅ​ប្រាសាទភ្នំបាខែង ភ្ញៀវ​ទេសចរ​មាន​ជម្រើស​ពីរ ដើម្បី​បាន​ទៅ​ដល់​កំពូលភ្នំ ។ គេ​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក៏​បាន និង​ជិះ​ដី​រី​ក៏​បាន ។ នៅ​ពេល​ព្រឹក​មាន​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ក៏​ចូល​ចិត្ត​ឡើង​មើល​ថ្ងៃ​រះ​នៅ​លើ​ភ្នំ​បាខែង​នេះ​ដែរ ។ ចំណែក​ពេល​រសៀល គឺ​ចាប់ពី​ម៉ោង​២​តទៅ ភ្ញៀវ​ទេសចរ​ចាប់ផ្តើម​សម្រុក​ឡើង​លើ​ភ្នំ​បាខែង ដើម្បី​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ពីលើ​កំពូលភ្នំ​ធម្មជាតិ​មួយ​នេះ ។

ចំណុច​ដែល​ភ្ញៀវ​ទេសចរ​តែង​នៅ​ផ្តុំ​គ្នា​ច្រើន​លើ​ភ្នំ​បាខែង គឺ​នៅ​ទិស​ខាងលិច​ដែល​ងាយស្រួល​ក្នុង​ការ​គយគន់​ទិដ្ឋភាព​ថ្ងៃ​លិច ។ ក្រៅពី​ការ​ទស្សនា​ថ្ងៃ​លិច ភ្ញៀវ​ទេចរ​អាច​គយគន់​ចំណុច​ពិសេស​ៗ​ដ៏​ទាក់ទាញ​មួយ​ចំនួន​ទៀត ដូច​ជា​កំពូល​ប្រាសាទអង្គរវត្ត បក្សី​ចាំ​ក្រុង ទិដ្ឋភាព​ក្រុង​សៀមរាប វាលស្រែ និង​បារាយណ៍ទឹកថ្លា​ជាដើម ។

បច្ចុប្បន្ន​នេះ​ប្រាសាទភ្នំបាខែង​កំពុង​ជួសជុល​ស្តារ​ឡើង​វិញ​ក្រោម​កិច្ចសហការ​សម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monument Fund-WMF) ដែល​បាន​ទទួល​ជំនួយ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក តាម​រយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ។ គម្រោង​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៤​មក ហើយ​អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០ ៕