ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មីន និង​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ ដែល​បន្សល់​ទុក​ក្នុង​ដី​បង្ក​ការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ប្រជាពលរដ្ឋ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ទោះបីជា​ប្រទេស​កម្ពុជា នាំ​មក​នូវ​សុខ​សន្ដិភាព​ក្រោម​រូបមន្ដ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​ពិតមែន តែ​គាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ

ខេត្ត​ប៉ៃលិន ៖ ទោះបីជា​ប្រទេស​កម្ពុជា នាំ​មក​នូវ​សុខ​សន្ដិភាព​ក្រោម​រូបមន្ដ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​ពិតមែន តែ​គាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​កប់​ក្នុង​ដី បន្សល់​កាលពី​សម​យ័​សង្គ្រាម មិន​បាន​ផ្តល់​សេចក្តីសុខ​សាន្ត​ដល់​ប្រជាពលរដ្ឋ​យើង​នោះ​ទេ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បង្ក​ឱ្យ​មនុស្ស​ក្មេង​ចាស់​ស្លាប់ និង ទទួល​រង​នូវ​ការ​ពិកា​ដៃជើង​ជា​បន្ដ​បន្ដា​ប់​។ ជាក់ស្ដែង​សម្រាប់​ខេត្ត​ប៉ៃលិន គឺជា​សមរភូមិ​ជួរ​មុខ​ប្រយុទ្ធ​យ៉ាង​ក្ដៅ​គគុក​ក្នុង​ការ​ដណ្តើម​កាន់កាប់​ឈរជើង​ទៅ​វិញ​ទៅ​មក​របស់​កងទ័ព​រដ្ឋាភិបាល និង​ទ័ព​ខ្មែរក្រហម​។

ដូចនេះ​ហើយ​ទើប​សព្វថ្ងៃ​សម្បូរ​ទៅ​ដោយ​គ្រាប់​មីនតោន និង​គ្រាប់​មីន​ប្រឆាំង​មនុស្ស នៅ​រាយ​ប៉ាយ​ពាសពេញ​ដីស្រែ​ចម្ការ ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កាប់​បង្កបង្កើន​ផល​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា គ្រាប់​មីន​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មួយ​ចំនួន​ស្លាប់ និង​ខ្លះ​ទៀត​ទទួល​រងគ្រោះថ្នាក់ ពិការ​អស់​មួយ​ជីវិត ដោយ​ដាច់​ដៃ ដាច់​ជើង និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ សត្វពាហនៈ ជា​បន្ដបន្ទាប់​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ផង​ដែរ​។ ខណៈ​ដែល​ឃើញ​អង្គការ​បោសសម្អាត​គ្រាប់​មីន​ចូល​ទៅ​រាវរក​នៅ​តំបន់​ពួក​គាត់​រស់នៅ បាន​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ភាព​កក់ក្តៅ​យ៉ាង​ខ្លាំង​។

បើ​តាម​លោក ព្រីង ប​ញ្ញ​រិ​ទ្ទ ប្រធាន​ស៊ី​ម៉ាក់​កំចាត់​មីន យោធភូមិ​ភាគ​ទី​២ ប្រចាំ​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រាប់​មីនតោន​បាន​ក្លាយទៅជា​អាវុធ​សម្លាប់​មនុស្ស និង​ធ្វើ​ឱ្យ​ពិការ​ភាព បន្ទាប់​ពី​រង​របួសធ្ងន់ ស្រាល និង​ធ្វើការ​បំផ្លាញ​ទ្រព្យសម្បតិ្ត​ប្រជា​កសិករ ដែល​ប្រើប្រាស់​ដី​ធី្ល​ក្នុង​ការ​បង្កបង្កើន​ផល​កសិកម្ម​ច្រើន​ជាងគេ​។ លោក​បាន​បន្ដ​ទៀត​ថា គ្រាប់​មីនតោន​បាន​ប្រើប្រាស់​នៅ​កម្ពុជា​ចាប់តាំងពី​សង្គ្រាម​ដណ្ដើម​កាន់កាប់​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ជំនាន់​មក​ម្លេះ ហើយ​គ្រាប់​មីនតោន​ទាំងនោះ ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ច្រើន​បំផុត រហូត​ដល់​សង្គ្រាម​បាន​បញ្ចប់​ទាំងស្រុង​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា គ្រាប់​មីនតោន​ច្រើន​ប្រភេទ ត្រូវ​បាន​យក​ប្រើប្រាស់​នៅ​ក្នុង​កម្ពុជា គឺ​មាន​គ្រាប់​មីនតោន​ផលិត​នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី សហរដ្ឋអាមេរិក សហភាព​សូ​វៀត ប្រទេស​ចិន វៀតណាម ជាដើម ។ គ្រាប់​មីនតោន ត្រូវ​បាន​ដាក់​កប់​ដី​សម្រាប់​ប្រឆាំង​នឹង​រថយន្ត​ដឹក​ជញ្ជូន​ធន់​ធ្ងន់ រថក្រោះ​។ ប៉ុន្តែ​នៅ​កម្ពុជា​បាន​កែ​ច្នៃ​ជា​មីន​វាយបំបាក់​ខាង​ស្មារតី ដោយ​បន្ថែម​គ្រាប់​មីន​ប្រឆាំង​មនុស្ស កប់​ជ្រៅ​ៗ រួច​ត​ភ្ជាប់​ឈើ​គ្រាក់ មក​ខាងលើ​ដាក់​ច្រើន​គ្រាប់​ត្រួត​ពីលើ​គ្នា​ជាដើម​។ សោកនាដកម្ម ដោយសារ​គ្រាប់​មីនតោន និង​គ្រាប់​មីន​គ្រប់​ប្រភេទ​នេះ​នៅ​តែ​បន្ត​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ខែ្ម​រ ជា​ពិសេស​កសិករ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​។ ទន្ទឹង​នឹង​នេះ​វា​ក៏​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក​បាន​សង្កត់ធ្ងន់​ថា ទោះបីជា​ដីស្រែ​ចម្ការ ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កាប់ បង្កបង្កើន​ផល​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្ដី បើ​អង្គភាព​កំចាត់​គ្រាប់​មីន​កម្ពុជា​(​ស៊ី​ម៉ាក​) មិន​ទាន់​ធ្វើការ​បោសសម្អាត​នោះ​ទេ ទីតាំង​ចម្ការ​នោះ មិន​ប្រាកដ​ថា​គ្មាន​គ្រាប់​មីន​នោះ​ឡើយ​។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន បាន​ទទួល​រង​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​តែ​ភ្ជួរ​រាស់​ដី លុះ​កិន​ចំ​គ្រាប់​មីន​ដែល​កប់​នៅ​ក្នុង​ដីចម្កា​នោះ​ឯង​តែ​ម្ដង​។ លោក​បាន​សំណូមពរ​ដល់​ប្រជា​ពលរ​ដ្ន​ទាំងអស់​មិន​ត្រូវ​រុករក​កាន់​ដី​ព្រៃ​ដែល​មាន​ដាក់​ស្លាក​សញ្ញា​គ្រាប់​មីន​នោះ​ជា​ដាច់ខាត ព្រោះ​តាម​ការ​សិក្សា​ស្រាវ​របស់​មន្ដ្រី​ស៊ី​ម៉ាក​បាន​កំណត់​រួច​ហើយ​ថា ដី​នោះ​ប្រាកដ​មាន​គ្រាប់​មីន​៕