ប្រទេសមីយ៉ាន់ម៉ា ៖ លំនៅឋានតម្លៃទាបរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា មានគោលបំណងដើម្បីលក់ជូនអ្នកដែលមានប្រាក់ចំណូលទាប និងគ្មានលទ្ធភាពទិញអាផាតមិន ។ ប៉ុន្តែមនុស្សមួយចំនួនបានដាក់ពាក្យទិញលំនៅឋាននោះដោយជោគជ័យ ហើយពួកគេបានជួល ឬលក់វាបន្តទៀត ។
លោកស្រី Daw Myint Myint Mu នាយករងនៃធនាគារ CHDB បានប្រាប់កាសែត The Myanmar Times នៅថ្ងៃទី២៣ វិច្ឆិកាថា ធនាគារនឹងពិនិត្យមើលថា អ្នកទិញលំនៅឋានតម្លៃទាប គឺពិតជាកំពុងរស់នៅក្នុងអាផាតមិននោះមែន ។ លោកស្រីថ្លែងថា ៖ « ប្រសិនបើពួកគេទិញអាផាតមិននេះដើម្បីលក់បន្តទៀតនោះ ឈ្មោះពួកគេនឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅ។ បើពួកគេព្យាយាមទិញលំនៅឋានតម្លៃទាបជាថ្មីម្តងទៀត គឺនឹងគ្មានសិទ្ធិទៀតឡើយ ។ អាផាតមិនតម្លៃទាបសាងសង់ដោយរដ្ឋាភិបាល មិនអាចលក់បន្ត ឬជួលបានទេ គឺសម្រាប់តែអ្នកត្រូវការលំនៅឋានពិតប្រាកដប៉ុណ្ណោះ » ។
លោកស្រីបន្តថា អ្នកដែលសម្លឹងមើលការទិញ និងលក់ឡើងវិញនូវអាផាតមិនតម្លៃថោក គួរតែទៅរកនៅទីផ្សារឯកជនវិញ ។ ធនាគារ CHDB និងនាយកដ្ឋានអភិវឌ្ឍន៍លំនៅឋាន ដែលស្ថិតក្រោមក្រសួងសំណង់ នឹងស៊ើបអង្កេតអ្នកទិញលំនៅលំនៅឋានតម្លៃទាបទាំងនេះ ដោយធនាគារនឹងកត់ត្រាឈ្មោះអ្នកទិញ តាមរយៈកម្ចីប្រាក់ពីធនាគារ ។
យោងតាមច្បាប់កំណត់ដោយនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុង និងលំនៅឋាន (DUHD) បង្ហាញថា អ្នកដាក់ពាក្យសុំទិញលំនៅឋានតម្លៃទាប ត្រូវតែចុះហត្ថលេខាដោយសន្យាថា ពួកគេមិនមែនជាម្ចាស់អាផាតមិនរួចហើយទេ ។ ចំពោះអ្នកមិនគោរពវិធានការនេះ នឹងត្រូវដកហូតអាផាតមិនតម្លៃទាបនោះត្រឡប់មកវិញ ហើយនឹងផ្ដន្ទាទោសពិន័យជាប្រាក់ ស្មើនឹង៥%នៃតម្លៃទិញអាផាតមិន ។
ការលក់បន្ត ឬផ្ទេរអាផាតមិនតម្លៃទាប នឹងត្រូវបានរារាំងក្នុងរយៈពេល៥ឆ្នាំដំបូង ហើយបន្ទាប់ពីផុតរយៈពេល៥ឆ្នាំដំបូងនោះ ការលក់នេះនឹងត្រូវកំណត់តម្លៃដោយ DUHD ៕
ចែករំលែកព័តមាននេះ