ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​3​ដែល​អ្នកជំនួញ​ភាគច្រើន​តែង​មើល​រំលង

7 ឆ្នាំ មុន

ការ​វិភាគ​ទីតាំង​របស់​អចលនទ្រព្យ គឺជា​គោលការណ៍​មូលដ្ឋាន​សម្រាប់​ការ​វិនិយោគ ព្រោះ​រឿង​សំខាន់​នៃ​ភាព​ជោគជ័យ​ក្នុង​ការ​វិនិយោគ គឺ​ទីតាំង ។ អ្នកជំនួញ​ភាគច្រើន​ចាត់​ទុក​ថា អចលនទ្រព្យ​ដែល​ស្ថិត​ក្នុង​ទីតាំង​ល្អ

ការ​វិភាគ​ទីតាំង​របស់​អចលនទ្រព្យ គឺជា​គោលការណ៍​មូលដ្ឋាន​សម្រាប់​ការ​វិនិយោគ ព្រោះ​រឿង​សំខាន់​នៃ​ភាព​ជោគជ័យ​ក្នុង​ការ​វិនិយោគ គឺ​ទីតាំង ។ អ្នកជំនួញ​ភាគច្រើន​ចាត់​ទុក​ថា អចលនទ្រព្យ​ដែល​ស្ថិត​ក្នុង​ទីតាំង​ល្អ នឹង​អាច​បង្កើត​ផល​តបស្នង​បាន​ដោយ​ងាយ និង​ជា​តម្រូវការ​របស់​ទីផ្សារ ។ ហេតុនេះ ការ​ជ្រើសរើស​វិនិយោគ​គ្រប់ពេលវេលា ពួក​គេ​តែង​ប្រុង​ប្រយ័ត្ន និង​ផ្តល់​ភាព​សំខាន់​ជាមួយ​ការ​ជ្រើសរើស​ទីតាំង​ល្អ រហូត​ដល់​មើល​រំលង​ទីតាំង​ដែល​បង្កើត​ប្រាក់ ខណៈ​ពួក​គេ​ភាគច្រើន​មិន​បាន​ចាប់អារម្មណ៍ ។
ការ​វិនិយោគ​អចលនទ្រព្យ អាច​នឹង​មិន​ស្ថិត​នៅ​លើ​ទីតាំង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​និច្ច​នោះ​ទេ ។ អ្នក​វិនិយោគ​មាន​វិជ្ជាជីវៈ​អាច​សម្លឹង​ឃើញ​ឱកាស និង​ស្វែងរក​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ទៅ​លើ​៣​ទីតាំង​ដូច​ជា ៖

១-​ទីតាំង​មិនល្អ ប៉ុន្តែ​មាន​អនាគត ៖
អចលនទ្រព្យ​ស្ថិត​នៅ​លើ​ទីតាំង​ដែល​ហៅ​ថា មិនល្អ គឺ​មាន​លក្ខណៈ​ច្រើន​ដូច​ជា ផ្ទះ​ចាស់​ស្ថិត​នៅ​ក្នុង​តំបន់​មាន​ទឹកជំនន់​រាល់​ឆ្នាំ ឬ​ធ្លាប់​មានទឹក​លិច​ពី​មុន​, ដី​ស្ថិត​ក្នុង​តំបន់​ទំនាប និង​ត្រូវ​ចាក់​ដី​បន្ថែម ដែល​ធ្វើ​ឱ្យ​មានការ​ចំណាយ​ស្ទើរតែ​ស្មើ ឬ​ស្មើនឹង​តម្លៃ​ដី និង​មិន​ទាន់​មាន​សេវា​សាធារណៈ​ចូល​ទៅ​ដល់ ។

ទាំងនេះ​ចាត់ទុកជា​ទីតាំង​មិនល្អ ដែល​អ្នកជំនួញ​ភាគច្រើន​មិន​ចាប់អារម្មណ៍ ។ ប៉ុន្តែ​វា​ជាទី​តាំង​ដែល​អាច​បង្កើត​ប្រាក់ ឬ​ផ្តល់​ផល​តបស្នង​ដ៏​ល្អ​បាន ប្រសិនជា​តំបន់​ស្ថិត​ក្នុង​ផែនការអភិវឌ្ឍន៍ ឬ​ជា​ដី​ទំនេរ​ដែល​កំពុង​ក្លាយជា​តំបន់ឧស្សាហកម្ម ទោះបីជា​ស្ថិត​ក្នុង​ដី​ទំនាប​ត្រូវ​ចាក់​បំពេញ​ក្តី ។ ប៉ុន្តែ​នៅ​ពេល​ក្លាយជា​អចលនទ្រព្យ​ល្អ​នា​ពេល​អនាគត វា​អាច​បង្កើត​ប្រាក់​ចំណូល និង​ផល​តបស្នង​ដ៏​ល្អ​បាន​ដូច​គ្នា ។

២-​ដី​គ្មាន​ផ្លូវ​ចេញចូល ៖
អចលនទ្រព្យ​ប្រភេទ​នេះ គឺ​ពិបាក​ក្នុង​ការ​ទិញ​លក់ ក្រៅពី​វា​គ្មាន​ផ្លូវ​ចេញចូល ក៏​ជាទី​តាំង​ដែល​អ្នកជំនួញ និង​អ្នក​ត្រូវការ​ស្វែងរក​ទិញ​ដី​ដើម្បី​ធ្វើ​ជា​ប្រយោជន៍​មិនសូវ​ចាប់អារម្មណ៍ ។ ប៉ុន្តែ​សម្រាប់​អ្នកជំនួញ​មាន​អាជីព ប្រសិនបើ​ដឹង​ថា ដី​ត្រង់​បរិវេណ​នោះ​កំពុង​មាន​តម្រូវការ​ពី​ទីផ្សារ ឬ​មាន​គម្រោង​ទិញ​លក់ ពួក​គេ​នឹង​ដាក់​ផែនការ​ទិញ​ដី​តំបន់​នោះ​ទុកជា​មុន ។

៣-​សភាព​អចលនទ្រព្យ​ដុនដាប ប៉ុន្តែ​ស្ថិត​ក្នុង​ទីតាំង​ល្អ ៖
អចលនទ្រព្យ​ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​ល្អ តែង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកជំនួញ ប៉ុន្តែ​ក្នុង​ករណី​នេះ បើសិនជា​អចលនទ្រព្យ​នោះ​មាន​សភាព​មិនល្អ ឬ​ទ្រុឌទ្រោម​រហូត​ដល់​ខ្វះ​ការ​ចាប់អារម្មណ៍ និង​អាច​មិន​សម​នឹង​តម្លៃ​សម្រាប់​ការ​វិនិយោគ​ដូច​ជា ផ្ទះ​ត្រូវ​បាន​គេ​ទុក​ចោល ប៉ុន្តែ​បរិវេណ​ក្បែរ​នោះ​ជាទី​តាំង​ប្រកប​របរ​លក់ដូរ អ្នកជំនួញ​ដែល​សម្លឹង​ឃើញ​ឱកាស​វិនិយោគ ពួក​គេ​នឹង​ផ្លាស់​ប្តូរ​វា​ជា​តំបន់​ប្រកប​អាជីវកម្ម ដោយ​មិន​គ្រាន់តែ​សម្រាប់​រស់នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​អចលនទ្រព្យ​ដែល​មិន​គួរ​ឱ្យ​វិនិយោគ​ប្រែ​ក្លាយជា​មាន​តម្លៃ​កើនឡើង​បាន ។

ភាព​ជោគជ័យ​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ គឺ​កើតឡើង​ពី​ការ​សិក្សា​រក​ផ្លូវ​វិនិយោគទុន រួម​ទាំង​ការ​ដាក់​ផែនការ​ដ៏​ល្អ មិន​ថា​អចលនទ្រព្យ​នោះ​ស្ថិត​នៅ​ក្នុង​ទីតាំង​បង្កើត​ប្រាក់ ឬ​ទីតាំង​មិនល្អ​ក្តី ប្រសិនបើ​មានឱកាស វា​អាច​នឹង​បង្កើត​ប្រាក់​ចំណេញ​បាន​ដូច​គ្នា ៕