ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ឃាត់ខ្លួន​​អ្នក​បិតស្រា និង​អ្នកលក់​ដំបែ​ស្រា

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ទីបំផុត មនុស្ស​៣​នាក់​ដែល​ជា​អ្នក​បិតស្រា និង​អ្នកលក់​ដំបែ​ស្រា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​មាន​មនុស្ស​ស្លា.ប់​ជា​បន្តបន្ទាប់​ …

ខេត្តកំពង់ឆ្នាំង ៖ ទីបំផុត មនុស្ស​៣​នាក់​ដែល​ជា​អ្នក​បិតស្រា និង​អ្នកលក់​ដំបែ​ស្រា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​រហូត​ដល់​១៥​នាក់ និង​រង​គ្រោះ​កើន​ដល់​៧១​នាក់ ដែល​សង្ស័យ​ថា បណ្តាល​មក​ពី​ពុល​ស្រា​ដែល​មាន​ជាតិ​មេតា​ណុ​ល​ខ្ពស់ ។

លោក ជិន សុ​ផាត នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ​គឺ​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដែល​បញ្ជា​ឲ្យ​កោះ​អញ្ជើញ​ពួក​គាត់​ទាំង​៣​នាក់​មក​សាកសួរ​ជា​បណ្តោះអាសន្ន​សិន តែ​មិន​ទាន់​ចោទប្រកាន់​បែប​ណា​នោះ​ទេ ព្រោះ​មក​ដល់​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវ​ជ្រាវ និង​ស៊ើបអង្កេត​នៅឡើយ ។ ការ​ឃាត់ខ្លួន​នេះ​ក៏​ដោយសារ​តែ​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់ ដែល​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រូពេទ្យ​ថា ស្រា​ដែល​ពួក​គាត់​ពិសា​មាន​កម្រិត​ជាតិ​មេតា​ណុ​ល​ខ្ពស់ ។

លោក ជិន សុ​ផាត បន្ត​ថា អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នេះ​មាន ១-​ឈ្មោះ ថា​ន់ វី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ២-​ឈ្មោះ ថា​ន់ ញ៉ា​ញ់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ទាំង​ពីរ​នាក់​ជា​អ្នក​បិតស្រា​នៅ​ភួ​មិត្រ​ពាំង​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស និង ៣-​ឈ្មោះ គង់ ឈិ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​អ្នកលក់​មេដំបែ​ស្រា នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ។                                                                                                                

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ង​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែធ្នូ ម្សិលមិញ មិន​មានការ​ប្រែប្រួល​ទេ គឺ​អ្នក​ស្លាប់មាន​១៥​នាក់ ចំណែក​អ្នក​រង​គ្រោះ​ចូល​មន្ទីរពេទ្យ​ខេត្ត បាន​កើន​ដល់​៧១​នាក់ ក្នុង​នោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​៥​នាក់ និង​អ្នក​បាន​ធូរស្រាល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចំនួន​៣០​នាក់ ។ ជន​រង​គ្រោះ​ទាំងនោះ​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​អំពិល ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បាន​រង​គ្រោះ​ដោយសារ​ពុល​ស្រា​ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ៕