ខេត្តកំពង់ឆ្នាំង ៖ អ្នកឃុំជើងគ្រាវ ស្រុករលាប្អៀរ ដែលប្រកបរបរបន្ទាប់បន្សំ ក្រៅពីការងារស្រែចម្ការ គឺធ្វើតម្បាញឫស្សី មានកញ្ច្រែង ចង្អេរ កញ្ជើ និងល្អីជាដើម បានត្អូញត្អែរថាឈ្មួញដែលទិញយកទៅលក់បន្តនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ចុះតម្លៃតាមចិត្ត ។ ដោយសារបែបនោះហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះតែផលិតផលរបស់ពួកគាត់លក់បានថោក ។
ក្នុងស្ថានភាពបែបនេះសិប្បករទាំងនោះបានសំណូមពរអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធឱ្យជួយរកទីផ្សារឱ្យពួកគាត់លក់បានថ្លៃជាងនេះផង។ អ្នកត្បាញឫស្សីភូមិតាំងបំពង់ ភូមិទឹកចេញភូមិជើងគ្រាវ ក្នុងឃុំជើងគ្រាវលើកឡើងកាលពីពេល ថ្មីៗកន្លងមកថា កាលឆ្នាំ មុនៗ មិនធ្លាក់ថ្លៃដូចសព្វថ្ងៃនេះទេ តែឆ្នាំនេះឈ្មួញទម្លាក់ថ្លៃតាមតែចិត្ត ។ បើមិនលក់ពួកគាត់ខ្វះខាតប្រាក់ផ្គត់ផ្គង់ជីវភាព ហើយបើទុកយូរក៏ត្រូវខ្នូតស៊ីដែរ ព្រោះធ្វើពីឫស្សី ម្ល៉ោះហើយគឺមានតែបង្ខំចិត្តលក់ ។ ចង្អេរ១ថ្លៃ៣៥០០រៀលតែប៉ុណ្ណោះ ពេលខ្លះថោកជាងនេះគឺ១០លក់បានតែ៣ម៉ឺនរៀលប៉ុណ្ណោះ ។ ចំណែកកញ្ច្រែងទំហំ៦តឹក លក់១០បានថ្លៃតែ២ម៉ឺនទៅ២៥០០០រៀលប៉ុណ្ណោះ ។
បុរសម្នាក់ជាសិប្បករធ្វើចង្អេរនិយាយថា «រាល់ថ្ងៃស្រេចតែឈ្មួញថា បើគេថាធ្លាក់ទឹកហើយចុះថោក គឺថោកតាមគេទៅ បើគេថាឡើងថ្លៃបន្តិច ក៏ឡើងតាមគេទៅ តែរឿងឡើងថ្លៃដូចមិនសូវមាន បើមានតែអារឿងធ្លាក់ថ្លៃ ។ រឿងនេះមកតែពីប្រជាពលរដ្ឋ នៅមូលដ្ឋានគ្នាមិនសូវបានចេញទៅក្រៅ ហេតុនេះមិនដឹងតម្លៃទីផ្សារយ៉ាងណានោះទេ គឺសព្វថ្ងៃស្រេចតែលើមាត់ឈ្មួញប៉ុណ្ណោះ» ។
ករណីឈ្មួញបញ្ចុះតម្លៃវត្ថុសិប្បកម្មធ្វើពីឫស្សីនេះ សិប្បករទូទៅលើកឡើងថា កន្លងទៅមិនដែលមានខាងអាជ្ញាធរ ឬអង្គការណាជួយជ្រោមជ្រែងរកទីផ្សារឱ្យពួកគាត់ទេ ។ ដោយឡែកតែសិប្បកម្មពីពីដីឥដ្ឋ មានអង្គការ ជួយឱ្យសិប្បករកែប្រែទម្លាប់ធ្វើផលិតផលពីដីឥដ្ឋ ធំៗ មានក្អម ឆ្នាំងជាដើម សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ តូចៗវិញអស់ដីតិច តែលក់បានថ្លៃ។ ចំណែកសិប្បកម្មតម្បាញឫស្សីវិញ នៅមិនទាន់មានខាងណាជួយជ្រោមជ្រែងទេ ៕
ចែករំលែកព័តមាននេះ