ប្រទេសថៃ ៖ រដ្ឋាភិបាលថៃទទួលបានជំនួយបច្ចេកទេសចំនួន១លានដុល្លារអាមេរិក (៣៥លានបាត) ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងធនធានទឹកជារួម ដែលចាប់ផ្តើមពីកម្រិតអាងទន្លេ ព្រមទាំងពង្រឹងការអភិវឌ្ឍសមត្ថភាពផែនការរួមបញ្ចូលអាងទន្លេក្នុងប្រទេសផងដែរ ។
ជំនួយឥតសំណងនេះ ត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) និងគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងត្រូវបានអនុវត្តក្នុងអំឡុងពេល១ឆ្នាំកន្លះ ដោយបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៦ ។
ការផ្តល់ជំនួយ គឺស្របគ្នាជាមួយផែនការយុទ្ធសាស្ត្រគ្រប់គ្រងធនធានទឹក ដែលទើបតែអនុម័តនាពេលថ្មីៗនេះដោយរដ្ឋាភិបាលថៃ ហើយនាយកដ្ឋានធនធានទឹក នៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធាន និងបរិស្ថានធម្មជាតិ គឺដើរតួជាភ្នាក់ងារប្រតិបត្តិ ។
គម្រោងនេះនឹងបង្កើតឧបករណ៍សម្រាប់គ្រប់គ្រងធនធានទឹករួមបញ្ចូលគ្នា (IWRM) នៅកម្រិតអាងទន្លេ ។ ឧបករណ៍ IWRM ដើរដោយការបញ្ជាលើកុំព្យូទ័រ ដែលអនុញ្ញាតឱ្យអ្នកប្រើអាចធ្វើតេស្តពីផលប៉ះពាល់ទឹក ដោយវិធីសាស្ត្រគ្រប់គ្រងធនធានទឹកផ្សេងគ្នានៅក្នុងអាងទន្លេមួយ ។
លោក Luxmon Attapich សេដ្ឋវិទូជាន់ខ្ពស់របស់ ADB ប្រចាំប្រទេសថៃ និយាយថា ៖ « នៅក្រោមគោលនយោបាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីលើវិស័យធនធានទឹក ធនាគារទទួលស្គាល់ថា ឧបករណ៍ IWRM មានភាពចាំបាច់ក្នុងការគ្រប់គ្រងអាងទន្លេ » ។
តាមរយៈឧបករណ៍នេះដែរ នឹងអាចធ្វើឲ្យអ្នកមានភាគហ៊ុនឈានដល់កិច្ចព្រមព្រៀងពីរបៀបគ្រប់គ្រងអាងទន្លេ ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់នាពេលអនាគត និងលើកកម្ពស់ជីវភាពសហគមន៍ ។
ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ានីល បានប្តេជ្ញាចិត្តកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងតំបន់ប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ច កំណើនបរិស្ថានប្រកបដោយនិរន្តរភាព និងសមាហរណកម្មថ្នាក់តំបន់។ ADB ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៦ ហើយនៅខែធ្នូ ឆ្នាំ២០១៦ នឹងប្រារព្ធខួប៥០ឆ្នាំនៃភាពជាដៃគូអភិវឌ្ឍន៍ក្នុងតំបន់ ។ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិក៦៧ប្រទេស ដែលមកពី៤៨តំបន់ ។ ក្នុងឆ្នាំ២០១៥ ADB បានផ្តល់ជំនួយសរុបចំនួន២៧,២ប៊ីលានដុល្លារ រួមទាំងសហហិរញ្ញប្បទាន១០,៧ប៊ីលានដុល្លារផងដែរ ៕
ចែករំលែកព័តមាននេះ