ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​តា​នៃ​អ្នកទេសចរ​ភាគច្រើន​មិន​បាន​ទៅ​ដល់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទ​តា​នៃ គឺជា​ប្រាសាទ​មួយ​ដែល​មាន​ទេសភាព និង​រចនាបថ​ដ៏​ស្រស់​ស្អាត ។ មាន​ទីតាំង​ក្នុង​ព្រៃ និង​ផ្លូវ​ចូល​ជា​ច្រក​ផ្លូវលំ​តូច​មួយ​នោះ ដូច្នេះ​មិនសូវ​មាន​អ្នកទេសចរ​ច្រើន​ទេ​ដែល​បាន​ទៅ​ដល់​ប្រាសាទ​

ខេត្តសៀមរាប ៖ ប្រាសាទ​តា​នៃ គឺជា​ប្រាសាទ​មួយ​ដែល​មាន​ទេសភាព និង​រចនាបថ​ដ៏​ស្រស់​ស្អាត ។ មាន​ទីតាំង​ក្នុង​ព្រៃ និង​ផ្លូវ​ចូល​ជា​ច្រក​ផ្លូវលំ​តូច​មួយ​នោះ ដូច្នេះ​មិនសូវ​មាន​អ្នកទេសចរ​ច្រើន​ទេ​ដែល​បាន​ទៅ​ដល់​ប្រាសាទ​មួយ​នេះ ។ ប្រាសាទ​តា​នៃ មា​នទី​តាំងនៅ​ខាងកើត​ប្រាសាទតាកែវ​ឆ្ពោះទៅ​ខាងជើង​ប្រហែល​៨០០​ម៉ែត្រ ។ ប្រាសាទ​តា​នៃ​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​មហាយាន​។

ប្រាសាទ​តា​នៃ​មាន​កំពែង​ចំនួន​៣​ជាន់​។

កំពែង​ទី​១ ជា​ថែវ​ព័ទ្ធ​ជុំវិញ និង​មាន​ច្រក​ទ្វារ​ចេញចូល តូច​ៗ​ចំនួន​៤ នៅ​ទិស​ធំ​ទាំង​៤ ។ នៅ​ក្នុង​បរិវេណ​កំពែង​ទី​១ មាន​តួ​ប៉ម​ចំនួន​២ ហោត្រៃ​១ នៅ​ផ្នែក​ខាងត្បូង និង​មាន​ច្រក​ផ្លូវ​មួយ​ភ្ជាប់​ពី​តួ​ប៉ម​ខាង​លិចទៅ​ខ្លោងទ្វារ​ខាងជើង​។ កំពែង​ទី​២ ស្ថិត​នៅ​ចំងាយ​ប្រមាណ ១០​ម៉ែត្រ​ពី​កំពែង​ទី​១ ដែល​ផ្នែក​ខាងកើត​មាន​សំណង់ តូច​ៗ​រាង​កា​រ៉េ​ជា​ច្រើន​សង់​តម្រៀប​គ្នា​ស្រប​តាម​កំពែង​។ កំពែង​ខាងក្រៅ​មាន​ទំហំ ១៩០​ម៉ែត្រ​គុណ​នឹង​១៦០​ម៉ែត្រ ដែល​មាន​ជញ្ជាំង​ពី​ថ្មបាយក្រៀម​ធ្វើ​ពុំ​ទាន់​រួចរាល់ និង​មាន​ខ្លោងទ្វារ​២​នៅ​ផ្នែក​ខាងកើត និង​ខាងលិច​។ ប្រាសាទ​តា​នៃ​មាន​កសិណ​ទឹក​មួយ​ជាន់​រាង​ជា​អក្សរ U និង​ខឿន​រាង​កាកបាទ​មួយ​នៅ​ផ្នែក​ខាងកើត ។

ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រាសាទ​តា​នៃ
តា​នៃ​ជា​សំណង់​ប្រាសាទ​ដ៏​ពិសេស​មួយ​ស្ថិត​នៅ​ក្នុង​ទ្រង់ទ្រាយ​ដើម​នៅ​ចំ​កណ្តាល​ព្រៃ ពុំ​ទាន់​មានការ​ជួសជុល ឬ​អភិរក្ស​ជា​ដុំ​កំភួន​នៅឡើយ​។ បន្ទាប់​ពី​ចុះ​ការ​អង្កេត​ផ្ទាល់​នៅ​លើ​ទីតាំង គេ​បាន​កំណត់​មូលហេតុ ចម្បង​ៗ​ដែល​បណ្តាល​ឲ្យ​មានការ​ខូចខាត​ទៅ​លើ​ប្រាសាទ ក្នុង​នោះ​រួម​មាន​កត្តា​រចនាសម្ព័ន្ធ ៖ ដែល​បណ្តាល​មក​ពី​អាយុកាល និង​រចនាសម្ព័ន្ធ​ផ្ទាល់ ។

កត្តា​សម្ភារ​សំណង់​៖ សម្ភារ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​តា​នៃ​ត្រូវ​បាន​ប្រើប្រាស់​លាយ​គ្នា​រវាង​ថ្មភក់ និង​ថ្មបាយក្រៀម​។ កន្លែង​ត​ភ្ជាប់​នៃ​សម្ភារ​សំណង់​ទាំង​ពីរ​ប្រភេទ​នេះ គឺ​ពុំ​មាន​តុល្យភាព​គ្នា ដែល​ជា​មូលហេតុ​នាំ​ឲ្យ​រចនាសម្ព័ន្ធ​ទាំងមូល​ស្ថិត​នៅ​ក្នុង​ភាព​អត់​លំនឹង​។ ថ្មបាយក្រៀម​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​កៅឡាំង​ច្រើន និង​មាន​រន្ធ ធំ​ៗ​ជា​ច្រើន​នៅ​ក្នុង​ផ្ទៃ​របស់​ថ្ម ដែល​អាច​អនុញ្ញាត​ឲ្យ​ទឹក​អាច​ជ្រាប​ចូល​ទៅ​ខាងក្នុង​រចនាសម្ព័ន្ធ​របស់​វា​យ៉ាង​ងាយ​។ បន្ទាប់​មក​សារធាតុ​កៅឡាំង​ចាប់ផ្តើម​រលាយ​ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ជីវៈចម្រុះ​ក៏​ចាប់ផ្តើម​មានជីវិត​នៅ​ជាប់​លើ​ផ្ទៃ​ថ្ម​ទាំ​ង​នោះ ។

កត្តា​រូបសាស្ត្រ​៖ កត្តា​នេះ​មាន​ពាក់ព័ន្ធ​នឹង​អាកាសធាតុ ពន្លឺ និង​ទឹកជា​កត្តា​ចម្បង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជីវៈចម្រុះ​មក​ភ្ជាប់​ខ្លួន​ជាមួយនឹង​ថ្ម​ប្រាសាទ ។ ជីវៈចម្រុះ​ដែល​មក​ភ្ជាប់​ខ្លួន​ជាមួយនឹង​ថ្ម​ប្រាសាទ​បាន​ធ្វើ​ឲ្យ​ថ្ម​ប្រាសាទ​ទាំងនោះ​រង​នូវ​ការ​ខូចខាត ។ ការ​ប្រែប្រួល​កម្រិត​សីតុណ្ហភាព​ខ្ពស់ និង​ទាប​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​សមាសធាតុ​នៃ​រចនាសម្ព័ន្ធ​របស់​ប្រាសាទ ដែល​អាច​បណ្តាល​ឲ្យ​មាន​ស្នាម​ប្រេះ និង​ប្រែប្រួល​ពី​ទម្រង់​ដើម​របស់​វា ។ សត្វល្អិត​ធ្វើ​រូង​នៅ​ផ្នែក​ខាងក្នុង​គ្រឹះ និង​នៅ​តាម​ជញ្ជាំង​ថ្មបាយក្រៀម និង​រុក្ខជាតិ​ដែល​ដុះ​គ្រប​ពីលើ​ប្រាសាទ និង​ដើមឈើ​ដែល​ដុះ​លើ​រចនាសម្ព័ន្ធ​របស់​ប្រាសាទ ។

កាលពី​ឆ្នាំ​១៩៩៩ ប្រាសាទ​តា​នៃ​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ស្តី​ពី​ការ​ថែរក្សា ជួសជុល​ឡើង​វិញ និង​គ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌ ។ ក្រោយមក​ចាប់ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​អប្សរា និង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន បាន​បង្កើត​គម្រោង​សហប្រតិបត្តិការ​រួម​គ្នា​មួយ ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ​អំពី​ការ​ខូចខាត​នៃ​ថ្ម​ប្រាសាទ​ក្នុង​តំបន់​អង្គរ ដែល​បណ្តាល​មក​ពី​ជីវសាស្ត្រ​ចម្រុះ ដោយ​អនុវត្ត​ជា​ពិសេស​នៅ​ប្រាសាទ​តា​នៃ ។

បន្ទាប់​ពី​បញ្ចប់​គម្រោង​ស្រាវជ្រាវ​នោះ​មក​នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៣ អាជ្ញាធរ​ជាតិ​អប្សរា និង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ក៏​បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី ការ​អភិរក្ស​ថ្ម​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ដើម្បី​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដែល​បាន​ស្រាវជ្រាវ​ដោយ​អ្នក​ជំនាញការ ផ្សេង​ៗ​អស់​រយៈពេល​១០​កន្លង​មក ។

នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​ស្នើ​ឲ្យ​មាន​គម្រោង​អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​តា​នៃ​នោះ​ឡើង ។ ភាគី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ក៏​បាន​ប្រកាស​ចូលរួម​នៅ​ក្នុង​គម្រោង​នេះ​ជាមួយនឹង​ការ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ដល់​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ ក្នុង​កិច្ចប្រជុំ​ពេញអង្គ អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) ខែមិថុនា ឆ្នាំ​២០១៤ គម្រោង​នេះ​ក៏​បាន​លើកយក​មក​បង្ហាញ​ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​៕