ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នៅ​តែ​ប្រកាន់​យក​ទ្វេភាគី​ក្នុង​ការ​ចរចា​ព្រំដែន ខណៈ​ដែល​កម្ពុជា​កំពុង​ឈាន​ទៅ​រក​យន្តការ​ពហុភាគី

13 ឆ្នាំ មុន

យោង​តាម​ព័ត៌​មាន​ដែល​ចេញ​ផ្សាយ​ដោយ​គេហ​ទំព័រ​ MCOT របស់ថៃ​​ជា​ភា​សា​អង់គ្លេស​នៅ​ថ្ងៃ​ទី១៧ សីហា ឱ្យ​ដឹង​ថា លោក​ស៊ូ​ថេប ធឿក​ស៊ូបាន់ ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​កាល​ពី​ថ្ងៃ​ទី១៧ សីហា នោះបាន​បដិសេធ​ថា ថៃ​មិន​បាន​បញ្ជូន​លោក​សូរិន ពិត​សុវណ្ណ អគ្គ​លេខា​ធិការ​អា​ស៊ាន ឱ្យ​ទៅកម្ពុជា ដើម្បី​ពិ​ភាក្សា​អំពីបញ្ហា​ជំលោះ​ដោយ​សារ​ប្រា​សាទ​ព្រះ​វិហារ​ជា​មួយ​ កម្ពុជាទេ ។ ​លោក​ឧប​នាយករដ្ឋ​មន្ត្រីថៃ​ ក៏បាន​បដិ​សេធ​ផង​ដែរថា ថៃ​ពុំ​មាន​ជាប់​ពាក់​ព័ន្ធ

យោង​តាម​ព័ត៌​មាន​ដែល​ចេញ​ផ្សាយ​ដោយ​គេហ​ទំព័រ​ MCOT របស់ថៃ​​ជា​ភា​សា​អង់គ្លេស​នៅ​ថ្ងៃ​ទី១៧ សីហា ឱ្យ​ដឹង​ថា លោក​ស៊ូ​ថេប ធឿក​ស៊ូបាន់ ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​កាល​ពី​ថ្ងៃ​ទី១៧ សីហា នោះបាន​បដិសេធ​ថា ថៃ​មិន​បាន​បញ្ជូន​លោក​សូរិន ពិត​សុវណ្ណ អគ្គ​លេខា​ធិការ​អា​ស៊ាន ឱ្យ​ទៅកម្ពុជា ដើម្បី​ពិ​ភាក្សា​អំពីបញ្ហា​ជំលោះ​ដោយ​សារ​ប្រា​សាទ​ព្រះ​វិហារ​ជា​មួយ​កម្ពុជាទេ ។ ​លោក​ឧប​នាយករដ្ឋ​មន្ត្រីថៃ​ ក៏បាន​បដិ​សេធ​ផង​ដែរថា ថៃ​ពុំ​មាន​ជាប់​ពាក់​ព័ន្ធ​​ជា​មួយ​ជំនួប​ពិភាក្សា​រវាង​ លោក​សូ​រិន ពិត​សុវណ្ណ​​ ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា ​ចំពោះ​បញ្ហា​​ប្រា​សាទ​ព្រះវិហារ​ទេ ព្រោះ​ជំលោះ​ព្រំ​ដែន​ មិន​គួរ​លើកឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​តំបន់ឡើយ ត្រូវតែ​ទ្វេ​ភាគី ។

អ្នក​វិភាគ​នៅ​កម្ពុជា​និយាយ​ថា កម្ពុជា​ដែល​ទទួល​លោក​ សូរិន ពិត​សុវណ្ណ​ នោះ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ប្រតិ​ភូ​សហ​គមន៍​អ៊ិស្លាម ​មករក​កិច្ច​សហ​​ការ​ជា​មួយ​មន្ត្រី​ដឹកនាំ​អ៊ិស្លាម​កម្ពុជា ហើយ​ក៏​ចាត់​ទុក​ថា លោក​សូរិន ជា​អគ្គ​លេខាធិការ​​អាស៊ាន​ មិន​មែន​ជា​មន្ត្រី​រដ្ឋា​ភិ​បាល​ថៃ​ទេ ។ ទោះ​បី​ជា​បែប​ណា នោះ​ជាទស្ស​នៈ​ស្តី​ពី​កង្វល់​នៃ​ជំលោះ​ប៉ុណ្ណោះ ។ ក្នុង​គេហទំព័រ​ដដែល បាន​ដក​ស្រង់​សំដី​លោក​ស៊ូថេបដែលថ្លែង​ថា ថៃ​បានបញ្ជាក់យ៉ាង​ច្បាស់​ពី​គោល​ជំហរ​របស់​ខ្លួន ​ចំពោះ​បញ្ហា​ទាំង​ឡាយ​ ជា​ពិសេស​ជំលោះ​ដោយ​សារ​តំបន់​ក្បែរ​ប្រា​សាទ​ព្រះ​វិហារ ត្រូវតែ​ដោះ​ស្រាយ​ដោយ​ទ្វេ​ភាគី ​គឺ​មិន​ត្រូវលើកឡើង​នៅ​អាស៊ាន​ឡើយ ។

លោក​ស៊ូ​ថេប ​បាន​ធ្វើ​អត្ថា​ធិប្បាយ​បែបនេះ​ មួយ​ថ្ងៃ​ក្រោយ​ពី​ទីភ្នាក់ងារ​ព័ត៌​មាន​បារាំង AFP ​បាន​រាយ​ការណ៍​ថា លោក​សូរិន​ ពិត​​សុវណ្ណ​ បាន​ថ្លែង​នៅ​ថ្ងៃ​ទី១៦ សីហា ក្រោយ​ពី​ជួប​ពិភាក្សា​ជា​មួយ​ លោកឧប​នាយក​រដ្ឋ​មន្ត្រី ​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ថា ​រូបលោក​ត្រូវតែរង់​ចាំ​ការ​សំរេ​ចចិត្ត ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​មុន ពេលឆ្លើយ​តប​ចំពោះ​សំណើ​របស់​កម្ពុជា ​សំរាប់​ជំនួយ​ពី​ក្នុង​តំបន់​ដើម្បី​ដោះ​ស្រាយ​ជំលោះ​ជា​មួយថៃ ។

ទោះ​បី​ជាបែបណា កម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន ​រដ្ឋ​មន្ត្រី​​ការបរ​ទេស​វៀតណាម ដែលជា​ប្រធាន​អាស៊ាន​ ដើម្បី​ស្វះ​ស្វែង​រក​ការ​អន្តរា​គមន៍​ពី​អាស៊ាន​ ក្នុង​ការ​ជួយ​ដោះ​ស្រាយ​ជំលោះ​ព្រំ​ដែន​ ព្រមទាំង​ស្វះ​ស្វែង​​រក ​ការ​ចូល​រួម​របស់​អង្គ​ការ​សហ​ប្រ​ជា​​ជាតិ ​ក្នុង​ការ​ដោះ​ស្រាយ​ជំលោះ​រវាង​ថៃ​ និង​កម្ពុជា​ ដើ​ម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់គ្នា ​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​ទ្រង់​ទ្រាយ​ធំ​ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ ។ ជា​​មួយ​គ្នា​នេះ កាល​ពីថ្ងៃ​ទី១៧ សីហា ក្រុម​សកម្ម​ជន​នៃ​ក្រុម​មួយ​ឈ្មោះ​ «បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ» ដឹកនាំ​ដោយ​លោក​ឆាវ៉ាត់ ស៊ីន​​សូ​វង្ស ​ដែល​អ្នក​តាមដាន​បាន​ហៅ​ថា ជា​ក្រុម​ជាតិ​និយម​ជ្រុល​ដូច​ពួក​អាវលឿង ​បាន​ប្រមូល​ផ្តុំ​គ្នានៅ​ អគារ​សភា ​ក្នុង​អំឡុង​ពេល​នៃ​សម័យប្រជុំសភា​ ដើម្បី​ទាម​ទារ​កុំឱ្យសភា ​ពិចារណារលើ​ឯក​សារ ​​ពាក់ព័ន្ធជាមួយ​កិច្ច​ព្រម​ព្រៀង​ព្រំ​ដែនដែល​គណៈកម្មការ​ព្រំ​ដែន​ចំរុះ​រវាង​ថៃ​ និង​កម្ពុជា​ (JBC) យក​ធ្វើ​ជា​របៀប​វារៈ​ក្នុង​កិច្ច​ប្រជុំរបស់ខ្លួន ។ ក្រុម​នេះ​ក៏​បានទាមទារ​ឱ្យ​ថៃ​លុប​ចោល​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា (MOU) ជា​មួយ​កម្ពុជាផង​ដែរ ។

យោ​ង​តាមប្រភព​ព័ត៌​មានដដែល​ឱ្យ​ដឹង​ទៀត​ថា លោក​ស៊ូ​ថេប បាន​អះ​អាង​បញ្ជាក់​សា​ជា​ថ្មី​ថា ក្រប​ខណ្ឌ​ចរចា​សំរាប់​ការកំណត់ព្រំ​ដែន​គោក ត្រូវ​បាន​ពិភា​ក្សា​នៅ​ក្នុង​សម័យប្រជុំ​សភា​នៅ​ថ្ងៃ​ទី១៧ សីហា ។ លោក​ស៊ូថេប​ថ្លែងថា ​ការពិភា​ក្សា​រវាង​រដ្ឋា​ភិ​បាល​ថៃ​ និងរដ្ឋា​ភិបាលកម្ពុជា ស្តី​អំពី​បញ្ហា​ជំលោះ​ព្រំ​ដែន អាចធ្វើ​ឡើង​ប្រសិន​បើ​មាន​ពេល​វេលា​ត្រឹមត្រូវ ។ ប៉ុន្តែ​ជំហរ​កម្ពុជា ​បានលើក​ឡើង​យ៉ាងច្បាស់​ហើយថា គ្មាន​ការ​ចរចា​ណា​​មួយ​ ត្រូវ​បាន​កំណត់​​​កាល​បរិច្ឆេទ​ទេ មុនពេល​ដែល​កំណត់​ហេតុ​ នៃ​ការ​ចរចា​គ្នា៣​លើក ​រួច​មក​ហើយនោះ​ សភា​ថៃ​មិន​ទាន់លើក​យក​មក​ពិភា​ក្សា​​ និង​អនុ​ម័ត ​។​ ដោយសារ​តែ​ការ​អូស​បន្លាយ​នោះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ជំលោះ​នេះ​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​រឿង​រ៉ាវ​១ពាន់​១យប់ទៅ​ហើយ ។

កាល​ពី​ថ្ងៃ​ទី​១៧ សីហា នោះ​ដែរ លោក​ឆាយ​ ឈិត​ឆប ប្រធាន​រដ្ឋ​សភា​ថៃ​ បាន​​ឱ្យ​ដឹង​នៅ​មុន​ពេល​បើក​កិច្ច​ប្រជុំ​សភា​ថា​ ​ក្រសួង​ការ​ពារ​ប្រទេស​ធ្វើ​ការ​ពន្យារ​ទៅ​ចុង​ខែ​នេះ​ និង​ការ​រៀប​ចំ​បង្គោល​ព្រំដែន​គោក​កម្ពុជា​-ថៃ​ រួម​ទាំង​លក្ខ​ខណ្ឌ​នានា ​គណៈ​កម្មា​ធិការ​ព្រំដែន​រួម​កម្ពុជា​-ថៃ​ (JBC) នៅ​មិន​ទាន់​មាន​ការ​កំណត់​​ចូល​ក្នុង​របៀប​វារៈ​ នៃ​កិច្ច​ប្រជុំ​នៅ​ឡើយ​ ។​ ប៉ុន្តែ​ការ​ប្រជុំ​ជា​រួម​នៅ​ក្នុង​រដ្ឋ​សភា ​ជា​ការប្រជុំ​ពិនិត្យ​កិច្ច​ព្រម​ព្រៀង​ចាស់​ ដែល​បាន​កក​ស្ទះ​តាំង​ពី​ឆ្នាំ​២០០៨​មក​ ។ តាម​កាសែត​ថៃ​ បាន​ផ្សាយ​ទៀត​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​​ថៃ គឺជាការ​ប្រជុំ​លើក​ទី​១ ដោយ​សមា​ជិក​រដ្ឋ​សភា ត្រូវបាន​ហាម​មិន​ឱ្យ​បង្ហាញ​របាយ​ការណ៍​ ​នៃកិច្ច​ប្រជុំ​ដែល​ទុក​ថា​ ជា​​ការសំងាត់​ ។ ការ​ប្រជុំ​របស់សភា​ថៃ​ ស្តី​ពី​ការ​ចរចា​ និង​ការ​រៀបចំ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-ថៃ ​ត្រូវ​បាន​សមា​ជិក​ចូល​រួម​មាន​មតិចាត់​ទុក​ជា​រឿង​សំងាត់ ​ដោយ​មាន​សំលេង​៣៤៨​ទល់​នឹង​២៥​ ។ ជា​មួយ​នេះ​នឹង​ពិចារ​ណា​លើ​លក្ខ​ខណ្ឌ​ចរ​ចា​ និង​រៀប​ចំ​បង្គោល​ព្រំ​ដែន​គោក កាល​ពី​ខែ​តុលា​ ២០០៨​ ​ដោយ​មិន​ពាក់​ព័ន្ធ​នឹង​​MOU ឆ្នាំ​២០០០ទេ ៕