ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០១៦ ដែល​មាន​៦​ប្រទេស​ចូលរួម ។ ការ​ប្រកួត​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០១៦ ដែល​មាន​៦​ប្រទេស​ចូលរួម ។ ការ​ប្រកួត​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ កន្លង​មកនេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កក្រោម​អធិបតីភាព​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​លោក Kitiponsh Suchantabutr ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេយ៍ ។

លោក ខេ​ស៊ី បា​ណេ​ត បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំង​៦​ដែល​បាន​ចូលរួម​ប្រកួត​នា​ពេល​នេះ កម្ពុជា​ជា​ម្ចាស់ផ្ទះ មាន​ប្រតិភូ​កីឡា​ចូលរួម​សរុប​ចំនួន​២៥​នាក់ ឡាវ​៩​នាក់ ម៉ា​ឡេ​ស៊ី​៥​នាក់ សិង្ហ​បុរី​៣​នាក់ ថៃ​១៥​នាក់ និង​វៀតណាម​២១​នាក់ ។ ការ​ប្រកួត​នេះ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ធ្នូ ។

លោក ខេ​ស៊ី បា​ណេ​ត មាន​ប្រសាសន៍​បន្ត​ថា គោលបំណង​សំខាន់​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​នៅ​ក្នុង​ពេល​នេះ គឺ​ដើម្បី​ស្វែងរក​បទ​ពិសោធន៍​ពី​បណ្ដា​ប្រទេស​ជិតខាង​ឱ្យ​បាន​ច្រើន​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ។ លោក​ថា ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំង​៥​ដែល​មក​ចូលរួម​ប្រកួត​នា​ពេល​នេះ លោក​ព្រួយបារម្ភ​ជាងគេ​គឺ​ប្រទេស​ថៃ​និង​វៀតណាម ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង ថែម​ទាំង​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​មក​ចូលរួម​ប្រកួត​ច្រើន​ទៀត​ផង ។

លោក អ៊ុ​ក សិទ្ធិ​ជាតិ តំណាង​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​សំដែង​នូវ​ការ​គាំទ្រ​យ៉ាង​កក់ក្ដៅ​ចំពោះ​ប្រតិភូ​កីឡា​ទាំងអស់​ដែល​បាន​មក​ចូលរួម​ប្រកួត​នៅ​ក្នុង​ពេល​នេះ ។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចចិត្ត​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ពង្រឹង គាំទ្រ​ដល់​សហព័ន្ធ​កីឡា​ជាតិ ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ជើងឯក​ថ្នាក់​តំបន់​ដើម្បី​រៀនសូត្រ និង​ទទួល​បាន​បទ​ពិសោធន៍​​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​ឈាន​ទៅ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ ។ ការ​ប្រកួត​កីឡា​មិន​ត្រឹមតែ​ប្រកួតប្រជែង​ដើម្បី​មេដាយ​ប៉ុណ្ណោះ​​នោះ​ទេ វា​ថែម​ទាំង​នាំ​មក​នូវ​មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ និង​សុខដុម​នី​យ​កម្ម​នៅ​ក្នុង​តំបន់​ទៀត​ផង ។ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត លោក​សំណូម​ពរ​ដល់​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការ​ប្រកួត ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​និយាម​បច្ចេកទេស ដែល​កំណត់​ដោយ​សហព័ន្ធ​កីឡា​ជាតិ និង​អន្តរជាតិ ដើម្បី​ធានា​ដឹកនាំ​ការ​ប្រកួត​ប្រកបដោយ​យុត្តិធម៌​ស្រប​តាម​គោលការណ៍ Fair Play ឆ្ពោះទៅ​រក​ឱ្យ​ឃើញ​នូវ​កីឡាករ​កីឡាការិនី​ឆ្នើម​ពិតប្រាកដ​៕