ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រជ្ជទាយាទ​ព្រះ​អង្គ​ម្ចាស់​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​ប្រកាស​ផ្លូវការ​ជា​ព្រះមហាក្សត្រ​ថ្មី

7 ឆ្នាំ មុន

ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ថៃ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ទ្រង់​យល់​ស្រប​តាម​សំណើ​របស់​ប្រធាន​សភា​ថៃ​ឡើង​គ្រង​រា​ជប​ល្ល​ង្ក ដូច្នេះ​ទ្រង់​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ជា​ព្រះមហាក្សត្រ​ថ្មី​ថៃ​ក្រោម​ព្រះ​នាម​ព្រះ​រា​មា​ទី​១០ នា​

ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ថៃ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ទ្រង់​យល់​ស្រប​តាម​សំណើ​របស់​ប្រធាន​សភា​ថៃ​ឡើង​គ្រង​រា​ជប​ល្ល​ង្ក ដូច្នេះ​ទ្រង់​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ជា​ព្រះមហាក្សត្រ​ថ្មី​ថៃ​ក្រោម​ព្រះ​នាម​ព្រះ​រា​មា​ទី​១០ នា​ឱកាស​ពិធី​មួយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ទី​១ ធ្នូ ។

ព្រះមហាក្សត្រ​ថ្មី​ទ្រង់​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន មាន​បន្ទូល​តាម​ទូរទស្សន៍​ក្នុង​ពិធី​នោះ​ថា យោង​តាម​ច្បាប់​ព្រះ​បរមរាជវាំង​និង​រដ្ឋធម្មនុញ្ញ ខ្ញុំ​ព្រម​ទទួលយក​សំណើ​ឡើង​គ្រង​រាជ​ក្លាយជា​ព្រះមហាក្សត្រ​ដោយ​គោរព​តាម​ព្រះរាជ​តម្រិះ របស់​ព្រះមហាក្សត្រ​ដែល​សោយ​ទិ​វ​ង្គ​ដើម្បី​សុខុមាលភាព​របស់​ប្រជាជន​ថៃ​ទាំងមូល ។

បន្ទាប់​ពី​បន្ទូល​នោះ​របស់​ព្រះមហាក្សត្រ​ថ្មី​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ថ្លែង​សង្កថា​មួយ​ដោយ​ប្រកាស​ជា​ផ្លូវការ​ថា «​ពេល​នេះ​យើង​មាន​ព្រះមហាក្សត្រ​ថ្មី​ហើយ»។ ព្រះ​នាម​ផ្លូវការ​របស់​ព្រះមហាក្សត្រ​វ៉ា​ជី​រ៉ា​ឡុ​ង​កន គឺ​«​ព្រះករុណា​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន បូ​ឌី​ន​ដ្រា​ដឺ​បា​យ៉ា​វ៉ា​រ៉ាង​ឃុន​» ។ ពិធី​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នោះ​បង្ហាញ​ថា​​ប្រធាន​សភាជាតិ​ថៃ​លោក PORNPETCH WI CHIT CHOLCHAI នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ប្រធាន​តុលាការ​កំពូល​លោក VEERAPOL TUNGSUWAN និង​ទីប្រឹក្សា​ព្រះមហាក្សត្រ​លោក​ព្រេ​ម​ទី​ន​ស៊ូ​ណា​ណុ​ន ត្រូវ​បាន​ទទួល​ធ្វើ​សវនាការ​ដោយ​ព្រះ​រជ្ជទាយាទ​នៅ​ព្រះ​បរមរាជវាំង​ឌូ​សិត ក្រុង​បាងកក​នា​ថ្ងៃ​ទី​១ ធ្នូ វេលា​ម៉ោង​១៩​និង​១៦​នាទី​ម៉ោង​ក្នុងស្រុក ។ នា​ឱកាស​សវនាការ​នោះ​លោក PORNPETCH បាន​ទូល​ស្នើ​យាង​ព្រះ​អង្គ​ម្ចាស់ ឡើង​គ្រង​រា​ជប​ល្ល​ង្ក​ជា​ផ្លូវការ ។

បន្ទាប់​ពី​ទ្រង់​ទទួលយក​សំណើ​នោះ​ព្រះ​អង្គ​ម្ចាស់​វ៉ា​ជី​រ៉ា​ឡុ​ង​កន ក្លាយជា​ព្រះមហាក្សត្រ រា​មា​ទី​១០ ជា​ស្តេច​ទី​១០​នៃ​រជ្ជកាល​ចក្រី ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៧៨២ ។ ទ្រង់​ឡើង​គ្រង​រាជ​បន្ត​ពី​ព្រះ​បិតា​ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត  ដែល​សោយ​ព្រះ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៣ តុលា ក្នុង​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ។

ការ​ឡើង​គ្រង​រាជ​ជា​ផ្លូវការ​របស់​ព្រះមហាក្សត្រ​ថ្មី​ពុំ​អាច​ប្រព្រឹត្ត​ទៅ​មុន​ពិធី​បូជាព្រះសព​របស់​ព្រះ​បិតា​ទ្រង់​ឡើយ ។ ពិធី​បូជាព្រះសព​នោះ​នឹង​ធ្វើ​នា​ឆ្នាំ​ខាង​មុខ​នេះ ។ ទោះបី​យ៉ាងណា នាយក​រដ្ឋមន្ត្រី​ថៃ លោក​ចាន់​អូ​ចា ប្រកាស​ថា ការ​គ្រង​រាជ​របស់​ព្រះមហាក្សត្រ​ថ្មី ចាប់ផ្តើម​ជា​ផ្លូវការ​តាំងពី​ថ្ងៃ​ទី​១៣ តុលា ២០១៦​មក ។

ប្រសូត​ថ្ងៃ​ទី​២៨ កក្កដា ១៩៥២ នៅ​ក្រុង​បាងកក​ព្រះមហាក្សត្រ​វ៉ា​ជី​រ៉ា​ឡុ​ង​កន មាន​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា​ជា​បុត្រ​ទី​២​ក្នុង​ចំណោម​បុត្រ​ទាំង​៤​អង្គ​របស់​ព្រះមហាក្សត្រ​ភូមី​បុ​​ល អា​ឌុ​ល​យ៉ា​ដេ​ត និង​ព្រះ​មហាក្សត្រី​យា​នី​ស៊ី​រី​គិត​។ ទ្រង់​ជា​បុត្រា​មួយ​អង្គ​គត់​ដែល​នា​ឆ្នាំ​១៩៧២ ពេល​ទ្រង់មាន​ព្រះ​ជន្ម​២០​ព្រះ​វស្សា ត្រូវ​បាន​ព្រះ​បិតា​ជ្រើសតាំង​ជា​ព្រះ​រជ្ជ​ទាយាទ។ ទ្រង់​ចាប់ផ្តើម​សិក្សា​បឋម​សិក្សា​ក្នុង​ឆ្នាំ​១៩៥៦ ហើយ​បន្ទាប់​មក​ទៅ​កាន់​ប្រទេស​អង់គ្លេស និង​អូស្ត្រាលី ដើម្បី​បន្ត​ការ​សិក្សា​នៅ​ទីនោះ មុន​ពេល​ទទួល​ការ​បណ្តុះ​បណ្តាល​ខាង​យោធា​នៅ​ប្រទេស​អូ​ទ្រី​ស​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ យោង​តាម​ព្រះរាជ​ជីវប្រវត្តិ​ព្រះមហាក្សត្រ​ថ្មី​ថៃ​ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ប្រដេញ​ដែល​មាន​ទេព​កោសល្យ ។ ទ្រង់​កាន់​តំណែង​ជាន់ខ្ពស់​ជា​ច្រើន​ក្នុង​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស​ថៃ ៕